កីឡា
តើកម្ពុជា ស្គាល់រសជាតិពានអន្តរជាតិដំបូងទេ ពេលប៉ះឥណ្ឌូណេស៊ី ថ្ងៃស្អែក?
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជានឹងប្រកួតជាមួយ ក្រុមនារីឥណ្ឌូណេស៊ី វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ASEAN Wome’s Cup វេលាម៉ោង៧:៣០នាទីយប់ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នៅប្រទេសឡាវ។

នេះជាប្រវត្តិសាស្ត្រដំបូងសម្រាប់ក្រុមទាំងពីរបានឈានដល់វគ្គផ្តាច់ព្រ័ត្រ។ ក្រុមទទួលបានជ័យជម្នះនឹងស្គាល់រសជាតិពានរង្វាន់អន្តរជាតិដំបូង។ ជាពិសេស វិស័យបាល់ទាត់កម្ពុជាមិនធ្លាប់ទទួលបានពានរង្វាន់ ឬមេដាយអន្តរជាតិឡើយទាំងបុរស និងនារី ចាប់តាំងពីក្រោយសម័យសង្គ្រាមមក។
ក្រុមនារីកម្ពុជាស្ថិតក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក ឃួន ឡាប៊ូរ៉ាវី បានជ្រើសរើសកីឡាការិនីស្ទើរទាំងស្រុងចេញពីក្រុមលេងក្នុងលីគបាល់ទាត់នារីកម្ពុជា ប៉ុន្តែក៏មានកីឡាការិនីខ្មែរ-កាណាដាម្នាក់មកពីក្រៅប្រទេសគឺ ឈីវ សាលីណា។
ចំណែក ក្រុមនារីឥណ្ឌូណេស៊ី បានរៀបចំខ្លួនយ៉ាងល្អសម្រាប់ការប្រកួតក្នុងពានរង្វាន់ ASEAN Wome’s Cup នេះ។ ពួកគេមិនត្រឹមតែជ្រើសរើសកីឡាការិនីល្អៗនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែជ្រើសរើសកីឡាការិនីមកពីក្រៅប្រទេសរហូតដល់៥នាក់។

សមាជិកឥណ្ឌូណេស៊ីដែលកោះហៅមកពីក្រៅប្រទេសគឺ ខ្សែការពារ Noa Leatomu អាយុ២១ឆ្នាំ លេងនៅក្លិប Alemannia Aachen ប្រទេសអាល្លឺម៉ង់។ ខ្សែបម្រើ Katarina Stalin អាយុ១៥ឆ្នាំ លេងនៅក្លិប Sporting Blue Valley សហរដ្ឋអាមេរិក។ ខ្សែបម្រើ Estella Loupatty អាយុ២១ឆ្នាំ លេងនៅក្លិប AFC Vrouwen ប្រទេសហូឡង់ និងខ្សែប្រយុទ្ធ Claudia Scheunemann អាយុ១៥ឆ្នាំ លេងនៅក្លិប Hamburger SV ប្រទេសអាល្លឺម៉ង់ និងខ្សែប្រយុទ្ធ Sydney Hopper អាយុ១៧ឆ្នាំ លេងនៅក្លិប Tulsa SC សហរដ្ឋអាមេរិក។
កីឡាការិនី Claudia Scheunemann អាយុទើប១៥ឆ្នាំជាកម្លាំងដ៏សំខាន់របស់ឥណ្ឌូណេស៊ី។ កីឡាការិនីរូបនេះរកបាន២គ្រាប់ហើយក្នុងព្រឹត្តិការណ៍នេះគឺរកបាន១គ្រាប់នៅពេលឈ្នះ ម៉ាឡេស៊ី ១-០ នៅវគ្គសន្សំពិន្ទុក្នុងពូល និង១គ្រាប់ទៀតនៅពេលឈ្នះ សិង្ហបុរី ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

ថ្វីត្បិតអាយុទើប១៧ឆ្នាំ Claudia រកបាន១៣គ្រាប់ឲ្យជម្រើសជាតិនារីឥណ្ឌូណេស៊ីគឺ១គ្រាប់នៅក្រុម U17, ៦គ្រាប់នៅ U20 និង ៦គ្រាប់នៅក្រុមធំ។ កីឡាការិនីរូបនេះធ្លាប់ស៊ុតចូលកម្ពុជា១គ្រាប់ក្នុងការប្រកួត AFF U19 Women’s Championship កាលពីឆ្នាំ២០២៣។
សម្រាប់កម្ពុជាវិញ កីឡាការិនី ពឿន គន្ធា ដែលលេងក្នុងតំណែងបម្រើការពារកំពុងក្លាយជាកីឡាការិនីរកបានគ្រាប់បាល់ច្រើនជាងគេក្នុងពានរង្វាន់ ASEAN Wome’s Cup គឺរកបាន១គ្រាប់នៅពេលកម្ពុជា ឈ្នះ ម៉ាឡេស៊ី ២-០ វគ្គសន្សំពិន្ទុក្នុងពូល និង២គ្រាប់ទៀតរកបាននៅពេលកម្ពុជាឈ្នះ ទីម័រខាងកើត ៣-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ គ្រាប់បាល់សរុបសម្រាប់ក្រុមជម្រើសជាតិកម្ពុជា គឺ ពឿន គន្ធា រកបាន៧គ្រាប់ហើយក្នុងនោះ១គ្រាប់នៅ U14។

កីឡាការិនី Claudia Scheunemann (២គ្រាប់) កំពុងជាបេក្ខភាពប្រជែងស្បែកជើងមាសជាមួយកីឡាការិនី ពឿន គន្ធា (៣គ្រាប់)។
ប្រវត្តិជួបគ្នា២លើកកន្លងមក ក្រុមនារីកម្ពុជាមិនធ្លាប់ឈ្នះក្រុមនារីឥណ្ឌូណេស៊ីឡើយ។ ជួបគ្នាលើកទី១ កម្ពុជា ចាញ់ ៤-០ ក្នុងពានរង្វាន់ AFF Women’s Championship កាលពីឆ្នាំ២០១៩ និងលើកទី២ស្មើគ្នា ០-០ ក្នុងពានរង្វាន់ ASEAN Wome’s Cup ឆ្នាំ២០២៤នេះ។

ទោះបីជាយ៉ាងណា បើផ្អែកលើទម្រង់លេងដែលលទ្ធផលស្មើគ្នាចុងក្រោយគឺ ក្រុមនារីកម្ពុជាហាក់ល្អប្រសើរជាងទាំងការគ្រប់គ្រងបាល់ និងឱកាសស៊ុតមុខទេ ប៉ុន្តែគ្មានសំណាងរកបានគ្រាប់បាល់ទម្លាយសំណាញ់ទីឥណ្ឌូណេស៊ី ដូច្នេះការជួបគ្នាលើកទី៣ វគ្គផ្តាច់ព្រ័ត្រដណ្តើមលេខ១ ពានរង្វាន់ ASEAN Wome’s Cup គឺជាឱកាសល្អសម្រាប់ក្រុមនារីកម្ពុជា។
សូមបញ្ជាក់ថា ក្រុមលេខ១ លេខ២ និងលេខ៣ ក្នុងពានរង្វាន់ ASEAN Wome’s Cup ឆ្នាំ២០២៤នេះទទួលបានកៅអីឡើងទៅកាន់ពានរង្វាន់កម្រិតទី១ ASEAN Women’s Championship ឆ្នាំ២០២៥។ ពេលនេះ កម្ពុជា និងឥណ្ឌូណេស៊ី បានកក់កៅរួច ហើយ ខណៈ ទីម័រខាងកើត និង សិង្ហបុរី ត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា