កីឡា
អ្នកគ្រូវិទ្យាល័យ យ៉ាន់ សុជី កំពុងអភិវឌ្ឍខ្លួនក្លាយជាគ្រូបង្ហាត់កីឡារត់ដ៏ជោគជ័យ
អ្នកគ្រូ យ៉ាន់ សុជី ដែលបង្រៀនមុខវិជ្ជា«ភាសាខ្មែរ និងអង់គ្លេស»នៅវិទ្យាល័យ ហ៊ុនសែន បូរី១០០ខ្នង ក្នុងរាជធានីភ្នំពេញ បានកំពុងអភិវឌ្ឍខ្លួនក្លាយជាគ្រូបង្ហាត់កីឡាអត្តពលកម្មដែលមានកូនសិស្សជាង២០នាក់កំពុងហ្វឹកហាត់ជាមួយ។
ជាកូនច្បងក្នុងចំណោមបងប្អូន៣នាក់ យ៉ាន់ សុជី បានបញ្ចប់ការសិក្សាកម្រិតបឋម នៅសាលាបឋមសិក្សាអនុវត្ត រាជធានីភ្នំពេញ មុនពេលបន្តការសិក្សានៅអនុវិទ្យាល័យអូរបែកក្អម និងចប់សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យ ជា ស៊ីម សាមគ្គី។
ក្រោយមក យ៉ាន់ សុជី បានប្រឡងជាប់គ្រូកម្រិតមូលដ្ឋាន នៅវិទ្យាស្ថានគរុកោសក្យ រាជធានីភ្នំពេញ។ ទន្ទឹមជាមួយគ្នានេះ អ្នកគ្រូបញ្ចប់ការសិក្សាថ្នាក់បរិញ្ញបត្រ លើជំនាញអក្សរសាស្ត្រអង់គ្លេស ផ្នែកអប់រំ នៅសាកលវិទ្យាល័យអាស៊ី អឺរ៉ុប ព្រមទាំងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) លើមុខជំនាញ«អប់រំវិជ្ជាជីវៈនាយកសាលាមធ្យមសិក្សាទុតិយភូមិ» នៅវិទ្យាស្ថានជាតិអប់រំ។
វិថីលើកីឡារត់
ដំបូងឡើយ អ្នកគ្រូ យ៉ាន់ សុជី បានហ្វឹកហាត់កីឡារត់ដើម្បីសុខភាព និងកាត់បន្ថយភាពតានតឹង។ ទោះបីជាយ៉ាងណា ការហ្វឹកហាត់កីឡារត់ពីមួយថ្ងៃទៅមួយថ្ងៃបានធ្វើឲ្យអ្នកគ្រូកាន់តែមានអារម្មណ៍ចូលចិត្ត។
អ្នកគ្រូបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា ៖«ពីដំបូង ខ្ញុំហាត់គ្រាន់តែជាការកម្សាន្ត ដើម្បីសុខភាព និងបន្ថយភាពតានតឹង តែយូរៗទៅកាន់តែចូលចិត្ត។ ខ្ញុំក៏ប្រឹងហ្វឹកហាត់ខ្លាំងឡើយ។ ពេលមួយ ខ្ញុំបានចុះឈ្មោះចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ចម្ងាយ១០គីឡូម៉ែត្រ។ ពេលនោះ ខ្ញុំអត់មានមិត្តលេងកីឡារត់ ពេលចូលរួមខ្ញុំឃើញគេរត់លឿន គេទទួលបានមេដាយមាស ប្រាក់ សំរិទ្ធ។ ខ្ញុំក៏ឆ្ងល់ថា ម៉េចបានគេរត់លឿន អត់ហត់? ហេតុអីខ្ញុំហាត់រត់រាល់ថ្ងៃលើម៉ាស៊ីតរត់រាល់ថ្ងៃ ម៉េចបានខ្ញុំរត់ចាញ់គេ»។
«ខ្ញុំក៏បានសួរអ្នកទទួលបានមេដាយមាស។ គាត់ប្រាប់ថា គេហ្វឹកហាត់រត់ ទើបខ្ញុំសុំហាត់ជាមួយ។ ការហ្វឹកហាត់ចេះតែរីកចម្រើន និងទទួលបានលទ្ធផលល្អ រហូតចូលរួមប្រកួតកីឡាថ្នាក់ជាតិ ដូចជា ការប្រកួតជើងឯកថ្នាក់ជាតិ និងព្រឹត្តិការណ៍រត់ផ្សេងៗ»។
បញ្ហាប្រឈមក្នុងការហ្វឹកហាត់
ការចាប់យកកីឡារត់មិនមែនជាការងាយស្រួលនោះទេ។ អ្នកគ្រូជួបការលំបាកជាច្រើនដោយគ្រួសារមិនគាំទ្រ ខ្វះខាតហិរញ្ញវត្ថុ និងមិនមានពេលវេលាគ្រប់គ្រាន់ ដោយសារជាប់ការងារជាគ្រូបង្រៀនរដ្ឋ។
អ្នកគ្រូ យ៉ាន់ សុជី បានឲ្យដឹងថា ៖«ឲ្យតែមានពេលទំនេរ ខ្ញុំចេញទៅហ្វឹកហាត់ ទោះមិនមានការគាំទ្រពីក្រុមគ្រួសារ។ ខ្ញុំចេញទៅហ្វឹកហាត់ម្នាក់ឯង អត់មានពេលហាត់ជាមួយក្រុម។ ម្យ៉ាងទៀត ខ្ញុំត្រូវសន្សំលុយទិញស្បែកជើង ពីព្រោះសម្ភារៈកីឡារត់មានតម្លៃថ្លៃ។ ពេលខ្លះ ខ្ញុំអត់បានទៅហាត់ទៀងទាត់ទេ ដោយសារជាប់ការងាររដ្ឋ ហើយជាញឹកញាប់ខ្ញុំធ្វើកិច្ចការរដ្ឋបាលដល់យប់ជ្រៅ»។
ទោះបីជាយ៉ាងណា ការខិតខំប្រឹងប្រែង ការតស៊ូ ទាំងការងាររដ្ឋ និងកីឡាបានផ្តល់ឲ្យ អ្នកគ្រូ យ៉ាន់ សុជី ទទួលបានលទ្ធផលល្អជាលំដាប់។ នាពេលដ៏ខ្លីខាងមុខនេះ អ្នកគ្រូត្រៀមទទួលមេដាយមាសក្នុងនាមជាទីប្រឹក្សាយុវជនកាកបាទក្រហម និងទទួលមេដាយសំរិទ្ធិការបំពេញការងារមន្ត្រីអប់រំ។
ការបង្ហាត់កីឡារត់
អ្នកគ្រូ យ៉ាន់ សុជី បានកំពុងធ្វើជាគ្រូបង្ហាត់រត់ផ្ទាល់ខ្លួនដល់អ្នកដែលហ្វឹកហាត់រត់ដើម្បីសុភាព និងក្លាយជាអ្នករត់អាជីព។ សព្វថ្ងៃ អ្នកគ្រូមានសិស្សទាំងប្រុស និងស្រីជាង២០នាក់កំពុងហ្វឹកហាត់ជាមួយ។ កូនសិស្សជាច្រើនបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍រត់ប្រណាំងផ្សេងៗជាច្រើនដូចជា ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេះ ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត និងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិព្រះសីហនុជាដើម។
អ្នកគ្រូបានប្រាប់ថា ៖«ខ្ញុំបង្ហាត់រត់តាំងពីដើមឆ្នាំ២០២៤។ ឪពុកម្តាយរបស់សិស្សឃើញខ្ញុំហ្វឹកហាត់ខ្លួនមានភាពអំណត់ ទឹកចិត្តមុតមាំ និងរួសរាក់ទាក់ ពួកគាត់ក៏ចង់ខ្ញុំបង្ហាត់កូនៗរបស់ពួកគាត់។ ដើមឡើយ ខ្ញុំអត់យកលុយពីពួកគាត់ទេ តែឪពុកម្តាយសិស្សចង់ឲ្យបង្ហាត់ទៀងទាត់ ហើយក៏ផ្តល់ឲ្យខ្ញុំជាប្រាក់ខែទៀងទាត់។ បន្ទាប់ពីហាត់បានប្រមាណ៥ខែ កូនសិស្សម្នាក់ទទួលបានលេខ១ក្នុងការប្រកួតរត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ កាលពីខែមិថុនា»។
សមិទ្ធផលដែលកូនសិស្សទទួលបានចំណាត់ថ្នាក់លេខ១នោះហើយបានបើកទ្វារកាន់ធំដល់អាណាព្យាបាលដទៃទៀតឲ្យចាប់អារម្មណ៍ និងនាំកូនៗឲ្យទៅហ្វឹកហាត់ជាមួយអ្នកគ្រូ។ អ្នកគ្រូ យ៉ាន់ សុជី បានបញ្ជាក់ថា ៖«ការបង្ហាត់ក្មេង មិនមែនចេះតែបង្ហាត់ម្យ៉ាងនោះទេគឺ យើងត្រូវតែចេះបត់បែនទៅអារម្មណ៍របស់ក្មេង ចេះបង្កើតបរិយាកាសឲ្យក្មេងមានអារម្មណ៍ល្អ ចូលចិត្តកីឡារត់។ ជាពិសេសបណ្តុះស្មារតីគាត់ឲ្យមុតមាំ ពីព្រោះមិនមែនត្រឹមតែការហ្វឹកហាត់រាងកាយប៉ុណ្ណោះទេ គឺស្មារតី»។
អ្នកគ្រូបន្ថែមថា ៖«ការបង្ហាត់រត់គឺគ្រាន់តែការងារបន្ថែមលើការងាររដ្ឋរបស់ខ្ញុំ តែបានក្លាយជាការងារដ៏មមាញឹកសម្រាប់ខ្ញុំសព្វថ្ងៃ។ ខ្ញុំពិតជាសប្បាយរីករាយដែលឃើញយុវជនកាន់តែច្រើនចូលហ្វឹកហាត់កីឡារត់»។
សមិទ្ធផល
ក្នុងនាមជាអ្នករត់មិនមែនអាជីព ក៏អ្នកគ្រូ យ៉ាន់ សុជី តែងតែចូលរួមរត់ក្នុងព្រឹត្តិការណ៍ធំៗជាច្រើន និងទទួលបានសមិទ្ធផលល្អជាបន្តបន្ទាប់។ អ្នកគ្រូទទួលបានមេដាយសំរិទ្ធ លើវិញ្ញាសានារី ១០០០០០ម៉ែត្រ ក្នុងការប្រកួតកីឡាជាតិ ឆ្នាំ២០២៤, ទទួលបានមេដាយមាស លើវិញ្ញាសានារី ១០០០០០ម៉ែត្រ ក្នុងកម្មវិធីរត់ដើម្បីអបអរ ទិវាសិទ្ធិនារី ៨ មិនា ឆ្នាំ២០២៤។ មេដាយមាស លើវិញ្ញាសានារី ៥០០០ម៉ែត្រ ក្នុងកម្មវិធី Run for Better Life, មេដាយប្រាក់ លើវិញ្ញាសានារី ៥០០០ម៉ែត្រ ក្នុងទិវារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ ឆ្នាំ២០២៤, មេដាយសំរិទ្ធ លើវិញ្ញាសានារី ៥០០០ម៉ែត្រ ក្នុងកម្មវិធីរត់អបអរទិវាក្មេងស្ត្រីអន្តរជាតិ, មេដាយសំរិទ្ធ លើវិញ្ញាសានារី ៣០០០ម៉ែត្រ ក្នុងកម្មវិធីរត់អបអរទិវាសង្រ្គោះបឋម របស់កាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ ព្រមទាំងមេដាយជាច្រើនទៀត។
ទស្សនៈស្ត្រីក្នុងវិស័យកីឡា
អ្នកគ្រូ យ៉ាន់ សុជី បានលើកឡើងថា គាំទ្រស្ត្រីគ្រប់រូបលេងកីឡា ដើម្បីកសាងផ្លូវចិត្តមុះមុតក្នុងការធ្វើកិច្ចការងារប្រចាំថ្ងៃប្រកបដោយប្រសិទ្ធភាព និងយកឈ្នះបញ្ហាប្រឈមនានាក្នុងសង្គម និងជៀសផុតពីបញ្ហាផ្លូវចិត្ត។
ស្រ្តីគ្រប់រូបដែលលេងកីឡាជាស្រ្តីមានសមត្ថភាពគ្រប់គ្រាន់ក្នុងការគ្រប់គ្រង និងដឹកនាំគ្រួសារ ក៏ដូចជាអាជីពការងារប្រកបដោយភាពវិជ្ជមាន និងភាពឆ្លាតវៃ។ នៅពេលប្រទេសជាតិមួយមានចំនួនស្ត្រីខ្លាំងច្រើន ប្រទេសជាតិមួយនោះ នឹងរីកចម្រើនលើសពីការស្មាន។
គោលដៅអនាគត
អ្នកគ្រូភាសាខ្មែរ និងអង់គ្លេស នៅតែមានបំណងចង់ចូលរួមប្រកួតកីឡា ស៊ីហ្គេម យ៉ាងហោចណាស់ ឲ្យបានម្តងក្នុងជីវិត។ ទន្ទឹមជាមួយគ្នានេះ អ្នកគ្រូកំណត់គោលដៅយកសញ្ញាបត្រគ្រូបង្វឹកកីឡា និងអភិវឌ្ឍខ្លួនឲ្យក្លាយជាគ្រូបង្វឹកអាជីពនិងល្បីឈ្មោះម្នាក់។ ជាពិសេស អ្នកចង់ក្លាយជាផ្នែកមួយនៃការកសាងធនធានមនុស្សពោលពេញដោយចំណេះ ជំនាញ និងមានសមត្ថភាពក្នុងការបំពេញការងារ៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់