កីឡា
កម្ពុជា ចាប់ដៃ ឡាវ និង វៀតណាម រៀបចំរត់ម៉ារ៉ាតុងឥណ្ឌូចិនដើម្បីជំរុញវិស័យទេសចរណ៍
គណៈកម្មការរៀបចំកីឡាម៉ារ៉ាតុងកម្ពុជានៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានសហការជាមួយប្រទេសឡាវ និង វៀតណាម ដើម្បីរៀបចំព្រឹត្តិការណ៍«រត់ម៉ារ៉ាតុងពេញអន្តរជាតិឥណ្ឌូចិន-អង្គរវត្ត (Angkor Wat Indochine International Marathon)» នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្នុងគោលបំណងជំរុញវិស័យទេសចរណ៍ឲ្យកាន់តែផុសលផុលខ្លាំងឡើង។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានថ្លែងថា បច្ចុប្បន្ន ទិវារត់ប្រណាំងត្រូវបានរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ខ្ពស់។ ជាពិសេសសម្តេចមហាបរវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានជំរុញការអភិវឌ្ឍវិស័យកីឡាទេចរណ៍ ពីព្រោះវិស័យកីឡាទេសចរណ៍បានជួយដល់សេដ្ឋកិច្ចជាតិ។
លោក វ៉ាត់ ចំរើន បានបន្តថា ៖«ឆ្នាំនេះរាជរដ្ឋាភិបាលបានដាក់ទិសដៅថា រាល់ព្រឹត្តិការណ៍អន្តរជាតិធំៗ សុំឲ្យរុញទៅរៀបចំនៅអង្គរវត្ត។ ដូច្នេះការផ្តល់អនុសាសន៍ណែនាំរបស់រាជរដ្ឋាភិបាល របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺយើងរុញព្រឹត្តិការណ៍កីឡាអន្តរជាតិទាំងអស់ទៅខេត្តសៀមរាបក្នុងឆ្នាំនេះ។ ពីព្រោះជាឆ្នាំចក្ខុវិស័យរបស់រាជរដ្ឋាភិបាលផ្តោតទៅលើការទាក់ទាញភ្ញៀវទេសចរឲ្យកើនឡើងវិញ ក្រោយពីវិបត្តិកូវីដ-១៩។ អីចឹងនៅសៀមរាបក្នុងរយៈពេលប៉ុន្មានខែនេះមានព្រឹត្តិការណ៍ជាប់រហូត»។
តាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការរៀបចំការប្រកួតម៉ារ៉ាតុងអន្តរជាតិឥណ្ឌូចិនគឺរំពឹងទទួលបានអ្នកចូលរួមប្រមាណ៩០០០នាក់មកពីជុំវិញពិភពលោក។ ជាពិសេសផ្លូវរត់ត្រូវបានកំណត់ស្តង់ដា AAA ឆ្លងកាត់តំបន់បុព្វបុរសខ្មែរបុរាណនានាដូចជាតំបន់ប្រាសាទអង្គរវត្ត អង្គរធំ តាព្រហ្ម និងតំបន់ប្រាសាទជាច្រើនដើម។ វានឹងក្លាយជាព្រឹត្តិការណ៍រត់ដ៏អស្ចារ្យប្រមូលផ្តុំដោយអត្តពលិកអាជីព និងស្ម័គចិត្តមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាម ព្រមទាំងមកពីបណ្តាប្រទេសផ្សេងៗ។
ជាពិសេស កីឡាករ កីឡាការិនីនឹងប្រជែងយកចំណាត់ថ្នាក់ដើម្បីទទួលបានប្រាក់រង្វាន់ធំរហូតដល់១៥០ ០០០ដុល្លារអាមេរិក។ ទោះបីជាយ៉ាងណា គណៈកម្មការរៀបចំការប្រកួតមិនបានបញ្ជាក់ច្បាស់ថា តើជ័យលាភីមេដាយមាស ប្រាក់ និងសំរិទ្ធ នៃវិញ្ញាសានីមួយៗទទួលបានប្រាក់រង្វាន់ប៉ុន្មាននោះទេ។
ព្រឹត្តិការណ៍«រត់ម៉ារ៉ាតុងពេញអន្តរជាតិឥណ្ឌូចិន-អង្គរវត្ត» ត្រូវបានកំណត់ការប្រកួតជាពីរកម្រិតគឺការប្រកួតកម្រិតអាជីព និងកម្រិតមិនអាជីព។ វិញ្ញាសាមាន៤គឺ ចម្ងាយ៤២គីឡូម៉ែត្រ ចម្ងាយ២១គីឡូម៉ែត្រ ចម្ងាយ១០គីឡូម៉ែត្រ និងចម្ងាយ៥គីឡូម៉ែត្រ។
នេះជាព្រឹត្តិការណ៍រត់ម៉ារ៉ាតុងពេញអន្តរជាតិទី២ ដែលរៀបចំប្រចាំឆ្នាំនៅកម្ពុជា បន្ទាប់ពីរត់ម៉ារ៉ាតុងពេញអន្តរជាតិ ទី១ដែលរៀបចំក្នុងខែសីហា។ ក្រៅពីនោះគឺព្រឹត្តិការណ៍រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិដែលមានវិញ្ញាសាឆ្ងាយបំផុតត្រឹមតែ២១គីឡូម៉ែត្រដូចជា រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិអង្គរវត្ត ដើមខែធ្នូ រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិភ្នំពេញ រៀបចំក្នុងខែមុថិនា និង រត់ពាក់កណ្តាលម៉ារ៉ាតុងអន្តរជាតិព្រះសីហនុ រៀបចំដើមឆ្នាំ។
ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងពេញអន្តរជាតិឥណ្ឌូចិន-អង្គរវត្ត ទើបតែរៀបចំលើកទី១នៅកម្ពុជាគឺថ្ងៃទី២២ ខែធ្នូ ប៉ុន្តែបានរៀបចំនៅក្រៅប្រទេសដូចជា នៅប្រទេសឡាវ កាលពីថ្ងៃទី៣ ខែវិច្ឆិកា និងនៅប្រទេសវៀតណាម កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ