Connect with us

កីឡា

សមិទ្ធផល​ធំ​ៗ របស់ ​អេ អាំម៉ារីនភូថង សម្រេច​បាន​ទាំង​វ័យ​ក្មេង

បានផុស

នៅ

អេ អាំម៉ារីនភូថង កូន​ប្រុស​បង្កើត​​របស់​លោក​គ្រូ អេ អាំម៉ារីនភូថង និង​អ្នក​ស្រី សាំង សុម៉ាលី កំពុង​ទទួល​បាន​ជោគជ័យក្នុង​អាជីព​ប្រដាល់​ទាំង​វ័យ​ក្មេង បន្ទាប់​ពី​បាន​ប្រឡូក​ក្នុង​អាជីព​ឈឺ​ខ្លួន​មួយ​នេះ​ប្រមាណ​៧​​ឆ្នាំ​កន្លង​ទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អេ អាំម៉ារីនភូថង បាន​ចាប់​ផ្តើម​ឡើង​សង្វៀន​តាំង​ពី​អាយុ​១២​ឆ្នាំ​តាម​រយៈ​ឪពុក​ជា​​គ្រូ​បង្វឹក និង​បង​ប្រុស បង​ស្រី​ជា​អ្នក​ប្រដាល់​ស្រាប់។ ដោយ​មាន​​អំណោយ​ផល​ផ្នែក​ខាង​កាយ​សម្បទា​បាន​ធ្វើឲ្យរូប​គេ​ទទួល​បាន​ជោគជ័យ​យ៉ាង​ឆាប់​រហ័ស​ទាំង​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស។

តាម​ព័ត៌មាន​ផ្លូវ​ការ​ដែល​បាន​ប្រកាស​តាម​រយៈ​ការ​ឡើង​សង្វៀន​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៤ អេ អាំម៉ារីនភូថង ទើប​អាយុ​១៩​ឆ្នាំ កម្ពស់​១.៨៥​ម៉ែត្រ ប៉ុន្តែ​​ធ្លង​កាត់​ការ​ឡើង​សង្វៀន​​ចំនួន​៧៣​ដង ក្នុង​នោះ​ឈ្នះ​៦៤​ដង ស្មើ២​ដង និង​ចាញ់​៥​ដង។ អ្វី​ដែល​គួរ​ឲ្យ​កត់​សំគាល់​គឺ​រូប​គេ​ធ្លាប់​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​​៤០​ដង។ សមិទ្ធផល​ធំ​ៗ​ជា​ច្រើន​ដែល​រូប​គេ​សម្រេច​បាន​ទាំង​វ័យ​ក្មេង​មាន​ដូច​ជា ឈ្នះ​ខ្សែ​ក្រវាត់​នៅ​សង្វៀន​ហង្សមាស កាល​ពី​​ឆ្នាំ​២០២១ ទទួល​បាន​ប្រាក់​រង្វាន់​៤០​លាន​រៀល បន្ទាប់​ពី​ឈ្នះ​រៀម​ច្បង ម៉ន សាម៉េត នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ។

រង្វាន់​ដ៏​អស្ចារ្យ​ដែល​អាច​ចាត់​ទុក​​ជោគជ័យ​ជាង​បង​​បង្កើត​របស់​ខ្លួន​ទៀត​នោះ​គឺ អេ អាំម៉ារីនភូថង​ ទទួល​ខ្សែ​ក្រវាត់​ និង​​រង្វាន់​រថយន្ត​ថ្មី​សន្លាង​១​គ្រឿង កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​ផ្តួល​កីឡាករអូស្ត្រាលី Clinton Corke ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៥។

ក្រៅ​ពី​ខ្សែ​ក្រវាត់ និង​រង្វាន់​ធំ​ខាង​លើ ​អេ អាំម៉ារីនភូថង ទទួល​បាន​ខ្សែ​ក្រវាត់​​ជា​ច្រើន​ទៀត។ នៅ​ខែ​មេសា ឆ្នាំ​២០២៤ រូប​គេ​បាន​ឈ្នះ​ខ្សែ​ក្រវាត់គុន​ខ្មែរ​អន្តរជាតិ​ បន្ទាប់​ពី​ឈ្នះ​កីឡាកររុស្ស៊ី Ovanes Nagabedyan ក្នុង​ទឹក​ទី​១។ រូប​គេ​សង​សឹក​បាន​សម្រេច​លើ​មិត្ត​រួម​ជាតិ​ ឡុង សំណាង ដើម្បី​ទទួល​បាន​ខ្សែ​ក្រវាត់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ក្នុង​ខែ​ឧសភា ឆ្នាំ​២០២៤ នៅ​ចំពោះ​មុខ​កំពូល​អ្នក​ប្រដាល់​ហ្វីលីពីន Manny Pacquiao។ នៅ​ពេល​នោះ រូប​គេ​ទទួល​បាន​ប្រាក់​រង្វាន់​២០លាន​រៀល។

នៅខែ​វិច្ឆិកា ឆ្នាំ​២០២៤ អេ អាំម៉ារីនភូថង បាន​ឈ្នះ​ខ្សែ​ក្រវាត់គុន​ខ្មែរ​មួយ​ខ្សែ​​ទៀត​ បន្ទាប់​ពី​ឈ្នះ​​កីឡាករអ៊ុយក្រែន Savelit Dorgavtsev និង​​ចុង​ក្រោយ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៤ រូប​គេ​បាន​ឈ្នះ​កីឡាករ Andrew Michael នៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​​ទទួល​បាន​ខ្សែ​ក្រវាត់​សហព័ន្ធ​គុន​ខ្មែរ។ តាម​រយៈ​ការ​ឈ្នះ​ខ្សែ​ក្រវាត់​នេះ រូប​គេ​ក៏​ទទួល​បាន​ប្រាក់​រង្វាន់​ជា​ច្រើន​ដែរ។

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​សម្រាប់​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស អេ អាំម៉ារីនភូថង​ កម្រ​ចាញ់​ណាស់។ រូប​គេ​បាន​ផ្តួល​កីឡាករ​ថៃ​ Dansiam Weerasakreck ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣​នៅ​​ប្រទេស​ជប៉ុន​កាល​ពី​ខែ​សីហា។ រូប​គេ​​បាន​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​អូស្ត្រាលី​២​លើក​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​ម្ចាស់​ផ្ទះ​ទាំង​ពីរ​លើក។ រូប​គេ​បាន​ប្រកួត​​ស្មើ​កីឡាករ​កូន​កាត់​ថៃ Nabil នៅ​ប្រទេស​ថៃ និង​មាន​ការ​ប្រកួត​នៅ​ប្រទេស​ថៃ​ជា​ច្រើន។

តាម​រយៈ​កេរ្តិ៍​ឈ្មោះ​ល្បី​រន្ទឺរ​ទូទាំង​ប្រទេស អេ អាំម៉ារីនភូថង ទទួល​បាន​ឱកាស​​​ថត​ផ្សាយ​ពាណិជ្ជកម្ម​ឲ្យ​ម៉ូតូ Honda Dream ស៊េរី​ថ្មីជា​មួយ​តារា​សម្តែង​ដ៏​ស្រស់​ស្អាត មាន សូនីតា។ អំណោយ​ផល​ខាង​កាយ​សម្បទា និង​អាយុ​ទើប​១៩​ឆ្នាំ កីឡាករ​វ័យ​ក្មេង​រូប​នេះ​នៅ​មាន​ពេលវេលា​វែង​ឆ្ងាយ​ក្នុង​ការ​បង្កើន​ភាព​ជោគជ័យ​បន្ថែម​ទៀត៕

អត្ថបទ​៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បទល្មើសចោរកម្ម
សន្តិសុខសង្គម២២ ម៉ោង មុន

ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់

ព័ត៌មានជាតិ២០ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានជាតិ២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

Sokha Hotels

ព័ត៌មានពេញនិយម