កីឡា
លោក សរ សិទ្ធិ ទទូចឲ្យកីឡាករអត់ធ្មត់ខ្ពស់ក្នុងពានក្រសួងមហាផ្ទៃ ដើម្បីជាគំរូមន្ត្រីអនុវត្តច្បាប់
លោក សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាក្រសួងមហាផ្ទៃ បានទទួចឲ្យកីឡាករទាំងអស់មានការអត់ធ្មត់ខ្ពស់ជាទីបំផុត និងស្រឡាញ់សាមគ្គីគ្នាដើម្បីជាគំរូដល់សង្គមក្នុងនាមជាមន្ត្រីអនុវត្តច្បាប់នៅពេលចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី២ ឆ្នាំ២០២៥។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការប្រកួតបាល់ទាត់មិត្តភាពពានរង្វាន់«ក្រសួងមហាផ្ទៃ»លើកទី២ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ លោក សរ សិទ្ធិ រដ្ឋលេខាធិការទទួលការងារអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាក្រសួងមហាផ្ទៃ បានថ្លែងសង្កត់ធ្ងន់ថា គោលដៅចម្បងនៃការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់នេះគឺដើម្បីសាមគ្គីភាព មិត្តភាព សុខភាព ចេះស្រឡាញ់គ្នា អនុគ្រោះគ្នា និងជាគំរូល្អដល់សង្គមក្នុងចលនាបំផុសសកម្មភាពលេងកីឡា។
លោក សរ សិទ្ធិ បានថ្លែងថា ៖«ខ្ញុំសូមអរគុណដល់អគ្គនាយកដ្ឋានទាំងអស់ដែលបានខិតខំប្រឹងប្រែងបង្កើតឲ្យមានក្រុមចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ ក្នុងស្មារតីកីឡាដើម្បីសុខភាព សាមគ្គីភាព មិត្តភាព ទោះបីជាអង្គភាពនីមួយៗមានភាពមមាញឹកក្នុងភារកិច្ចស្នូលរបស់ខ្លួនយ៉ាងណាក្តី»។

«ខ្ញុំសំណូមពរឲ្យបងប្អូនកីឡាករយើងទាំងអស់ សូមអង្វរទទូច សូមលេងដោយមិត្តភាព កុំលេងដោយកំហឹង។ សូមលេងដោយស្មារតីស្រឡាញ់គ្នា និងសាមគ្គីភាពក្នុងនាមយើងជាមន្ត្រីអនុវត្តច្បាប់ដើម្បីបង្ហាញឲ្យមហាជនឃើញថា យើងជាមន្ត្រីអនុវត្តច្បាប់គឺយើងមានសាមគ្គីល្អ»។
លោកបានបន្តថា ៖«បើយើងលេង ឈ្លោះគ្នា តើអ្នកមើលវាយតម្លៃយើងយ៉ាងដូចម្តេច? អីចឹងគេថា មន្ត្រីអនុវត្តច្បាប់ គ្រាន់តែលេងបាល់ទាត់ក៏ឈ្លោះគ្នាដែរ។ នេះជារូបភាពមិនល្អ ហើយខ្ញុំសូមអង្វរ ហើយសូមចិត្តដល់បងប្អូន ថ្នាក់ដឹកនាំតាមក្រុមនីមួយៗ សូមមេត្តាណែនាំកូនក្រុមឲ្យមានការអត់ធ្មត់ខ្ពស់ជាទីបំផុត»។

«ជាការពិត ពេលប៉ះទង្គិច យើងជាមនុស្សមិនមែនជាគល់ឈើទេ។ វាតែងតែមានអារម្មណ៍ម៉ាឆាវ តែយើងសូមយកផលប្រយោជន៍ មុខមាត់ក្រសួងជាធំ សូមកុំបញ្ចេញអាកប្បកិរិយាណាមួយនៅលើទីលាន ពីព្រោះអាក្រក់មើលណាស់។ យើងធ្លាប់ឃើញហើយ អ្នកខ្លះធ្លាប់ធ្វើរឿងបែបនេះ ហើយក្រោយមកក៏មានវិប្បដិសារី»។
ការប្រកួតបាល់ទាត់ពានរង្វាន់ក្រសួងមហាផ្ទៃ លើកទី២ មានក្រុមចំនួន១៣ចូលរួមប្រកួតដោយត្រូវបានបែងចែកជា៤ពូលគឺ ពូល A B និង C មាន៣ក្រុមដូចគ្នា ខណៈពូល D មាន៤ក្រុម។ ក្រោយចប់ការប្រកួតវិលជុំសន្សំពិន្ទុ ក្រុមលេខ១ និងលេខ២ នៃពូលទាំង៤ ឡើងទៅវគ្គ៨ក្រុមចុងក្រោយដើម្បីប្រកួតវគ្គខ្វែងជាបន្តបន្ទាប់។

ពិធីបើកជាផ្លូវការធ្វើនៅថ្ងៃទី១៦ ខែមករា និងពិធីបិទនៅថ្ងៃទី១១ ខែមីនា នៅពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោមអធិបតីភាពឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ។ ការប្រកួតជាទូទៅនឹងធ្វើនៅទីលានបាល់ទាត់វិទ្យាល័យបឹងត្របែក៕
ពូល A
- អគ្គស្នងការដ្ឋាននគរបាលជាតិ
- បណ្ឌិត្យសភានគរបាលជាតិ
- អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង
ពូល B
- អគ្គនាយករដ្ឋានពន្ធនាគារ
- ខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត
- អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ
ពូល C
- អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម
- អគ្គាធិការដ្ឋាន
- លេខាធិការដ្ឋាន គ.ជ.ប.ទ
ពូល D
- អគ្គនាយកដ្ឋានធនធានមនុស្ស
- ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
- អន្តោប្រវេសន៍មានជ័យ
- ឌីជីថល អេហ្វស៊ី


អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ