កីឡា
គុនខ្មែរផ្តល់ឲ្យ អេ អាំម៉ារីនភូថង មានរថយន្ត២គ្រឿងក្នុងវ័យ១៩ឆ្នាំ
កីឡាករ អេ អាំម៉ារីនភូថង កូនប្រុសបង្កើតរបស់លោកគ្រូ អេ ភូថង និងអ្នកស្រី សាំង សុម៉ាលី មានរថយន្ត២គ្រឿងទាំងវ័យក្មេង តាមរយៈអាជីពប្រដាល់គុនខ្មែរដ៏ជោគជ័យក្នុងពេល៧ឆ្នាំប៉ុណ្ណោះ។

នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ អេ អាំម៉ារីនភូថង បានបង្ហាញរថយន្តថ្មីម៉ាក ម៉េកសឺដេស ១គ្រឿងដែលជាកាដូសម្រាប់ឆ្នាំថ្មី។ កីឡាករបាននិយាយថា ៖«កាដូជូនខ្លួនឯង ក្នុងឆ្នាំ2025»។ នេះជារថយន្តដែលរូបគេទិញដោយខ្លួនឯងពីកម្លាំងញើសឈាមពីការឡើងសង្វៀន ប៉ុន្តែនេះមិនមែនជារថយន្តលើកទី១ឡើយ។
អេ អាំម៉ារីនភូថង ទទួលបានរង្វាន់រថយន្ត Pick Up លើកទី១ នៅពេលបានចេញទៅប្រកួតនៅប្រទេសអូស្ត្រាលី ដោយបានផ្តួលកីឡាករ Clinton Corke ឲ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតក្នុងទឹកទី៥ ដើម្បីក្លាយជាម្ចាស់ខ្សែក្រវាត់កាលពីខែធ្នូ ឆ្នាំ២០២៣។

កីឡាកររូបនេះអាចត្រូវបានចាត់ទុកទទួលបានជោគជ័យបំផុតក្នុងចំណោមកីឡាករវ័យក្មេងដូចគ្នា។ កីឡាករបានចាប់ផ្តើមឡើងសង្វៀនតាំងពីអាយុ១២ឆ្នាំតាមរយៈឪពុកជាគ្រូបង្វឹក និងបងប្រុស បងស្រីជាអ្នកប្រដាល់ស្រាប់។ ដោយមានអំណោយផលផ្នែកខាងកាយសម្បទាបានធ្វើឲ្យរូបគេទទួលបានជោគជ័យយ៉ាងឆាប់រហ័សទាំងក្នុងស្រុក និងក្រៅប្រទេស។
កីឡាករមានកម្ពស់១.៨៥ម៉ែត្រ បានឆ្លងកាត់ការឡើងសង្វៀនប្រហែល៨០ដងហើយ។ អ្វីដែលគួរឲ្យកត់សំគាល់គឺរូបគេធ្លាប់ផ្តួលដៃគូឲ្យសន្លប់ជាង៤០ដង។ សមិទ្ធផលធំដំបូងក្នុងអាជីពប្រដាល់គឺរូបគេបានឈ្នះខ្សែក្រវាត់នៅសង្វៀនហង្សមាស កាលពីឆ្នាំ២០២១ អមដោយប្រាក់រង្វាន់៤០លានរៀល។

នៅខែមេសា ឆ្នាំ២០២៤ រូបគេបានឈ្នះខ្សែក្រវាត់គុនខ្មែរអន្តរជាតិ បន្ទាប់ពីឈ្នះកីឡាកររុស្ស៊ី Ovanes Nagabedyan ក្នុងទឹកទី១។ រូបគេសងសឹកបានសម្រេចលើមិត្តរួមជាតិ ឡុង សំណាង ដើម្បីទទួលបានខ្សែក្រវាត់សហព័ន្ធកីឡាប្រដាល់គុនខ្មែរជាមួយប្រាក់រង្វាន់២០លានរៀល ក្នុងខែឧសភា ឆ្នាំ២០២៤ នៅចំពោះមុខកំពូលអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao។
នៅខែវិច្ឆិកា ឆ្នាំ២០២៤ អេ អាំម៉ារីនភូថង បានឈ្នះខ្សែក្រវាត់គុនខ្មែរ១ខ្សែទៀត បន្ទាប់ពីឈ្នះកីឡាករអ៊ុយក្រែន Savelit Dorgavtsev និងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ រូបគេបានឈ្នះកីឡាករ Andrew Michael នៅប្រទេសអូស្ត្រាលីដើម្បីទទួលបានខ្សែក្រវាត់សហព័ន្ធគុនខ្មែរ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍សម្រាប់ការចេញទៅប្រកួតនៅក្រៅប្រទេស អេ អាំម៉ារីនភូថង កម្រចាញ់ណាស់។ រូបគេបានផ្តួលកីឡាករថៃ Dansiam Weerasakreck ឲ្យសន្លប់ក្នុងទឹកទី៣នៅប្រទេសជប៉ុនកាលពីខែសីហា។ រូបគេបានចេញទៅប្រកួតនៅប្រទេសអូស្ត្រាលី២លើកទទួលបានជ័យជម្នះលើកីឡាករម្ចាស់ផ្ទះទាំងពីរលើក។
តាមរយៈកេរ្តិ៍ឈ្មោះល្បីរន្ទឺរទូទាំងប្រទេស អេ អាំម៉ារីនភូថង ទទួលបានឱកាសថតផ្សាយពាណិជ្ជកម្មឲ្យម៉ូតូ Honda Dream ស៊េរីថ្មីជាមួយតារាសម្តែងដ៏ស្រស់ស្អាត មាន សូនីតា។ តាមរយៈតម្លៃខ្លួនខ្ពស់ និងប្រាក់រង្វាន់គឺគ្រប់គ្រាន់ផ្តល់ឲ្យរូបគេទិញរថយន្តទំនើបបានទាំងវ័យក្មេង៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម១៩ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ