កីឡា
លោក ខូវ ឆាយ កំពុងសិក្សាពីករណីកីឡាករឈ្នះក្នុងទឹក១ អាចប្រកួតសប្តាហ៍បន្ទាប់
សហព័ន្ធកីឡាគុនខ្មែរកំពុងសិក្សាពីករណីកីឡាករ កីឡាការិនីគុនខ្មែរទទួលបានជ័យជម្នះក្នុងទឹកទី១ អាចត្រូវបានអនុញ្ញាតឲ្យប្រកួតក្នុងសប្តាហ៍បន្ទាប់។
នេះបើតាមការឲ្យដឹងពីលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរ ក្រោយពេលមានការដាក់ពិន័យលើកីឡាករជាច្រើននាក់ពីបទបំពានលើលក្ខន្តិកៈនៃការប្រកួតដែលបានចែងពីកីឡាករ កីឡាការិនីម្នាក់អាចឡើងប្រកួតបាន ទាល់តែសម្រាកបាន២សប្តាហ៍។ ទោះបីជាយ៉ាងណា លក្ខន្តិកៈនៃការប្រកួតដែលត្រូវបានអនុវត្តកាលពីដើមខែមករា ឆ្នាំ២០២៥ ត្រូវបានអ្នកពាក់ព័ន្ធមួយចំនួនបានស្នើសុំឲ្យមានការបន្ធូរបន្ថយដល់កីឡាករ កីឡាការិនីដែលមានតម្លៃខ្លួនតិច និងមានជីវភាពខ្វះខាត ក្នុងនោះមានក្រុមអត្តពលិកថ្នាលផងដែរ។
លោក ខូវ ឆាយ បានលើកឡើងថា ៖«យើងអត់មានកត្តាវិនិច្ឆ័យថា កីឡាករណាប្រកួតហើយ មិនប៉ះពាល់ដល់រាងកាយ គ្មានការឈឺចាប់ខ្លួនប្រាណនោះទេ។ ការប្រកួតនោះរងរបួសអត់ ពេលខ្លះយើងអត់អាចធ្វើដល់ប៉ុណ្ណឹងទេ។ ការអនុវត្តគឺយើងត្រូវតែធ្វើទៅតាមគោលការណ៍ឲ្យបានស្មើៗគ្នា»។
លោកបានឲ្យដឹងថា ៖«ទោះបីជាយ៉ាងណា យើងកំពុងតែសិក្សាលើចំណុចមួយចំនួនដែលអាចអនុគ្រោះបាន។ យើងកំពុងតែពិភាក្សាគ្នា ក្នុងករណីកីឡាករវ៉ៃឲ្យដៃគូសន្លប់ក្នុងទឹកទី១។ ដូច្នេះយើងប្រហែលជាអាចបន្ធូរបន្ថយ កីឡាករណាដែលប្រកួតធ្វើឲ្យដៃគូបោះបង់ចោលការប្រកួតក្នុងទឹក១។ គាត់ចំណាយកម្លាំងតិច អាចអនុញ្ញាតឲ្យប្រកួតនូវសប្តាហ៍បន្ទាប់។ នេះគ្រាន់តែជាអ្វីដែលយើងកំពុងសិក្សា មិនទាន់សម្រេចទេ។ ប្រសិនបើយើងសិក្សាទៅឃើញថា វាត្រឹមត្រូវ យើងនឹងជូនដំណឹងពីករណីនេះ»។
កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ សហព័ន្ធគុនខ្មែរបានសម្រេចពិន័យជាការព្រមានជាសាធារណៈលើកីឡាករ១៥នាក់ ប្រព្រឹត្តខុសពីគោលការណ៍ប្រកួត។ កាលពីថ្ងៃទី២២ ខែមករា សហព័ន្ធបានពិន័យជាការព្រមានលើកីឡាករ៨នាក់ទៀត។ ការពិន័យនេះគឺជាការព្រមានជាសាធារណៈលើកទី១ ប៉ុន្តែកីឡាករនៅតែអាចឡើងប្រកួតឲ្យតែសម្រាកបាន២សប្តាហ៍។
ដោយឡែកកីឡាករ ម៉ាលី អគ្គីនេត្រ បានប្រព្រឹត្តខុសពីគោលការណ៍ប្រកួតជាលើកទី២ បន្ទាប់ពីជាប់ពិន័យលើកទី១កាលពីថ្ងៃទី១៥ ខែមករា ដូច្នេះ សហព័ន្ធគុនខ្មែរសម្រេចដាក់ពិន័យមិនឲ្យឡើងប្រកួតរយៈពេល៦សប្តាហ៍។ ប្រសិនបើប្រព្រឹត្តខុសជាលើកទី៣ នឹងត្រូវពិន័យមិនឲ្យឡើងប្រកួតរហូតដល់១២សប្តាហ៍៕
អត្ថបទ៖ វីរបុត្រ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ