Connect with us

កីឡា

ដាវ លីឌុច សម្រេច​ឡើង​សង្វៀន​វិញ​ ព្រោះ​ចង់​បំបាក់​អំនួត ម៉ូតាសា​

បានផុស

នៅ

កីឡាករ​ប្រដាល់​មីយ៉ាន់ម៉ា ដាវ លីឌុច បាន​សម្រេច​វិល​ត្រឡប់​មក​កាន់​សង្វៀន​វិញ បន្ទាប់​ពី​​ចូល​និវត្តន៍​រយៈ​ពេល​ជាង​មួយ​ឆ្នាំ ក្រោយ​ពេល​ប្រកួត​ជា​មួយ​កីឡាករ​កម្ពុជា ព្រុំ សំណាង កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣។

ការ​​វិល​មក​កាន់​សង្វៀន​ជា​ថ្មី​នេះ ដាវ លីឌុច​​ ​អាចនឹង​​ជួប​កីឡាករអ៉ីរ៉ង់ ម៉ូតាសា ស៊ីហ្វីហ្វាដ ដែល​បាន​ច្របាច់​ក​កីឡាករ​​ ធន់ រិទ្ធី ក្នុង​ពិធី​ថ្លឹង​ទម្ងន់​​កាល​ពី​ពីរប៉ុន្មាន​ខែ​មុន។ រូប​គេ​ពិត​ជា​មិន​ចង់​ឃើញ​កីឡាករ​​​មាន​អំនួត​នៅ​ក្រៅ​សង្វៀន​បែប​នេះ​ទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​បទ​សម្ភាស​ជា​មួយ​សារព័ត៌មាន​«កម្ពុជា​ថ្មី»​កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៣ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​ជឺជីតស៊ូ​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កីឡាករ​មីយ៉ាន់ម៉ា ដាវ លីឌុច ​បាន​និយាយ​ថា ៖«ការ​ប្រកួត​ចុង​ក្រោយ​របស់​ខ្ញុំ​ជា​មួយ ព្រុំ​ សំណាង កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២៣។ នោះ​ជា​ការ​ប្រកួត​ដ៏​អស្ចារ្យ។ ​ក្រោយ​មក ខ្ញុំ​បាន​ចូល​និវត្តន៍។ ​ខ្ញុំ​​​មាន​កូន​នៅ​​កម្ពុជា ឥឡូវ​អាយុ​ជិត​មួយ​ឆ្នាំ​ហើយ»។

កីឡាករ​បាន​បន្ត​ថា ៖«ឥឡូវ​ខ្ញុំ​បាន​ឃើញ​កីឡាករ ម៉ូតាសា ​បង្ហាញ​ភាព​ក្អេង​ក្អាង ខ្វះ​ការ​គោរព​ បាន​ច្របាច់​​​​ក​​ ធន់​ រិទ្ធី។ យើង​ដឹង​ទេ កីឡា​គឺ​ជា​ការ​​ប្រកួត​​នៅ​លើ​សង្វៀន មិន​មែន​​ធ្វើ​បែប​នេះ​ទេ។ ខ្ញុំ​មិន​ចូល​ចិត្ត​ ហើយ​មាន​អ្នក​គាំទ្រ​ច្រើនក៏​មិន​ចូល​ចិត្ត​ដែរ។ នេះ​ជា​ការមើល​ងាយ ហើយ​ខ្ញុំ​មិន​ចូល​ចិត្ត​សោះ​ឡើយ។ ​​គេ​​និយាយ​​ថា ខ្ញុំ​​មិន​ល្អ។ ខ្ញុំ​ចង់​បង្ហាញចំពោះ​អ្នក​ប្រមាថ​មើល​ងាយ។ ខ្ញុំ​ត្រូវ​តែ​ត្រឡប់​មក​កាន់​សង្វៀន វិល​ត្រឡប់​​ពី​ចូល​និវត្តន៍​វិញ។ ខ្ញុំ​ចង់​វ៉ៃ​ជា​មួយ​កីឡាករ​នេះ​ សម្រាប់​ចុង​ក្រោយ​នៃ​អាជីព»។

ដាវ លីឌុច មើល​មិន​ឃើញ​ពី​ភាព​ខ្លាំង​ណា​មួយ​របស់​កីឡាករ ម៉ូតាសា ទេ។ លទ្ធផល​​ដែល​កីឡាករ​​អ៉ីរ៉ង់​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ​កម្ពុជា​កន្លង​មក​គ្រាន់​តែ​សំណាង​ប៉ុណ្ណោះ។ «ខ្ញុំ​មើល​មិន​ឃើញ​ពីចំណុច​ខ្លាំង​ណា​មួយ​អំពី​ ម៉ូតាសា​ ទេ។ ​ឈ្នះ ធន់ រិទ្ធី និង​កីឡាករ​កម្ពុជា​ផ្សេង​ៗ​ទៀត​គ្រាន់​តែ​សំណាង​ប៉ុណ្ណោះ។ ខ្ញុំ​គិត​ថា គាត់​សំណាង​ហើយ គាត់​គ្មាន​​ជំនាញ ហើយ​ខ្ញុំ​ចង់​កម្ចេច​​ម្នាក់នេះ»។

នៅ​ពេល​សួរ​ថា តើ លីឌុច សង្ឃឹម​ទទួល​បាន​ជ័យជម្នះ​ទេ? កីឡាករ​បាន​ឆ្លើយ​​ថា ៖«ខ្ញុំ​សង្ឃឹម​១០០​% នឹង​ផ្តួល​គាត់​ឲ្យ​សន្លប់។ នេះ​ជា​ការ​ប្រកួត​ងាយ​ស្រួល​សម្រាប់​ខ្ញុំ បាន​លុយ​ស្រួល។ ខ្ញុំ​ចង់​ឲ្យ​គាត់​​ស្គាល់​មេ​រៀន។ ខ្ញុំ​គិត​ថា ប្រហែល​ជា​ចុង​ឆ្នាំ​នេះ មនុស្ស​ប្រហែល​៤០០០​នាក់ នឹង​បាន​ឃើញ​ពី​ការ​ប្រកួត​របស់​ខ្ញុំ​​ដើម្បី​ប្រជា​ជន​កម្ពុជា។ ខ្ញុំ​មក​ពី​ប្រទេស​​មីយ៉ាន់ម៉ា ខ្ញុំ​កំពុង​រស់​នៅ​ប្រទេស​កម្ពុជា ខ្ញុំ​ត្រូវ​តែ​ជួយ និង​ការពារ​បងប្អូន​កម្ពុជា។ នេះ​ជា​កម្ពុជា-មីយ៉ាន់ម៉ា​ប្រឆាំង​នឹងកីឡាករ​ម្នាក់​នេះ»។

ដាវ លីឌុច បាន​បញ្ជាក់​ថា នៅ​ពេល​ខ្លួន​ប្រកួត​ជា​មួយ ព្រុំ សំណាង​ គឺ បន្ទាប់​ពី​ខក​ខាន​ប្រកួត​រយៈ​ពេល​៣​ឆ្នាំ ប៉ុន្តែ​នៅ​តែ​ធ្វើ​បាន​ល្អ។ «សម្រាប់​​ខាន​ប្រកួត​​ទើប​តែ​មួយ​ឆ្នាំ​គឺ​មិន​បាក​​សម្រាប់​ខ្ញុំ។ វា​ប្រៀប​ដូច​ជា​យើង​ជិះ​កង់​អីចឹង យើងចេះ​ជិះ​កង់ តែ​យើង​មិន​ភ្លេច​ទេ បើ​ទោះ​ជា​យើង​ខាន​ជិះ​យូរ។ ខ្ញុំ​ជឿ​ជាក់​ថា ខ្ញុំ​នឹង​ធ្វើ​បាន​ល្អ​ ហើយ​សូម​អរគុណ​ដល់​ប្រជា​ជន​កម្ពុជា​សម្រាប់​ការ​គាំទ្រ និង​ផ្ញើ​សារ​គាំទ្រ។ វា​នឹង​ក្លាយ​ជា​​ថ្ងៃ​ដ៏​ល្អ»។

ទោះ​បី​ជា​យ៉ាង​ណា នៅ​មិន​ទាន់​កំណត់​ពេល​វេលា​ជាក់​លាស់​ណា​មួយ​ដែល​កីឡាករ​ទាំង​ពីរ​ជួប​គ្នា​ទេ ប៉ុន្តែ​កីឡាករ​ទាំង​ពីរ​សុទ្ធ​តែ​បង្ហាញ​ឆន្ទៈ​ក្នុង​ការ​ជួប​គ្នា​នា​ពេល​ខាង​មុខ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម