កីឡា
ឡើងជាប្រធានថ្មី លោក ប៊ុយ សុភ័ណ្ឌ ប្តេជ្ញាដឹកនាំសហព័ន្ធបង្កើតកំណត់ត្រាថ្មី
លោក ប៊ុយ សុភ័ណ្ឌ ត្រូវបានអង្គមហាសន្និបានបញ្ចប់អាណត្តិទី៧ នៃសហព័ន្ធកីឡាប្រដាល់សកលកម្ពុជាបោះឆ្នោតក្លាយជាប្រធានសហព័ន្ធអាណត្តិ ទី៨ (២០២៥-២០២៩) នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ក្នុងបទសម្ភាសក្រោយចប់មហាសន្និបាត លោក ប៊ុយ សុភ័ណ្ឌ ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតជំនាញគ្រប់គ្រងកីឡានៅប្រទេសកូរ៉េខាងត្បូងបានលើកឡើងថា អាណត្តិចាស់ឆ្នាំ២០២១-២០២៥ សហព័ន្ធទទួលបានសមិទ្ធផលជាច្រើន។ ជាពិសេសការរៀបចំការប្រកួតកីឡាប្រដាល់សកលក្នុងកីឡាស៊ីហ្គេមគឺទី១ រៀបចំបានល្អតាមស្តង់ដាអន្តរជាតិ ទី២ បង្កើតកំណត់ត្រាជាប្រវត្តិសាស្ត្រក្នុងការទទួលបានមេដាយច្រើនបំផុត និងទទួលបានមេដាយសម្រាប់ការប្រកួតកម្រិតអាស៊ីដែលសហព័ន្ធមិនធ្លាប់បាន។
លោកបានបន្តថា ៖«សម្រាប់អាណត្តិថ្មីនេះ យុទ្ធសាស្ត្រថ្មីរបស់សហព័ន្ធគឺយើងមានគោលដៅច្រើន ពាក់ព័ន្ធនឹងការប្រកួត។ ទិសដៅទី១ យើងត្រូវត្រៀមខ្លួនឲ្យបានល្អក្នុងការចូលរួមប្រកួតកីឡាស៊ីហ្គេមចុងឆ្នាំនេះនៅប្រទេសថៃ។ ឆ្នាំ២០២៧ ស៊ីហ្គេម នៅម៉ាឡេស៊ី និង២០២៩ ស៊ីហ្គេម នៅសិង្ហបុរី។ ទិសដៅទី២គឺកម្រិតអាស៊ី ឆ្នាំ២០២៦ យើងនឹងចូលរួមប្រកួតប្រដាល់សកលជើងឯកអាស៊ីនៅប្រទេសជប៉ុន ដែលជាគោលដៅរបស់សហព័ន្ធដើម្បីបំបែកកំណត់ត្រាថ្មីសម្រាប់មេដាយទ្វីបអាស៊ី។ នៅឆ្នាំ២០២៥នេះ យើងគ្រោងចូលរួមប្រកួតជើងឯកពិភពលោក នៅប្រទេសអង់គ្លេស។ មួយទៀត សហព័ន្ធត្រៀមយុវជនអាយុ១៣-១៤ឆ្នាំដើម្បីត្រៀមប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ»។

យោងតាមស្មារតីនៃអង្គមហាសន្និបាត សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានកំណត់ទិសដៅសំខាន់ៗជាច្រើន។
១. រៀបចំផែនការយុទ្ធសាស្ត្រ ២០២៥-២០២៩ ដោយកំណត់បេសកកម្ម គោលដៅយុទ្ធសាស្ត្រ និងសូនាករ វាស់វែងច្បាស់លាស់ ជាមួយយន្តការអនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃ និងធានាប្រភពធនធានសមស្រប ក្រោមចក្ខុវិស័យ “អភិវឌ្ឍកីឡាប្រដាល់សកលឱ្យក្លាយជាប្រភេទកីឡាសក្តានុពល និងមានប្រជាប្រិយភាព នៅកម្ពុជា” ក្នុងទិសដៅ ដណ្តើមមេដាយក្នុងការប្រកួតកីឡាកម្រិតតំបន់ ទ្វីប និងពិភពលោក។ ពិសេសឈានទៅដណ្តើមមេដាយយ៉ាងតិច ១គ្រឿង ក្នុងការប្រកួតកីឡាយុវជនអាស៊ីហ្គេម “Asian Youth Games” លើកទី៤ ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រកម្ពុជា។
២. ពង្រឹងយន្តការរដ្ឋបាល និងគ្រប់គ្រង ដើម្បីធានាប្រសិទ្ធភាពការងារដឹកនាំ ស្របតាមគោលការណ៍អភិបាលកិច្ចល្អ របស់សហព័ន្ធអន្តរជាតិ និងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។

៣. ស្វែងរកដៃគូរៀបចំការប្រកួតតាមរាជធានី ខេត្ត និងការបង្កើតការប្រកួតកម្រិតផ្ទាល និងយុវជនផ្ទាល់របស់ សហព័ន្ធ ក៏ដូចជាបន្តឧបត្ថម្ភគាំទ្រដល់ក្លិបជាសមាជិកក្នុងទិសដៅ “ពង្រឹងគុណភាព និងបរិមាណក្លិប”។
៤. អភិវឌ្ឍធនធានមនុស្សសហព័ន្ធ តាមរយៈការរៀបចំកម្មវិធីបណ្តុះបណ្តាលកម្រិតថ្នាក់ជាតិ អន្តរជាតិសម្រាប់ គ្រូបង្វឹក អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីបច្ចេកទេស ក្នុងទិសដៅអភិវឌ្ឍមន្ត្រីបច្ចេកទេសកម្រិតអន្តរជាតិ ដើម្បីធានានូវការបង្វឹកប្រកបដោយគុណភាព ក៏ដូចជាសុក្រឹតភាព និងយុត្តិធម៌នៃការវិនិច្ឆ័យ។

៥. អភិវឌ្ឍគុណវុឌ្ឍកីឡាកម្រិតខ្ពស់ ក្នុងក្រុមជម្រើសជាតិ តាមរយៈការពង្រឹងកម្មវិធី ហ្វឹកហាត់ស្របតាមស្តង់ដាអន្តរជាតិ បង្កើនកម្មវិធីបោះជំរុំហ្វឹកហាត់ និងផ្តល់ឱកាសចូលរួមប្រកួតកម្រិតជាតិ អន្តរជាតិជាប្រចាំ ដើម្បីពង្រឹងគុណផលត្រៀមការប្រកួតជើងឯកប្រចាំទ្វីបនិងពិភពលោក ការប្រកួតពហុកីឡា រួមមានកីឡាហ្គេម កីឡាអាស៊ីហ្គេម និងកីឡាអូឡាំពិកហ្គេម។
៦. បង្កើតបណ្ឌិតសភាប្រដាល់សកល “Boxing Academy” និងអភិវឌ្ឍកម្មវិធីជ្រើសរើសអត្តពលិកឆ្នើម សម្រាប់អភិវឌ្ឍអត្តពលិកផ្ទាល និងយុវជនកម្រិតខ្ពស់ ដើម្បីធ្វើការប្រមូលផ្តុំក្នុង ក្រុមជម្រើសជាតិ ត្រៀមចូលរួមការប្រកួតកីឡាយុវជនអាស៊ីហ្គេម លើកទី៤ ឆ្នាំ២០២៩ នៅព្រះរាជាណាចក្រ កម្ពុជា។

៧. អភិវឌ្ឍប្រដាល់សកលអាជីព តាមរយៈការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគណៈកម្មការប្រដាល់សកលអាជីពកម្ពុជា និងបណ្តាសហព័ន្ធប្រដាល់សកលអាជីពពិភពលោកក្នុងការ រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់សកលអាជីពកម្រិតជាតិ-អន្តរជាតិ និងការបញ្ជូនអត្តពលិកចូលរួមការប្រកួត ប្រដាល់សកលអាជីពនៅក្រៅប្រទេស ដើម្បីពង្រឹងគុណផល និងបង្កើនប្រាក់ចំណូលបន្ថែមដល់អត្តពលិក៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?