Connect with us

កីឡា

តំណាងសង្វៀន Knock Out បង្ហាញឆន្ទៈ​ចាប់​ដៃ​ជា​មួយ​គុនខ្មែរឱ្យជាប់

បានផុស

នៅ

ស្របពេលគុនខ្មែរកំពុងតែមានមហិច្ចតាពង្រីកវិសាលភាព​ឲ្យ​កាន់​តែ​​ខ្លាំង​លើ​ឆាក​អន្តរជាតិ​ អ្នកតំណាង​សង្វៀន Knock Out របស់​ជប៉ុន លោក Genki Yamaguchi បានមើលឃើញពីឱកាស​ដ៏​មាន​សក្តានុពល​នេះ​​ដើម្បី​​ចាប់ដៃគូ​ជាមួយគុនខ្មែរ​ឲ្យ​បាន​យូរ​អង្វែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតណាស់ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងគុនខ្មែរ និង​ភាគី​ជប៉ុន​ Knock Out កាន់​តែស្អិតរមួតជាខ្លាំង ដោយភាគីទាំង​ពីរ​តែងតែមានកីឡាករ​ផ្លាស់​ប្តូរគ្នាប្រកួតទៅវិញទៅមកមិនដាច់។ ពេលខ្លះ​កីឡាករ​កម្ពុជា​ទៅប្រកួត​នៅ​ជប៉ុន ហើយ​កីឡាករ​ជប៉ុន​​​ក៏​មក​ប្រកួតនៅ​កម្ពុជា​។

ជាក់​ស្តែង កាលពីពាក់កណ្តាលឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនកីឡាករ​ ពេជ្រ សម្បត្តិ, ឈុត សេរីវ៉ាន់ថង និង អេ អាំម៉ារីនភូថង ទៅប្រកួត៣​ទល់នឹង​៣ ជាមួយតារាឆ្នើមៗប្រចាំ Knock Out។ ​ចុងឆ្នាំ​កន្លង​ទៅ​ កីឡាករកម្ពុជា​ពីរ​រូប​ទៀត​គឺ​ ពេជ្រ សម្បត្តិ និង ចំរើន គុនខ្មែរ ទៅប្រកួតនៅទីនោះ។ ចំណែក​សង្វៀន​ Knock Out ក៏បានយកកីឡាករជាច្រើននាក់មកប្រកួត​​នៅ​កម្ពុជា។ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ ជំនួបរវាង​ជើង​ខ្លាំង Taimu Hisai និង ឈុត សេរីវ៉ាន់ថង នា​ពេល​ចុង​ក្រោយ​បំផុត​នៅ​ទឹក​ដី​កម្ពុជា​​គឺ Taimu ជាអ្នកទទួលជ័យជម្នះ។

មិនទាន់ចប់ត្រឹមនេះនោះទេ នៅថ្ងៃទី៣ ខែមេសា ខាងមុខ ស្ថាប័ន Knock Out នឹងហោះមកកម្ពុជាម្តងទៀត ដោយប្រកួតជាមួយក្រុមកីឡាករគុនខ្មែរ ៥ ទល់នឹង ៥ ប៉ុន្តែ​រឿង​សំខាន់​មួយ​ទៀត​​គឺ Taimu ក៏នឹង​មក​ប្រកូត​នៅ​ទឹក​ដី​កម្ពុជា​ជា​លើក​ទី​​៤​ដោយ​ត្រូវ​ប៉ះ​ ចំរើន គុនខ្មែរ។

ទាក់ទងនឹងរឿងនេះដដែល ត្រឡប់ទៅកាន់សន្និសីទកាសែតកាលពីថ្ងៃទី២៦ ខែកុម្ភៈ លោក Genki Yamaguchi ដែលជាអ្នកតំណាងរបស់ Knock Out បានបញ្ចេញចំណាប់អារម្មណ៍ថា ៖«បន្ទាប់ពីការប្រកួតចុងក្រោយរបស់ Hisai យើងទទួលបានការផ្តល់ជូនពីប្រទេសផ្សេងៗ។ បច្ចុប្បន្ននេះ គុន​ខ្មែរ​ ខ្លួនឯងកំពុងពង្រីកការផ្សាយរបស់ខ្លួនទៅកាន់ប្រទេសផ្សេងៗ ហើយលើកនេះការប្រកួតនឹងចាក់ផ្សាយនៅលើ U-NEXT។ វាត្រូវបានគេគិតថា KNOCK OUT នឹងក្លាយជាផ្នែកមួយចាក់ផ្សាយនៅទូរទស្សន៍កម្ពុជានាពេលអនាគត។ គុន​ខ្មែរ​ មានមហិច្ឆតាខ្លាំង​នៅពេលនេះក្នុងការពង្រីកខ្លួន​ទៅកាន់ពិភពលោក ដូច្នេះប្រសិនបើយើងអាចធ្វើការជាមួយគ្នាបានយូរ​ ខ្ញុំគិតថា វានឹងក្លាយជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់យើងក្នុងការពង្រីកទៅកាន់ពិភពលោក»

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម