Connect with us

កីឡា

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ការប្រកួតលើកទី១ ខ្មែរឈ្នះថៃ១គ្រាប់ ខណៈប្រកួតលើកទី២ ថៃឈ្នះកម្ពុជា ១គ្រាប់វិញ

បានផុស

នៅ

ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានចាប់ផ្តើម នារសៀលថ្ងៃទី ៨មីនា ឆ្នាំ២០២៥ ដោយការប្រកួតលើកទី១ ក្រុមបាល់ទាត់គុនខ្មែរ ឈ្នះក្រុមបាល់ទាត់ MUAYTHAI ១គ្រាប់ ហើយការប្រកួតលើកទី២វិញ ក្រុមបាល់ទាត់តារាថៃ ឈ្នះក្រុមបាល់ទាត់តារាកម្ពុជា១ គ្រាប់វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ នេះបានធ្វើឡើង ក្រោមអធិបតីភាព លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ និងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ពហុកីឡាដ្ឋានជាតិអូឡាំពិក។

ថ្លែងនាឱកាសនោះ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានមានប្រសាសន៍ថា កីឡាករមានតួនាទីសំខាន់ណាស់ក្នុងការរួមចំណែកពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ថៃ ដែលធ្វើឱ្យប្រជាជននៃប្រទេសទាំង២ បានយល់ដឹងពីគ្នាទៅវិញទៅមក ក្នុងនាមជាប្រទេសក្បែរខាងគ្នា ហើយក៏ជាប្រទេសដែលកាន់សាសនាព្រះពុទ្ធដូចគ្នា។ លោកថា កាលពី១៤ឆ្នាំមុន កម្ពុជា និងថៃក៏បានបង្កើតព្រឹត្ដិការណ៍ជាប្រវត្តិសាស្ត្ររួមគ្នាម្ដងរួចមកហើយដែរ នោះគឺការប្រកួតបាល់ទាត់មិត្តភាព វាងក្រុមបាល់ទាត់កម្ពុជា ដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន និងកីឡាករថៃដឹកនាំដោយនាយករដ្ឋមន្ត្រីថៃកាលណោះដែរ ហើយគោលបំណងដើម្បីអបអរសាទរខួបអនុស្សាវរីយ៍នៃទំនាក់ទំនងការទូតរបស់ទាំងពីរដូចគ្នា។

ចំណែក លោក ម៉ារីត សាងៀមផុង្ស រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតបាល់ទាល់ក្នុងឱកាសនេះ រៀបចំឡើងដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ និងដើម្បី ឆ្លុះបញ្ចាំងពីការប្តេជ្ញានៃប្រទេសទាំងពីរ ក្នុងការពង្រឹងមិត្តភាពឱ្យកាន់តែស្អិតរមួតបន្ថែមទៀត។ លោកបន្តថា រាជរដ្ឋាភិបាលថៃ ប្តេជ្ញាចិត្តសហការយ៉ាងជិតស្និតជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា រួបរួមកម្លាំង ទាំងក្នុងវិស័យរដ្ឋ វិស័យឯកជន និងប្រជាជននៃប្រទេសទាំងពីរ រួមគ្នាជាធ្លុងមួយ ដើម្បីសេចក្តីសុខ ភាពរីកចម្រើនរុងរឿង និងភាពសម្បូរសប្បាយ សំរាប់ប្រជាជនកម្ពុជា និងថៃ ដោយមានមូលដ្ឋានធម៌ សាមគ្គីធម៌របស់ព្រះពុទ្ធនាំមុខ។

លោកបានសង្កត់ធ្ងន់ថា «អនាគតនៃព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ មានការផ្សារភ្ជាប់ដែលពុំអាច កាត់ផ្តាច់បាន យើងចាំបាច់ត្រូវឈានឆ្ពោះទៅមុខជាមួយគ្នា អភិវឌ្ឍរួមគ្នា និងជាធ្លុងមួយជាមួយគ្នា»។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍ក្នុងថ្ងៃនេះ ពិតជាបានរួមចំណែកបន្ថែមទៀត ក្នុងការស្វែងរក កាលានុវត្តភាពថ្មីៗ សម្រាប់ពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងដៃគូយុទ្ធសាស្ត្រកម្ពុជា-ថៃ ឱ្យកាន់តែប្រសិទ្ធភាព និងប្រកបដោយផ្លែផ្កា។ លោកបន្តថា ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ បានភ្ជាប់ទំនាក់ទំនងការទូតទ្វេភាគីរវាងគ្នាជាយូរមកហើយ គឺចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៥០ ហើយទំនាក់ទំនងនេះ ត្រូវបានប្រទេសទាំងពីរ ពង្រឹងពង្រីកកាន់តែរឹងមាំ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់រវាងប្រទេសទាំងពីរ ក្នុងកិច្ចសហប្រតិបត្តិការផ្នែកនយោបាយ សេដ្ឋកិច្ច វប្បធម៌ សុខាភិបាល អប់រំ យោធា និងសន្តិសុខ ព្រមទាំងការចងភ្ជាប់មេត្រីភាព រាជធានីភ្នំពេញ រាជធានីបាំកកថែមទៀតផង។

លោកបន្តថា ផ្តើមចេញពីទំនាក់ទំនងការទូត រយៈពេល ៧៥ឆ្នាំ កន្លងទៅនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងទីក្រុងសម្ព័ន្ធមេត្រីភាពកាន់តែមានភាពស៊ីជម្រៅស្អិតរមួតលើគ្រប់វិស័យ ជាពិសេសក្រោមអាណត្តិដឹកនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងលោក ថាក់ស៊ីនស៊ីណាវ៉ាត់ អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ ទន្ទឹមនេះ កិច្ចសហប្រតិបត្តិការទ្វេភាគី ត្រូវបានតម្លើងពីកម្រិតកិច្ចសហប្រតិបត្តិការទ្វេភាគី រហូតដល់កម្រិតទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ ឆ្នាំ២០២៤ នាឱកាសនៃដំណើរអញ្ជើញទស្សនកិច្ចជាផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅប្រទេសថៃ កន្លងទៅថ្មីៗនេះ។

លោកឃួង ស្រេង បញ្ជាក់ថា នាពេលបច្ចុប្បន្នក្រោមការពូនជ្រុំថែទាំយ៉ាងដិតដល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ ទំនាក់ទំនងជាប្រពៃណី រវាងប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹង និងពង្រីកព្រមទាំងបាននាំមកនូវគុណប្រយោជន៍ សម្រាប់ប្រទេសជាតិ រាជរដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំពីរ ក្នុងន័យស្មើសិទ្ធិ ស្មើភាព និងឧបត្ថម្ភគាំទ្រជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ ទាំងក្នុងក្របខណ្ឌប្រទេស និងក្នុងក្របខណ្ឌរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ការពង្រឹងពង្រីកទំនាក់ទំនងការទូតទ្វេភាគី និងកិច្ចប្រតិបត្តិការ រដ្ឋបាល ឈានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយនិរន្តភាព។

ការប្រកួតបាល់ទាត់មិត្តភាពកម្ពុជា-ថៃ មិនត្រឹមតែធ្វើឡើងដើម្បីអបអរសាទរ ខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាកាលានុវត្តភាពថ្មីមួយទៀត សម្រាប់ការស្វែងយល់ឱ្យកាន់តែ ស៊ីជម្រៅ និងជាការតភ្ជាប់រវាងកីឡាករ កីឡាការិនី សិល្បករ សិល្បការិនី កម្ពុជា-ថៃ ដើម្បីឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាព សាមគ្គីភាព សម្រាប់ជាគុណប្រយោជន៍ នៃប្រទេសទាំងពីរ ក្នុងស្មារតី ក្រោមការឧបត្ថម្ភគាំទ្រ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យយ៉ាងពិតប្រាកដ។ នេះជាការបញ្ជាក់បន្ថែមរបស់លោក ឃួង ស្រេង។

គួរបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់មិត្តភាពកម្ពុជា-ថៃ អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដែលរៀបចំឡើងដោយសហព័ន្ធប្រដាល់គុនខ្មែរនេះ ក្នុងការប្រកួតក្នុងតង់ទី១ ក្រុមបាល់ទាត់គុនខ្មែរ បានស៊ុតបញ្ចូលទីបានចំនួន ៣គ្រាប់ ក្រុមបាល់ទាត់ MUAYTHAI ស៊ុតបញ្ចូលទីបានចំនួន ២គ្រាប់។ ចំណែកការប្រកួនក្នុងតង់ទី ២វិញ ក្រុមបាល់ទាត់តារាកម្ពុជាស៊ុតបញ្ចូលទីបានចំនួន ១គ្រាប់ ក្រុមបាល់ទាត់តារាថៃ ស៊ុតបញ្ចូលទីបានចំនួន ២គ្រាប់។ ក្រុមទាំង៤ នេះទទួលបានពានរង្វាន់កិត្តិយ័សទាំងអស់គ្នា៕

ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

អគ្គិភ័យ​
សន្តិសុខសង្គម២៣ ម៉ោង មុន

អគ្គិភ័យ​ឆេះ​ផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់​ ជិត២លានដុល្លារ

ខ្យល់កន្ត្រាក់
សន្តិសុខសង្គម២២ ម៉ោង មុន

ភ្លៀងលាយខ្យល់កន្ត្រាក់ រលំដើមឈើសង្កត់មនុស្សរងរបួស៣នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជាអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០-២០% រយៈពេល៣ថ្ងៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ន័រវែស បង្កើន​ជំនួយ​ដល់​អ៊ុយក្រែន​ដល់ ៧,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥

កម្មការិនី
ព័ត៌មានជាតិ២២ ម៉ោង មុន

កម្មការិនីក្នុងវិស័យកាត់ដេរ៖ រាជរដ្ឋាភិបាល និងក្រសួងការងារ តែងលើកកម្ពស់សិទ្ធិ ឱកាសការងារ និងអត្ថប្រយោជន៍ជាអាទិភាពដល់ស្ត្រីគ្រប់រូប

Sokha Hotels

ព័ត៌មានពេញនិយម