កីឡា
ឈ្នះមេដាយមាសពាន RTNK កញ្ញា លឿង ម៉ាលីនិច ចង់ឃើញក្រុមហ៊ុនឯកជនចូលរួមឧបត្ថម្ភកីឡាវាយសីកាន់តែច្រើន
ការប្រកួតកីឡាវាយសីពានរង្វាន់ RTNK ត្រូវបានកីឡាការិនី លឿង ម៉ាលីនិច ម្ចាស់មេដាយមាស និងអ្នកស្រី ជា ខេង ម្តាយរបស់កីឡាការិនី នីតា ជូលី ម្ចាស់មេដាយប្រាក់ចាត់ទុកជាកម្មវិធីប្រកួតដ៏សំខាន់មួយដែលរួមចំណែកជួយជំរុញកីឡាវាយសីនៅកម្ពុជា ប៉ុន្តែអ្នកទាំងពីរចង់ឃើញក្រុមហ៊ុនឯកជនចូលឧបត្ថម្ភគាំទ្រកាន់តែច្រើន។

កីឡាការិនី លឿង ម៉ាលីនិច ដែលបានឈ្នះមេដាយមាសលើវិវិញ្ញាសាវាយគូបុរស-នារី កាលពីថ្ងៃអាទិត្យ ទី៣០ ខែមីនា ឆ្នាំ២០២៥ បានលើកឡើងថា កញ្ញាដែលបានហ្វឹកហាត់កីឡាវាយសីរយៈពេល៨ឆ្នាំបានសម្លឹងឃើញយុវជនជាច្រើនចូលចិត្តលេងកីឡាវាយសី។ ប្រការនេះចាត់ទុកថា កម្ពុជាមានធនធានកីឡាករ កីឡាការិនីច្រើន។
ម៉ាលីនិច បានលើកឡើងថា ការបង្កើតមានកម្មវិធីប្រកួតច្រើនគឺជារឿងសំខាន់ដែលផ្តល់ឱកាសឲ្យយុវជនទទួលបានឱកាសបង្កើនសមត្ថភាព ហើយជៀសឆ្ងាយពីអំពើមិនល្អផ្សេងៗ។ នៅពេលពួកគាត់បានចូលរួមប្រកួតគឺជាពេលដែលពួកគាត់ដឹងពី សមត្ថភាពខ្លួនឯង បើទោះបីជាពួកគាត់មិនទាន់ក្លាយជាអ្នកលេងអាជីព ប៉ុន្តែក៏ជាផ្នែកមួយជួយបង្កើនធន់ធានអ្នកលេងកីឡាវាយសីកាន់តែច្រើន។

កីឡាការិនីបាននិយាយថា ៖«នៅកម្ពុជាយើង ការហ្វឹកហាត់នៅមានកម្រិតទាបជាងនៅក្រៅប្រទេស ដូច្នេះហើយបានជាពេលយើងចេញទៅប្រកួតនៅក្រៅប្រទេសគឺជួបការលំបាកក្នុងការទប់ទល់ជាមួយសមត្ថភាពរបស់គេ។ យើងខ្វះខាតច្រើនគឺ ខ្វះខាតអ្នកជំនាញ ធនធាន និងថវិកា»។
ជាមួយគ្នានេះ អ្នកស្រី ជា ខេង ដែលជាម្តាយរបស់កីឡាការិនី នីតា ជូលី បានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ដែរថា សព្វថ្ងៃនេះ កម្ពុជាមានអ្នកចូលចិត្តលេងកីឡាវាយសីច្រើនចាប់តាំងពីវ័យក្មេងរហូតដល់មនុស្សធំពេញវ័យ តែគុណភាពកីឡាវាយសីកម្ពុជាទាបជាងបណ្តាប្រទេសនៅក្នុងតំបន់។

អ្នកស្រីបានលើកឡើងថា ៖«យើងសំបូរធនធានហើយ តែមិនសូវមានកម្មវិធីប្រកួតផ្លូវការច្រើនទេ។ យើងឃើញកីឡាប្រដាល់គុនខ្មែរសំបូរក្រុមហ៊ុនឯកជនឧបត្ថម្ភគាំទ្រច្រើនណាស់។ ប្រសិនបើមានក្រុមហ៊ុនឯកជនចូលរួមឧបត្ថម្ភ រៀបចំការប្រកួតកីឡាវាយសីច្រើន នោះកីឡានេះនឹងខ្លាំងប្រកួតប្រជែងឈានដល់កម្រិតអន្តរជាតិបាន»។
ការប្រកួតកីឡាវាយសីពានរង្វាន់ RTNK លើកទី១ពីថ្ងៃទី២៩-៣០ ខែមីនា ឆ្នាំ២០២៥ មានកីឡាករ កីឡាការិនីចំនួន៥០ក្រុមបានចូលរួមប្រកួតប្រជែងលើ៤វិញ្ញាសាគឺ ១. វិញ្ញាសាវាយគូក្រោមអាយុ១៦ឆ្នាំ, ២. វិញ្ញាសាវាយគូក្រោមអាយុ២៥ឆ្នាំ ៣. វិញ្ញាសាគូបុរស-នារី និង៤.វិញ្ញាសាវាយគូអាយុ២៥ឆ្នាំឡើង។
ជ័យលាភីលេខ១ទទួលបានមេដាយមាស រ៉ាកែត និងប្រាក់រង្វាន់១លានរៀល។ ជ័យលាភីលេខ២ទទួលបានមេដាយប្រាក់ ស្បែកជើងម្នាក់១គូ និងប្រាក់រង្វាន់៨ម៉ឺនរៀល និងជ័យលាភីលេខ៣ទទួលបានមេដាយសំរិទ្ធ កាបូបម្នាក់១ និងប្រាក់រង្វាន់៦០ម៉ឺនរៀល ព្រមទាំងមានមេដាយសំរិទ្ធស្ទួនទាំង៤វិញ្ញាសាផងដែរដែលពិធីបិទ-បំពាក់មេដាយក្រោមអធិបតីភាពលោកឧកញ៉ា ឈៀង សុវណ្ណរតនៈ អ្នកបង្កើតឲ្យមានកម្មវិធីប្រកួតពានរង្វាន់នេះឡើង៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី