Connect with us

កីឡា

Madura United នាំ​កីឡាករបរទេស៨​នាក់ ប៉ះ​ព្រះ​ខ័ន​រាជ​ស្វាយរៀង ថ្ងៃ​ព្រហស្បតិ៍នេះ

បានផុស

នៅ

ក្រុមឥណ្ឌូណេស៊ី Madura United មានកីឡាករបរទេស៨នាក់ដែលត្រូវធ្វើដំណើរមកប្រទេសកម្ពុជាប្រកួតជាមួយ ព្រះខ័នរាជស្វាយរៀង នៅ​ថ្ងៃ​ទី​១០ ខែ​មេសានេះ ជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League ឆ្នាំ២០២៤-២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Madura United ជាក្រុមខ្លាំងមួយដែលធ្លាប់ឈ្នះព្រះខ័នរាជស្វាយរៀង នៅវគ្គសន្សំក្នុងពូល ពានរង្វាន់​ដដែល​នេះ​​ ប៉ុន្តែនៅលីគឥណ្ឌូណេស៊ីវិញ ពួកគេមិនសូវជាខ្លាំងប៉ុន្មានឡើយដោយកំពុងស្ថិតនៅ​ចំណាត់​ថ្នាក់​១៤ បន្ទាប់​ពី​ឈ្នះ​៧ ស្មើ​៦ និង​ចាញ់​១៤ រកបាន​២៧​ពិន្ទុ។

យ៉ាង​ណា ការ​ប្រកួត​កាល​ពី​សប្តាហ៍​មុន ពួក​គេ​បាន​យក​ឈ្នះ​ក្រុម​ខ្លាំង Persijaa Jakarta ដោយ​លទ្ធផល ១-០។ ពួកគេបានឡើងមកលេងពានរង្វាន់អាស៊ីកម្រិតទី៣នេះដោយសារកាលពីរដូវកាលមុន ពួកគេទទួលបានចំណាត់ថ្នាក់លេខ២ក្នុងលីគកំពូលឥណ្ឌូណេស៊ី។

ពួកគេមានដល់ទៅ៨នាក់សុទ្ធតែជាកីឡាករមានពិសោធច្រើន។ ចំពោះកីឡាករក្នុងស្រុកវិញ គ្មានកីឡាករណាម្នាក់ដែលជាប់ជម្រើសជាតិឥណ្ឌូណេស៊ីឡើយនាពេលបច្ចុប្បន្ន ប៉ុន្តែមានមួយចំនួនធ្លាប់ជាប់ជម្រើសជាតិកាលពីប៉ុន្មានឆ្នាំមុន និងមានបទពិសោធច្រើនក្នុងលីគឥណ្ឌូណេស៊ី។

ក្នុងចំណោមកីឡាករបរទេសទាំង៨នាក់ មានកីឡាករអេស្ប៉ាញ Youssef Ezzejjari ធ្លាប់មកលេងនៅលីគបាល់ទាត់កម្ពុជាគឺក្លិបវិសាខា កាលពីរដូវកាល២០២៣-២៤។ រូបគេទើបតែចូលរួមជាមួយ Madura United ក្នុងនាមជាកីឡាករខ្ចីជើងពីក្លិប Barito Putera ដែលទើបចូលរួមកាលពីខែមករា ឆ្នាំ២០២៥។

កីឡាករបរទេសរបស់ Madura United

  • ខ្សែប្រយុទ្ធអេស្ប៉ាញ Youssef Ezzejjari ចូលរួមឆ្នាំ២០២៥
  • ខ្សែប្រយុទ្ធស៊ែប៊ី Miljan Škrbić ចូលរួមឆ្នាំ២០២៥
  • ខ្សែបម្រើកូឡុំប៊ី Brayan Angulo ចូលរួមឆ្នាំ២០២៥
  • ខ្សែបម្រើបូស្នៀ Kerim Palić ចូលឆ្នាំ២០២៥
  • ខ្សែបម្រើប្រេស៊ីល Iran Júnior ចូលរួមឆ្នាំ២០២៤
  • ខ្សែបម្រើប្រេស៊ីល Lulinha ចូលរួមតាំងពីឆ្នាំ២០២២
  • ខ្សែបម្រើហូឡង់ Jordy Wehrmann ចូលរួមឆ្នាំ២០២៤
  • ខ្សែការពារព័រទុយហ្គាល់ Pedro Monteiro ចូលរួមឆ្នាំ២០២៤

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម