ក្រសួងបាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងឆមាសទី១ នៃឆ្នាំ ២០២៤ ការនាំចេញអង្កររបស់ថៃ ដែលជាប្រទេសនាំចេញអង្ករធំជាងគេទី២របស់ពិភពលោក មានចំនួន ៥,០៨ លានតោន ក្នុងតម្លៃប្រមាណ ១១៧,៨ ប៊ីលានបាត ដោយកើនឡើង ២៥,១ ភាគរយ បើគិតពីបរិមាណ និង ៥៥,៥ ភាគរយ បើគិតពីតម្លៃ ធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទេសចរណ៍ នៅតែជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ថៃ ចំពេលដែលប្រទេសនេះត្រូវជួបនឹងការធ្លាក់ចុះនៃផលិតកម្ម និងបំណុលពិបាកទារខ្ពស់ ដែលរារាំងដល់កំណើន។ ក្រសួងហិរញ្ញវត្ថុរំពឹងថា ភ្ញៀវបរទេសចំនួន ៣៦ លាននាក់ នឹងចូលមកលេងថៃក្នុងឆ្នាំនេះ ដែលអាចឱ្យប្រទេសកើបប្រាក់ប្រមាណ ១,៦៩ ទ្រីលានបាត ដោយសារតែគោលនយោបាយផ្សេងៗ ជាពិសេសការលើកលែងទិដ្ឋាការ។
រដ្ឋាភិបាលថៃបានខិតខំប្រឹងប្រែងទាក់ទាញភ្ញៀវទេសចរ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចដែលកំពុងដើរអូសជើង ក្នុងមហិច្ឆតាទាក់ទាញភ្ញៀវបរទេសឱ្យបាន ៣៥ លាននាក់ក្នុងឆ្នាំនេះ។ ក្នុងជំហានចុងក្រោយដើម្បីសម្រេចគោលដៅនេះ ថៃកាលពីសប្ដាហ៍មុន បានពង្រីកបញ្ជីលើកលែងទិដ្ឋាការចំនួន ៦០ ថ្ងៃ សម្រាប់ប្រមាណ ៩៣ ប្រទេស។