ពន្ធគយរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលបង្កើនក្ដីបារម្ភពីសម្ពាធអតិផរណា និងសេដ្ឋកិច្ច ហើយធ្វើឱ្យតម្រូវការមាសកើនឡើង។
រាប់តាំងពីដើមឆ្នាំ ២០២៥ មក តម្លៃមាសបានកើនឡើង ១៤ ភាគរយ រួចទៅហើយ ដោយសារតែការព្រួយបារម្ភសេដ្ឋកិច្ច និងបញ្ហាភូមិសាស្រ្តនយោបាយ។
អ្នកជំនាញលើកឡើងថា តម្លៃមាសកើនឡើងនៅពេលវិនិយោគិនបង្កើនការជួញដូរទ្រព្យសម្បត្តិសុវត្ថិភាពប្រភេទនេះ ជុំវិញពន្ធរបស់ ត្រាំ។
ធនាគារព្យាករថា តម្រូវការរបស់ធនាគារកណ្តាលខ្ពស់ ក៏ដូចជាកំណើនមាសក្នុងមូលនិធិវិនិយោគ នឹងបង្កើនតម្លៃមាស ៩ ភាគរយ ត្រឹមចុងឆ្នាំ ២០២៥។
លោក ត្រាំ បានធ្វើឱ្យទីផ្សារមានភាពរំជើបរំជួលជាមួយនឹងគោលនយោបាយពន្ធដែលអាចពន្យឺតកំណើនសេដ្ឋកិច្ច ធ្វើឱ្យអតិផរណាកើនឡើង និងរំខានដល់ពាណិជ្ជកម្មពិភពលោក។
អ្នកជំនាញគូសភ្ជាប់ការឡើងថ្លៃមាសនេះ ទៅនឹងទិន្នន័យកំណើនសេដ្ឋកិច្ចអាមេរិក ក៏ដូចជាការគំរាមកំហែងរបស់លោក ត្រាំ ជាមួយនឹងគោលនយោបាយពន្ធគយរបស់លោក។
អត្រាតម្លៃជួញដូរនៅថ្ងៃចន្ទនេះ មិនសូវខុសគ្នាខ្លាំងពីសប្ដាហ៍មុននោះទេ។ អ្នកជំនាញលើកឡើងថា ទោះបីជាមាសរងនូវសម្ពាធនៃការលក់ចេញច្រើនក៏ដោយ ក៏ការធ្លាក់ចុះតម្លៃមាសនៅតែមានកម្រិត ដោយសារតែមាសជាទ្រព្យសុវត្ថិភាពពេលមានអាសន្ន។