កំណើននៃទំនិញថោកៗពីប្រទេសចិន បានបង្កជាក្ដីបារម្ភពីភាគីពាក់ព័ន្ធក្នុងស្រុកថៃផ្សេងៗ ជាពិសេសក្រុមអាជីវកម្មខ្នាតតូច និងមធ្យម ដោយថាវារួមចំណែកដល់ការបិទរោងចក្រ និងការបាត់បង់ការងារមួយចំនួននៅថៃ ដែលជំរុញឱ្យមានការអំពាវនាវឱ្យរដ្ឋាភិបាលថៃចាត់វិធានការ។
គណៈកម្មាធិការអចិន្ត្រៃយ៍រួមស្តីពីពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) របស់ប្រទេសថៃ បាននិយាយថា ការហូរចូលនៃផលិតផលឧស្សាហកម្មរបស់ចិនមកកាន់តំបន់អាស៊ីអាគ្នេយ៍ កំពុងធ្វើឱ្យប៉ះពាល់ដល់ពាណិជ្ជកម្មរបស់ថៃ ដោយកាត់បន្ថយចំណែកទីផ្សារនៅក្នុងតំបន់ និងនាំឱ្យមានឱនភាពពាណិជ្ជកម្មជាមួយប្រទេសចិនជិត ២០ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ កាលពីថ្ងៃព្រហស្បតិ៍។