រ៉យទ័របានវិភាគលើទិន្នន័យពីការិយាល័យស្ថិតិជាតិ (NBS) ដោយរកឃើញថា តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ៥,៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលកាន់តែអាក្រក់ជាងការធ្លាក់ចុះ ៥,៣ ភាគរយ កាលពីខែសីហា។ វាគឺជាការធ្លាក់ចុះ ១៥ ខែ ជាប់ៗគ្នា។
ការសន្យាផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងអភិវឌ្ឍន៍ទីក្រុង ដែលជាប់គាំងដោយសារសាច់ប្រាក់ គឺជាផ្នែកមួយនៃវិធានការជាបន្តបន្ទាប់ដែលរដ្ឋាភិបាលចិនបានប្រកាសក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ចំពេលដែលវិស័យអចលនទ្រព្យ បន្តអូសបន្លាយក្នុងវិបត្តិជាប់គាំងរាប់តាំងពីឆ្នាំ ២០២១។
កន្លងមក រដ្ឋាភិបាលចិនបានចេញនូវគោលនយោបាយផ្សេងៗ រួមទាំងការកាត់បន្ថយអត្រាការប្រាក់ចុះក្រោម និងអត្រាកម្ចីទិញផ្ទះ ដើម្បីគាំទ្រដល់វិស័យអចលនទ្រព្យ ដែលធ្លាប់តែរួមចំណែករហូតប្រមាណ ១/៤ នៃសេដ្ឋកិច្ចចិន។
វាគឺជាវិធានការចុងក្រោយបង្អស់របស់រដ្ឋាភិបាលចិន ក្នុងគោលបំណងជំរុញសេដ្ឋកិច្ចដើម្បីសម្រេចបានគោលដៅកំណើន ៥ ភាគរយ ។
យោងតាមទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ China Index Academy តម្លៃមធ្យមសម្រាប់ផ្ទះថ្មីនៅទូទាំងទីក្រុងចំនួន ១០០ របស់ចិនប្រចាំខែសីហា បានកើនឡើង ០,១១ ភាគរយ ដោយយឺតជាងកំណើន ០,៣ ភាគរយប្រចាំខែកក្កដា។