ការនាំចេញរបស់ប្រទេសថៃប្រចាំខែកក្កដា បានកើនឡើង ១៥,២ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែកំណើននៃតម្រូវការក្នុងបណ្ដាទីផ្សារនាំចូលពេលអតិផរណាពិភពលោកធ្លាក់ចុះ។
បំណុលគ្រួសារមានចំនួន ១៦,៣ ទ្រីលានបាតក្នុងត្រីមាសទី១ ដែលតំណាងឱ្យកំណើន ២,៥ ភាគរយ ពោលគឺធ្លាក់ចុះពីកំណើន ៣ ភាគរយ ក្នុងត្រីមាសចុងក្រោយឆ្នាំ ២០២៣។ ចំនួន ១៦,៣ ទ្រីលានបាត គឺស្មើនឹង ៩០,៨ ភាគរយ នៃផលិតផលក្នុងស្រុកសរុបរបស់ថៃ ដោយធ្លាក់ចុះពី ៩១,៤ ភាគរយ ក្នុងត្រីមាសមុនដូចគ្នា។
ការវិនិយោគនៅត្រីមាសទី២ដដែល បានធ្លាក់ចុះខ្លាំង ដល់ ៦,២ ភាគរយ ដោយសារតែការធ្លាក់ចុះនៃការវិនិយោគឯកជនក្នុងការដឹកជញ្ជូន ទំនិញមូលធន និងសំណង់ ដែលនេះគឺជាបញ្ហាស្នូលបង្កទុទ្ទិដ្ឋិនិយមរបស់សេដ្ឋវិទូថៃ។
ប្រធានសភាពាណិជ្ជកម្មថៃ លោក Sanan Angubolkul បានស្នើឡើងថា រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្រ្តីថៃថ្មី លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា គួរតែផ្តល់អាទិភាពលើការពង្រឹងតម្លៃប្រាក់បាត ជំរុញទេសចរណ៍ និងការពង្រីកទីផ្សារនាំចេញក្នុងរយៈពេលខ្លី ខណៈបន្តគោលនយោបាយវិនិយោគ និងគោលនយោបាយថាមពលទន់ដែលមានស្រាប់ ដើម្បីជំរុញសេដ្ឋកិច្ច។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation កាលពីថ្ងៃចន្ទ។
វិស័យឯកជនថៃជឿជាក់ថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាមេដឹកនាំគណបក្សកាន់អំណាចភឿថៃ អាចបន្តគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលផ្សេងៗដោយរលូន ពេលលោកស្រីក្លាយជានាយករដ្ឋមន្ត្រីថ្មី។ នេះតាមការចុះផ្សាយរបស់កាសែត The Nation មុនពេលលោកស្រីត្រូវបានបោះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីថៃទី ៣១ នាថ្ងៃសុក្រនេះ ដោយទទួលបានសម្លេងគាំទ្រច្រើនលើសលុបនៅក្នុងសភា ហើយនឹងបន្តវេនពីលោក សេដ្ឋា ថាវីស៊ីន ដែលតុលាការធម្មនុញ្ញដកតំណែងកាលពីថ្ងៃពុធ។
សាលក្រមដដែល ក៏ប្រកាសឡើងផងដែរ ខណៈប្រទេសថៃមើលឃើញពីដំណើរមិនសូវស្រួលនៃសេដ្ឋកិច្ច ដែលញំញីដោយសារកម្ចីពិបាកទារខ្ពស់ កម្សោយនៃការចំណាយ-ការប្រើប្រាស់ និងការធ្លាក់ចុះនៃផលិតកម្ម និងការបិទរោងចក្រជាដើម។ អ្នកវិភាគមើលឃើញថា ភាពស្រពិចស្រពិលនៃស្ថានភាពនយោបាយបច្ចុប្បន្នរបស់ថៃ និងចុងក្រោយបំផុតគឺការដកតំណែងលោក សេដ្ឋា នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចដែលដើរអូសជើងរួចហើយនោះ បន្តត្រដាបត្រដួស។
ទេសចរណ៍ នៅតែជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ថៃ ចំពេលដែលប្រទេសនេះត្រូវជួបនឹងការធ្លាក់ចុះនៃផលិតកម្ម និងបំណុលពិបាកទារខ្ពស់ ដែលរារាំងដល់កំណើន។ ក្រសួងហិរញ្ញវត្ថុរំពឹងថា ភ្ញៀវបរទេសចំនួន ៣៦ លាននាក់ នឹងចូលមកលេងថៃក្នុងឆ្នាំនេះ ដែលអាចឱ្យប្រទេសកើបប្រាក់ប្រមាណ ១,៦៩ ទ្រីលានបាត ដោយសារតែគោលនយោបាយផ្សេងៗ ជាពិសេសការលើកលែងទិដ្ឋាការ។