វិស័យឯកជនថៃជឿជាក់ថា លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) ដែលជាមេដឹកនាំគណបក្សកាន់អំណាចភឿថៃ អាចបន្តគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាលផ្សេងៗដោយរលូន ពេលលោកស្រីក្លាយជានាយករដ្ឋមន្ត្រីថ្មី។ នេះតាមការចុះផ្សាយរបស់កាសែត The Nation មុនពេលលោកស្រីត្រូវបានបោះឆ្នោតក្លាយជានាយករដ្ឋមន្រ្តីថៃទី ៣១ នាថ្ងៃសុក្រនេះ ដោយទទួលបានសម្លេងគាំទ្រច្រើនលើសលុបនៅក្នុងសភា ហើយនឹងបន្តវេនពីលោក សេដ្ឋា ថាវីស៊ីន ដែលតុលាការធម្មនុញ្ញដកតំណែងកាលពីថ្ងៃពុធ។
សាលក្រមដដែល ក៏ប្រកាសឡើងផងដែរ ខណៈប្រទេសថៃមើលឃើញពីដំណើរមិនសូវស្រួលនៃសេដ្ឋកិច្ច ដែលញំញីដោយសារកម្ចីពិបាកទារខ្ពស់ កម្សោយនៃការចំណាយ-ការប្រើប្រាស់ និងការធ្លាក់ចុះនៃផលិតកម្ម និងការបិទរោងចក្រជាដើម។ អ្នកវិភាគមើលឃើញថា ភាពស្រពិចស្រពិលនៃស្ថានភាពនយោបាយបច្ចុប្បន្នរបស់ថៃ និងចុងក្រោយបំផុតគឺការដកតំណែងលោក សេដ្ឋា នឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចដែលដើរអូសជើងរួចហើយនោះ បន្តត្រដាបត្រដួស។
ទេសចរណ៍ នៅតែជាកត្តាជំរុញដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ថៃ ចំពេលដែលប្រទេសនេះត្រូវជួបនឹងការធ្លាក់ចុះនៃផលិតកម្ម និងបំណុលពិបាកទារខ្ពស់ ដែលរារាំងដល់កំណើន។ ក្រសួងហិរញ្ញវត្ថុរំពឹងថា ភ្ញៀវបរទេសចំនួន ៣៦ លាននាក់ នឹងចូលមកលេងថៃក្នុងឆ្នាំនេះ ដែលអាចឱ្យប្រទេសកើបប្រាក់ប្រមាណ ១,៦៩ ទ្រីលានបាត ដោយសារតែគោលនយោបាយផ្សេងៗ ជាពិសេសការលើកលែងទិដ្ឋាការ។
នាយកគ្រប់គ្រងនៃធនាគារ SME D Bank លោក Phichit Mitrawong បានសន្មតថា កំណើននេះបណ្ដាលមកពីស្ថានភាពសេដ្ឋកិច្ចយឺតយ៉ាវ ដែលធ្វើឱ្យអំណាចទិញរបស់អតិថិជនថយចុះ ហើយផ្ដល់ផលប៉ះពាល់ដល់ការលក់ដុំ និងរាយក្នុងស្រុក។