បច្ចេកវិទ្យា
អ្នកជំនាញនិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ”
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែល Apple បានរក្សាតំណែងលេចធ្លោរបស់ខ្លួននៅក្នុងផ្នែកស្មាតហ្វូនកម្រិតខ្ពស់នៅក្នុងប្រទេសចិន។ គេបានមើលឃើញថា គ្មានក្រុមហ៊ុនណាមួយអាចបង្កើតផលិតផលស្មាតហ្វូនដែលអាចប្រកួតប្រជែងជាមួយនឹង iPhone និងស្លាកយីហោរូបផ្លែប៉ោមឆែប ដែលជាម៉ាកប្រណីតសម្រាប់អ្នកមានជីវិភាពខ្ពស់បាននោះទេ។ ដូច្នេះហើយប្រទេសចិនគឺជាទីផ្សារដ៏សំខាន់បំផុតសម្រាប់ iPhone បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានចំនួន ២០% នៃការលក់របស់ Apple ។ ប៉ុន្តែយ៉ាងណាក៏ដោយសម្រាប់ពេលបច្ចុប្បន្ននេះ អ្នកជំនាញបាននិយាយថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ” ។
យោងតាមរបាយការណ៌លក់ក្នុងប្រទេសចិន Counterpoint ដែលបង្ហាញដោយសារព័ត៌មាន Zing news បានឱ្យដឹងថា ក្នុងរយៈពេល ៦ សប្តាហ៍ដំបូងនៃឆ្នាំ ២០២៤ ការលក់ទូរស័ព្ទ iPhone បានធ្លាក់ចុះ ២៤% បើធៀបនឹងឆ្នាំមុន។ទន្ទឹមនឹងនេះ ការលក់របស់ក្រុមហ៊ុន Huawei ដែលជាគូប្រជែងក្នុងស្រុករបស់ Apple បានកើនឡើង ៦៤% ។
ប្រភពបាននិយាយថា ការច្របាច់ករបស់សហរដ្ឋអាមេរិកមកលើប្រទេសចិន និងភាពតានតឹងផ្នែកពាណិជ្ជកម្មបច្ចេកវិទ្យា បានបណ្តាលឱ្យជនជាតិចិននឿយណាយ ក្នុងការចាប់កាន់ប្រើប្រាស់ទូរស័ព្ទដៃដែលផលិតដោយក្រុមហ៊ុនអាមេរិក ដូច្នេះហើយកត្តានេះបានធ្វើឱ្យម៉ាកយីហោក្នុងស្រុកឈានមុខគេគឺ Huawei ចាប់ផ្ដើមរៀនរស់ដោយខ្លួនឯង រហូតទទួលបានជោគជ័យជាថ្មី ។
លោកស្រី Linda Sui នាយកជាន់ខ្ពស់នៃក្រុមហ៊ុនស្រាវជ្រាវ TechInsights បានប្រាប់កាសែត New York Times ថា “យុគមាសរបស់ Apple នៅក្នុងប្រទេសចិនបានបញ្ចប់ហើយ” ។ យោងតាមអ្នកជំនាញ ហេតុផលដ៏ធំបំផុតមួយគឺការបង្កើនភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនជុំវិញពាណិជ្ជកម្ម និងបច្ចេកវិទ្យា។ ប្រសិនបើភាពតានតឹងភូមិសាស្ត្រនយោបាយមិនធូរស្រាលទេ វានឹងពិបាកសម្រាប់ Apple ក្នុងការរក្សាជំហររបស់ខ្លួននៅក្នុងប្រទេសចិន។ លោកស្រីបន្តថា “បញ្ហាមិនគ្រាន់តែមកពីអ្នកប្រើប្រាស់ទេ វាក៏ទាក់ទងទៅនឹងរូបភាពរួមផងដែរ នៅពេលដែលមហាអំណាចទាំងពីរប្រឈមមុខដាក់គ្នា។ នេះគឺជាដើមចមដែលនៅពីក្រោយរាល់បញ្ហាប្រឈមរបស់ Apple” ។
សម្រាប់មនុស្សមួយចំនួននៅក្នុងប្រទេសចិន ការទិញទូរស័ព្ទមិនខុសពីការប្រកាសជំហរនយោបាយនោះទេ។ នៅលើបណ្តាញទំនាក់ទំនងសង្គម ការជជែកដេញដោលជាបន្តបន្ទាប់បានផ្ទុះឡើងជុំវិញថាតើការប្រើប្រាស់ iPhone គឺជាការប្រមាថដល់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិន ហើយកាលពីឆ្នាំមុន ទីភ្នាក់ងាររដ្ឋាភិបាលចិនមួយចំនួនបានចេញបទប្បញ្ញត្តិហាមបុគ្គលិកមិនឱ្យប្រើ iPhone សម្រាប់ការងារ ដោយបទប្បញ្ញត្តិនេះបានលេចឡើងតិចជាង ២ សប្តាហ៍បន្ទាប់ពីក្រុមហ៊ុន Huawei បានចាប់ផ្តើមបញ្ចេញស្មាតហ្វូន Mate 60 Pro ដែលជាស្មាតហ្វូនបំពាក់ដោយប្រព័ន្ធប្រតិបត្តិការ “ក្នុងស្រុក” ។ ប្រព័ន្ធផ្សព្វផ្សាយចិនបានហៅថានេះជាជ័យជម្នះសម្រាប់ក្រុមហ៊ុន Huawei ដែលបានប្រឆាំងនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនក្នុងការកម្រិតការអភិវឌ្ឍបច្ចេកវិទ្យារបស់ប្រទេសចិន។
យោងតាមទិន្នន័យពី Counterpoint ការលក់របស់ក្រុមហ៊ុន Huawei បានដណ្ដើមទីផ្សារស្មាតហ្វូនទាំងមូលក្នុងរយៈពេល ៦ សប្តាហ៍ដំបូងនៃឆ្នាំ ២០២៤ ដែលធ្វើឱ្យក្រុមហ៊ុនកាន់កាប់ចំណែកទីផ្សារធំទីពីរនៅក្នុងទីផ្សារស្មាតហ្វូនរហូតដល់ ១៧% ។
សូមជម្រាបជូនផងដែរថា យោងតាម កាសែត New York Times ក្រុមហ៊ុន Apple បានចាប់ផ្តើមលក់ iPhones នៅក្នុងប្រទេសចិនក្នុងឆ្នាំ ២០០៩ ហើយលើកចុងក្រោយដែល Apple បានបាត់បង់តំណែងក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុន Huawei គឺនៅឆ្នាំ ២០១៩ ។ ប៉ុន្តែភ្លាមៗនោះ រដ្ឋបាលលោក Donald Trump បាន “ពន្យារអាយុជីវិត” របស់ Apple តាមវិធីដាក់កម្រិតបច្ចេកវិទ្យារបស់ចិន តាមរយៈការកាត់ផ្ដាច់ទំនាក់ទំនងពាណិជ្ជកម្មបច្ចេកវិទ្យារវាងក្រុមហ៊ុន Huawei និង Google រួមទាំងក្រុមហ៊ុន semiconductor មួយចំនួនក៏បានកាត់ផ្តាច់កិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនផលិតរបស់ចិនផងដែរ ៕
ប្រែសម្រួលដោយ៖ ប៉ោ កុសល
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៨ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់