ព័ត៌មានអន្ដរជាតិ
អ្នកបកប្រែជាច្រើននៅ វៀតណាម ភ័យខ្លាចថា AI នឹងជំនួសការងារទាំងស្រុង
ជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា សមត្ថភាពដំណើរការព័ត៌មាននៃបញ្ញាសិប្បនិមិត្ត (AI) កាន់តែរឹងមាំជាលំដាប់ ហើយថែមទាំងអាចជំនួសការងារមនុស្សមួយចំនួនទៀតផង។ ឧស្សាហកម្មបកប្រែគឺមិនមានករណីលើកលែងនោះទេ ជាពិសេសនៅពេលដែល AI ចាប់ផ្តើមអនុវត្តចំពោះដំណើរការបកប្រែ និងបង្កើតផលប៉ះពាល់យ៉ាងសំខាន់ទៅលើអ្នកបកប្រែ។
ប្រជាជននៅក្នុងប្រទេសវៀតណាមដែលប្រកបអាជីពជាអ្នកបកប្រែភាសា បានចាត់ទុក AI ជាសត្រូវខ្លួននាបច្ចុប្បន្ននេះថា វាអាចនឹងមកជំនួសការងាររបស់ពួកគេបានទាំងស្រុង។
លោក Truong Quoc Hung អាយុ ៤៨ ឆ្នាំ មកពី Hoai Duc ទីក្រុងហាណូយ បានចែករំលែករឿងរ៉ាវជ្រើសរើសអាជីពសម្រាប់កូនប្រុស ដើម្បីប្រឡងចូលសាកលវិទ្យាល័យថា៖ «កូនប្រុសរបស់ខ្ញុំមានទេពកោសល្យខាងភាសា ហើយពូកែរៀនភាសាបរទេសណាស់។ គាត់បានបង្ហាញបំណងចង់សិក្សាភាសាបារាំងឲ្យស៊ីជម្រៅ និងចង់ក្លាយជាអ្នកបកប្រែ ដូច្នេះគាត់អាចធ្វើដំណើរទៅកាន់កន្លែងជាច្រើន និងប្រាស្រ័យទាក់ទងនឹងវប្បធម៌ផ្សេងៗ។ ខ្ញុំគិតថាជាមួយនឹងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា និងបញ្ញាសិប្បនិម្មិត ប្រសិនបើវាមិនល្អឥតខ្ចោះទេ វិជ្ជាជីវៈអ្នកបកប្រែអាចក្លាយទៅជាអាជីពហួសសម័យ ហើយត្រូវបានជំនួសដោយម៉ាស៊ីនយ៉ាងងាយស្រួល»។
ទន្ទឹមគ្នានោះដែរ Nguyen Nhu Quynh ជាស្រ្តីវ័យ២៥ឆ្នាំដែលប្រកបអាជីពអ្នកបកប្រែ ក៏បានសម្ដែងការរព្រួយបារម្ភមិនខុសគ្នាពីលោក Hung ស្របពេលដែលនាងធ្លាប់ធ្លាក់ក្នុងភាពអត់ការងារធ្វើដោយសារតែ AI ដែរ។ អ្នកបកប្រែឯករាជ្យរូបនេះរៀបរាប់ថា ខ្លួនធ្លាប់ធ្វើការងារបន្ថែមលើការបកប្រែ និងថតសំឡេងសម្រាប់វីដេអូផ្សព្វផ្សាយ ការអានបន្ទាត់សម្រាប់ការណែនាំអាជីវកម្ម។
ការងាររបស់នាងដំណើរការទៅយ៉ាងរលូន ស្រាប់តែអតិថិជនសម្រេចចិត្តឈប់សហការជាមួយដោយលើកហេតុផលថា អាជីវកម្មអាចប្រើសំឡេង AI ដើម្បីជំនួសមនុស្ស។ ភាពត្រឹមត្រូវខ្ពស់ និងតម្លៃថោកជាងការជួលអ្នកបកប្រែ គឺជាហេតុផលដែលគ្រប់គ្នាជាច្រើនជ្រើសរើស AI នៅក្នុងបរិបទបច្ចុប្បន្ន។
ស្រ្តីវ័យ២៥ឆ្នាំបានចែករំលែករឿងរ៉ាវរបស់នាងយ៉ាងសោកសៅថា «ខ្ញុំបានចូលអ៊ីនធឺណេតដើម្បីរៀនអំពីបញ្ញាសិប្បនិមិត្ត ហើយត្រូវទទួលស្គាល់ថាសមត្ថភាពបកប្រែនៃបញ្ញាសិប្បនិមិត្តបានប្រសើរឡើងគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ការសន្ទនាក្នុងឃ្លីបផ្សាយពាណិជ្ជកម្មច្រើនតែមានរយៈពេលខ្លី និងមិនស្មុគស្មាញពេក ដូច្នេះ AI បង្កើតការបកប្រែយ៉ាងស្អាត ដោយមានសំឡេងមិនខុសពីមនុស្សទេ»។
ស្រ្តីវ័យ ២៨ ឆ្នាំម្នាក់ទៀត ឈ្មោះ Nguyen Thanh Thuy បច្ចុប្បន្នជាជំនួយការបង្រៀន និងជាអ្នកបកប្រែនៅមជ្ឈមណ្ឌលភាសាចិននៅទីក្រុងហាណូយ ក៏បានចែករំលែកទស្សនៈរបស់ខ្លួនលើ AI ដោយទទួលស្គាល់ថា បញ្ញាសិប្បនិមិត្តមានឥទ្ធិពលយ៉ាងខ្លាំងទៅលើឧស្សាហកម្មបកប្រែ។ ការប្រើប្រាស់កម្មវិធីបកប្រែ ក៏នាំមកនូវអត្ថប្រយោជន៍សំខាន់ៗជាច្រើនដល់មនុស្សក្នុងការបំប្លែងរវាងភាសានានា។
នាងបានចែករំលែកដែរថា ជាដំបូង ដោយសារសមត្ថភាពរបស់វាក្នុងដំណើរការទិន្នន័យដ៏ច្រើនយ៉ាងរហ័ស និងប្រកបដោយប្រសិទ្ធភាព AI ជួយកាត់បន្ថយពេលវេលាក្នុងដំណើរការបកប្រែ។ ជាឧទាហរណ៍ កាលពីមុន នៅពេលប្រើប្រាស់ឧបករណ៍ស្វែងរកដូចជាវចនានុក្រម Google Translate ឬ Microsoft Translator វាបានចំណាយពេលនិងសហការីជាច្រើនថ្ងៃ ដើម្បីបញ្ចប់ការបកប្រែឯកសារយោងពីភាសាចិនទៅជាភាសាវៀតណាម។ ឥឡូវនេះ ដោយមានការគាំទ្រពី AI ពេលវេលាធ្វើការត្រូវបានកាត់បន្ថយមកត្រឹមពាក់កណ្តាលប៉ុណ្ណោះ។ ជាពិសេស កត្តាសំខាន់មួយក្នុងការបកប្រែ គឺការធានានូវភាពត្រឹមត្រូវ និងអត្ថន័យនៃការបកប្រែបើប្រៀបធៀបទៅនឹងច្បាប់ដើម។
ថ្វីដ្បិតតែថាបច្ចេកវិទ្យា និងម៉ាស៊ីនជួយអ្នកបកប្រែ សន្សំសំចៃពេលវេលា និងបំពេញតម្រូវការបរិមាណ ប៉ុន្តែពួកវាគ្រាន់តែជាឧបករណ៍ជំនួយប៉ុណ្ណោះ ហើយមិនអាចជំនួសសកម្មភាពមនុស្សទាំងស្រុងបានទេ។ ការបកប្រែនៅតែត្រូវការការកែសម្រួល ដើម្បីធានាបាននូវគុណភាព និងរក្សាភាពស្រស់ស្អាតនៃភាសា អត្ថន័យ និងរចនាប័ទ្មនៃអត្ថបទដើម។
ដូច្នេះហើយ ក្នុងបរិបទបច្ចុប្បន្ន មនុស្សដែលធ្វើការជាអ្នកបកប្រែ និងអ្នកបកប្រែភាសាត្រូវរៀនពីរបៀបទាញយកសក្តានុពល និងគ្រប់គ្រងបច្ចេកវិទ្យាថ្មី ដើម្បីធ្វើឲ្យការងាររបស់ពួកគេកាន់តែមានប្រសិទ្ធភាព ជំនួសឱ្យការភ័យខ្លាចថាត្រូវបានជំនួសដោយម៉ាស៊ីន៕

អត្ថបទ៖ សាង ស្រីល័ក្ខ

-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?