ចរាចរណ៍
ផែនការយុទ្ធសាស្ត្រ បើកទេសចរណ៍ឡើងវិញ នឹងដាក់ជូនប្រមុខរដ្ឋាភិបាលឆាប់ៗនេះ
ក្រសួងទេសចរណ៍នឹងដាក់ឯកសារផែនការយុទ្ធសាស្ត្រ ដើម្បីបើកទេសចរណ៍ឡើងវិញ ជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពិនិត្យសម្រេច នាពេលឆាប់ៗខាងមុខនេះហើយ។ នេះបើតាមការបញ្ជាក់ពីលោក តុប សុភ័ក អ្នកនាំពាក្យក្រសួទេសចរណ៍ ដែលបានប្រាប់ “កម្ពុជាថ្មី” ថ្ងៃទី១៥ ខែតុលា នេះ។
កាលពីម្សិលមិញ រដ្ឋមន្រ្តីក្រសួងទេសចរណ៍លោក ថោង ខុន បានដឹកនាំមន្ត្រីជំនាញ នៃក្រសួងទេសចរណ៍ ដើម្បីឆ្លងសេចក្តីព្រាងឯកសារផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព (ទេសចរណ៍វ៉ាក់សាំង) និងវិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។ កិច្ចប្រជុំនេះដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន និងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបប្រមាណ៥១រូប។
ឯកសារនេះមានចំនួន ០២ គឺទី១. ផែនការយុទ្ធសាស្រ្ត ស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព (ទេសចរណ៍វ៉ាក់សាំង) ទី២. វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣។
ឯកសារទាំង២នេះរៀបចំឡើងដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីថ្លែងក្នុងពិធីបើកយុទ្ធនាការថ្នាក់ជាតិ ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់កុមារ អាយុចាប់ពី០៦ឆ្នាំ ដល់អាយុក្រោម ១២ឆ្នាំកាលពីថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ ២០២១។ សម្តេចបានគូសបញ្ជាក់ថា ផ្តើមចេញពីការបើកសាលារៀនឡើងវិញ បន្ទាប់មក គឺវិស័យសេវាកម្ម ពិសេសវិស័យទេសចរណ៍ ដែលត្រូវធ្វើឡើងជា២ជំហាន ដោយជំហានទី១ គឺបើកទេសចរណ៍ផ្ទៃក្នុង និងជំហានទី២ គឺបើកទទួលទេសចរណ៍វ៉ាក់សាំង។
លោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងនៅក្នុងពិធីទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន២លានដូស ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនចិន កាលពីម្សិលមិញថា ក្រសួងទេសចរណ៍បានធ្វើការងារច្រើនហើយទាក់ទងការបើកទេសចរណ៍ឡើងវិញនេះ ជាមួយគណៈកម្មការអន្តរក្រសួង ហើយឯកសារគោលនយោបាយ ក៏ដូចជាយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍កំពុងតែដាក់ឆ្លងគណៈកម្មការ ដើម្បីពិនិត្យមើល ថាតើយើងត្រូវសង្កត់ធ្ងន់ទៅលើប្រទេសណាខ្លះ ដែលមានហានិភ័យទាប ហើយប្រទេសណាខ្លះដែលមានហានិភ័យខ្ពស់ ហើយចូលមកត្រូវការអ្វីខ្លះ។
លោកស្រី យក់ សម្បត្តិ អះអាងយ៉ាងនេះថា៖ “ខ្ញុំគិតថា ឯកសារយើងមានគ្រប់គ្រាន់ នឹងត្រូវបើកឆាប់ៗនេះ ប្រហែលជាចុងឆ្នាំនេះ ក្រសួងទេសចរណ៍ នឹងដាក់ជូនទៅប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែនដើម្បីសម្រេច”៕
អត្ថបទ៖ កោះកែវ
-
ចរាចរណ៍៣ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រសួងធម្មការកំពុងពិនិត្យវិធានការលើបុគ្គលដែលថាព្រះសង្ឃជាបន្ទុកពលរដ្ឋ និងមើលងាយព្រះត្រៃបិដក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន
-
ព័ត៌មានជាតិ៦ ម៉ោង ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»