ចរាចរណ៍
ក្រសួងការពារជាតិ ព្រមានចាត់វិធានការអ្នកប្រើប្រាស់រថយន្តផ្លាកលេខ (ខ.ម) ខុសគោលការណ៍
ក្រសួងការពារជាតិ ព្រមានចាត់វិធានការចំពោះបុគ្គលណាប្រើប្រាស់រថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ (ខ.ម) មិនស្របតាមច្បាប់កំណត់ បង្កបាតុភាពដល់សង្គម សាធារណៈ ដែលធ្វើឱ្យប៉ះពាល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-60-1.png)
ការព្រមាននេះ បន្ទាប់ពីក្រសួងការពារជាតិ សង្កេតឃើញថា ស្ថានភាពនៃការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ក្នុងរយៈពេលចុងក្រោយនេះ កើតមាននូវបាតុភាពមួយចំនួនដែលធ្វើឱ្យប៉ះពាល់ដល់សង្គម និងសាធារណៈ។ តួយ៉ាងអ្នកប្រើប្រាស់ផ្លាកលេខ (ខ.ម) មួយចំនួនជារឿយៗនៅពេលមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍ តែងតែបញ្ចេញភាពក្រអឺតក្រទមមិនស័ក្ដិសមជាមន្ត្រីយោធា ធ្វើឱ្យមានការវាយតម្លៃ និងទទួលការរិះគន់ពីសាធារណជន ជាពិសេសប៉ះពាល់ដល់កិត្តិយសនៃកងយោធពលខេមរភូមិន្ទទាំងមូល ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដា្ឋនសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ ដែលបានជម្រាបជូនបណ្តាស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិ អគ្គបញ្ញាការដ្ឋាន និងគ្រប់បណ្តាប្រភេទទ័ពជំនាញទាំងអស់ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤។
យោងអនុក្រឹត្យចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ ២០០៨ ស្តីពីការចេញផ្លាកលេខសម្គាល់យានជំនិះ អ្នកប្រើប្រាស់ផ្លាកលេខ ខ.ម ត្រូវតែជានាយទាហានដែលមានសិទ្ធិពេញលេញ ដោយមិនអនុញ្ញាតឱ្យជនស៊ីវិល ឬជនបរទេសប្រើប្រាស់បានឡើយ។ ក្នុងន័យនេះក្រសួងសង្កត់ធ្ងន់ថា៖«ការប្រើប្រាស់យានយន្តពាក់ផ្លាកលេខចរាចរខេមរភូមិន្ទ ត្រូវស្របតាមការកំណត់របស់ក្រសួងការពារជាតិ ចំពោះក្រុមហ៊ុនសហការវិនិយោគ វិស័យការពារជាតិនានាក៏ត្រូវបានអនុវត្តដូចគ្នា។ ក្នុងករណីដែលអនុវត្តការប្រើប្រាស់ផ្ទុយខុសពីខ្លឹមសារ ក្រសួងការពារជាតិ នឹងចាត់វិធានការច្បាប់ជាធរមាន»។
ជុំវិញបញ្ហានេះ អ្នកជំនាញទស្សនវិជ្ជា និងកិច្ចការសង្គម នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត ឈត ប៊ុនថង សង្កេតឃើញថា រថយន្តរបស់ជនស៊ីវិលមួយចំនួនបានបំពាក់ផ្លាកលេខ ខ.ម. បើទោះបីជាច្បាប់មិនអនុញ្ញាតឱ្យបំពាក់ផ្លាកលេខប្រភេទនេះក៏ដោយ។ ក្នុងន័យនេះ លោកស្នើឱ្យក្រសួងដែលមានសមត្ថកិច្ចពង្រឹងការអនុវត្តច្បាប់ ហើយការប្រើប្រាស់ផ្លាកលេខ ខ.ម. នេះគួរតែអនុញ្ញាតឱ្យប្រើប្រាស់សម្រាប់តែយានយន្តរបស់កងកម្លាំង នាយទាហាន យោធា ឬសម្រាប់បេសកកម្ម ។
លោកថ្លែងថា៖«នៅពេលដែលមានរថយន្តស៊ីវិលពាក់ផ្លាកលេខ ខ.ម ត្រូវបានអ្នកផ្សេងដែលមិនមែនជាកងកម្លាំង នាយទាហានប្រើប្រាស់ គាត់អាចប្រើក្នុងរបៀបមិនគោរពគោលការណ៍ ច្បាប់ និងមិនគោរពវិន័យ ហើយប្រព្រឹត្តិបទល្មើសបើកបរបង្កគ្រោះថ្នាក់ បង្ហាញចរឹតក្រអឺតក្រទម នាំឱ្យប៉ះពាល់ម្ចាស់យាន្តផ្ទាល់ ប៉ះពាល់អង្គភាព និងប៉ះពាល់ដល់សង្គមសាធារណៈ»។
សូមរំឭកថា កាលពីខែកុម្ភៈ ឆ្នាំ ២០២៤ មានបុរសជនជាតិចិនម្នាក់បានបើករថយន្តម៉ាក LEXUS ពណ៌ខ្មៅពាក់ផ្លាកលេខខេមរភូមិន្ទ ទៅប៉ះទង្គិចជាមួយរថយន្តមួយគ្រឿងទៀតនៅខេត្តព្រះសីហនុ។ រីឯករណីមួយទៀត ក្នុងខែកុម្ភៈដដែល បុរសជនជាតិវៀតណាមម្នាក់បានបើកបររថយន្តម៉ាក FORD ពាក់ផ្លាកលេខខេមរភូមិន្ទ បុករះបណ្តាលឱ្យមនុស្សរបួសធ្ងន់ស្រាល ២៩ នាក់ នៅតាមផ្លូវជាតិលេខ ២១ ក្រុងតាខ្មៅ ខេត្តកណ្តាល។ អ្នកបើកបរទាំងនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/image-1679.png)
ជុំវិញការប្រើប្រាស់ផ្លាកលេខប្រភេទកងកម្លាំងនេះដែរ ក្រសួងមហាផ្ទៃ កាលពីខែមីនា ឆ្នាំ ២០២៤ បានចេញសេចចក្តីណែនាំ ដោយព្រមានជាថ្មីហាមយកផ្លាកលេខនគរបាលជាតិ (ន.ប) ទៅបំពាក់យានយន្តផ្សេងទៀត និងហាមយកយានយន្តដែលបំពាក់ផ្លាកលេខនគរបាលជាតិទៅប្រើប្រាស់ ប្រកបអាជីវកម្មផ្សេងៗមានលក្ខណៈជាឯកជន មិនមែនសម្រាប់បម្រើផលប្រយោជន៍ក្រសួង ឬរដ្ឋ ដែលនាំឱ្យប៉ះពាល់ដល់កិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត