ចរាចរណ៍
ថ្ងៃទី១៥-១៦ កញ្ញា រដ្ឋបាលរាជធានីបិទផ្លូវមួយចំនួន ដើម្បីរៀបចំព្រឹត្តិការណ៍ GumBall 3000 ផ្សព្វផ្សាយទេសចរណ៍
ព្រឹត្តិការណ៍ GumBall 3000 Rally in Cambodia ក្រោមប្រធានបទ “GumBall 3000 Rally in Cambodia ដើម្បីទេសចរណ៍” នឹងរៀបចំនៅរាជធានីភ្នំពេញរយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី១៥ និងថ្ងៃទី១៦ ខែកញ្ញា ដែលជាព្រឹត្តិការណ៍បង្ហាញរថយន្តទំនើបៗ សំដៅផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក។ ដើម្បីរៀបចំព្រឹត្តិការណ៍នេះឱ្យមានភាពរលូន អាជ្ញាធររាជធានីភ្នំពេញ សម្រេចបិទកំណាត់ផ្លូវមួយចំនួនជាបណ្តោះអាសន្ន។

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រឹត្តិការន៍នេះនឹងរៀបចំនៅនៅទីធ្លាបរិវេណ សួនច្បារមុខវត្តបទុមវតី ជុំវិញវិមានឯករាជ្យ កំណាត់មហាវិថីព្រះសីហនុ និងកំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក) ក្នុងភូមិសាស្ត្រខណ្ឌចំការមន និងខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដើម្បីឱ្យព្រឹត្តិការណ៍ខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការបញ្ចៀសចរាចរណ៍ជាបណ្តោះអាសន្ននៅកំណាត់ផ្លូវមួយចំនួន។

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីវេលាម៉ោង ១៤:០០នាទី រហូតដល់វេលាម៉ោង ១៦:០០នាទី មានការតាំងបង្ហាញក្បួនរថយន្ត មហាជនគាំទ្រក្នុងស្រុកប្រមាណ ៣០០គ្រឿង នៅជុំវិញវិមានឯករាជ្យ ដោយមិនអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទធ្វើដំណើរជុំវិញវិមានឯករាជ្យរយៈពេល០២ម៉ោងជាបណ្តោះអាសន្ន។
ចាប់ពីវេលាម៉ោង ១៧:៣០នាទី រហូតដល់ម៉ោង ២០:៣០នាទី មានការតាំងបង្ហាញក្បួនរថយន្ត គណៈប្រតិភូ Gumball 3000 និងរថយន្តមហាជនគាំទ្រក្នុងស្រុក ជុំវិញរង្វង់មូលវិមានឯករាជ្យ លើកំណាត់មហាវិថីព្រះសីហនុ កំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ ស្តុបនាគបាញ់ទឹក) និងកំណាត់មហាវិថីសម្តេចសុធារស (ចាប់ពីស្តុបនាគបាញ់ទឹក រហូតដល់មហាវិថី សម្តេចសុធារស កែងវិថីឧកញ៉ា ឈុន)។
ចាប់ពីវេលាម៉ោង ២០:៣០នាទី រហូតដល់វេលាម៉ោង ២៤:០០នាទី មានការរៀបចំប្រគំតន្ត្រីជាតិ អន្តរជាតិ នៅសួនច្បារមុខវត្តបទុមវតី និងតាំងបង្ហាញក្បួនរថយន្តតាមកំណាត់មហាវិថីព្រះសីហនុ កំណាត់មហាវិថីព្រះសុរាម្រឹត (ចាប់ពីរង្វង់មូលវិមានឯករាជ្យ រហូតដល់ស្តុបនាគបាញ់ទឹក) និងកំណាត់មហាវិថីសម្តេចសុធារស (ចាប់ពីស្តុបនាគបាញ់ទឹក រហូតដល់មហាវិថីសម្តេចសុធារស កែងវិថី ឧកញ៉ា ឈុន)។
ចាប់ពីវេលាម៉ោង ២៤:០០នាទី រថយន្តរបស់គណៈប្រតិភូ GumBall 3000 ចំនួន ១០១គ្រឿង ធ្វើដំណើរចេញពីទីតាំងប្រគំតន្ត្រីនៅសួនច្បារមុខវត្តបទុមវតីទៅចតនៅមុខសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ លើកំណាត់ផ្លូវលេខ១៧៨ (ចាប់ពីវិថីព្រះអង្គយុគន្ធរ រហូតដល់វិថីព្រះអង្គអេង)។

ចំណែកនៅព្រឹកថ្ងៃទី១៦ ខែកញ្ញា វេលាម៉ោង ០៥:០០នាទីព្រឹក រថយន្តមហាជនគាំទ្រក្នុងស្រុកប្រមាណ ៣០០គ្រឿង ធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដោយចេញដំណើរពីទីធ្លាមុខសាលមហោស្រពកោះពេ ឆ្លងកាត់ស្ពាននាគ ឆ្ពោះទៅរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត បត់ស្តាំទៅតីរវិថីព្រះស៊ីសុវត្ថិ ឆ្ពោះទៅរង្វង់មូលដើមពោធិ៍ បត់ឆ្វេងតាមវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់រង្វង់មូលវត្តភ្នំ បត់ស្តាំ តាមវិថីបារាំង (ផ្លូវលេខ៤៧) ឆ្ពោះទៅសួនច្បាររង្វង់មូលកាំភ្លើងកួចកាណុង បត់ស្តាំឡើងទៅស្ពានមិត្តភាពកម្ពុជា-ជប៉ុន រហូតដល់រង្វង់មូលព្រហ្មបាយ័ន ឆ្ពោះទៅផ្លូវជាតិលេខ៦។
ចាប់ពីវេលាម៉ោង ០៨:០០នាទី ដល់វេលាម៉ោង ១០:០០នាទី រថយន្តគណៈប្រតិភូ GumBall 3000 ចំនួន ១០១គ្រឿង ធ្វើដំណើរចាកចេញពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដោយចេញដំណើរពី សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ តាមផ្លូវលេខ១៧៨ ឆ្ពោះទៅមហាវិថីព្រះនរោត្តម បត់ស្តាំតាម បណ្តោយមហាវិថីព្រះនរោត្តម ឆ្ពោះទៅរង្វង់មូលវត្តភ្នំ បន្តទៅវិថីបារាំង (ផ្លូវលេខ៤៧) ឆ្ពោះទៅសួនច្បារ រង្វង់មូលកាំភ្លើងកួចកាណុង បត់ស្តាំឡើងទៅស្ពានមិត្តភាពកម្ពុជា-ជប៉ុន រហូតដល់រង្វង់មូលព្រហ្មបាយ័ន ឆ្ពោះទៅផ្លូវជាតិលេខ៦៕
ដោយ៖ ស្រីរ័ត្ន

-
ចរាចរណ៍២២ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព២ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់