Connect with us

ចរាចរណ៍

សង្ស័យស្រវឹង បើករថយន្តបញ្ច្រាសទិសបុកបុរសម្នាក់ស្លាប់ទាំងព្រឹកព្រលឹម នៅខណ្ឌពោធិ៍សែនជ័យ

បានផុស

នៅ

បុរស​ម្នាក់ បាន​ស្លាប់​ភ្លាមៗ យ៉ាង​អាណោចអាធ័ម​នៅ​នឹង​កន្លែង​កើតហេតុ ទាំង​ព្រឹក​ព្រលឹម ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​មួយ​គ្រឿង​បើក​បញ្ច្រាស​ទិស​មក​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​កាលពី​វេលា​ម៉ោង ៦ ព្រឹក ថ្ងៃ​ទី ១១ ខែ​តុលា ឆ្នាំ ២០២៤ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្សី សង្កាត់​កា​កាប ២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​មាន​ឈ្មោះ យ៉ាវ វ៉ាន់ហេង អាយុ​ប្រមាណ​ជាង ៥០ ឆ្នាំ។

បើ​តាម​ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បាន​ឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក Honda Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ 1FU-3560 ជិះ​តែ​ម្នាក់​ឯង ទិសដៅ​ពី​ត្បូង​មក​ជើង លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង ម៉ាក Mazda BT50 ពាក់​ផ្លាក​លេខ ភ្នំពេញ 2BX-3693 បើក​បញ្ច្រាស​ផ្លូវ ក្នុង​ល្បឿន​លឿន ទិសដៅ​ពី​ជើង​មក​ត្បូង​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​បុរស​ដែល​ជា​អ្នក​បើក​ម៉ូតូ​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែង​កើតហេតុ។ ចំណែក​រថយន្ត​មិន​ទាន់​អស់​ល្បឿន បាន​រេ​ចង្កូត​ទៅ​បុក​របង​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ខូចខាត​អស់​ជាច្រើន ភ្លាម​អ្នក​ធ្វើ​ដំណើរ​បាន​ជួយ​ឃាត់​ម្ចាស់​រថយន្ត ដើម្បី​ប្រគល់​ជូន​សមត្ថកិច្ច។

តាម​ការ​បញ្ជាក់​ពី​កូនស្រី​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ឪពុក​របស់​ខ្លួន​ចេញ​ពី​ផ្ទះ​នៅ​ម្ដុំ​ផ្សារ​ជម្ពូ​វ័ន ដើម្បី​ទៅ​ជួយ​លក់​ប្អូន​នៅ​ម្ដុំ​ស្តុ​ប​ណូគា ប៉ុន្តែ​ជិះ​មិន​ទាន់​បាន​ពាក់​កណ្ដាល​ផ្លូវ​ផង ស្រាប់​តែ​មាន​សមត្ថកិច្ច​ទាក់ទង​ប្រាប់​ថា ឪពុក​របស់​ខ្លួន​បាន​ជួប​គ្រោះ​ចរាចរណ៍​ស្លាប់​បាត់​ទៅ​ហើយ។

ក្រោយពេល​កើត​ហេតុ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ធ្វើការ​វាស់វែង​យក​រថយន្ត និង​ម៉ូតូ ទៅ​រក្សាទុក រង់ចាំ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ។ ចំណែក​សព​ជនរងគ្រោះ បាន​ប្រគល់​ជូន​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម