Connect with us

ចរាចរណ៍

ត្រឹម ៥ ថ្ងៃ ផ្លូវ ៦០ ម៉ែត្រ ឆក់យកជីវិតមនុស្ស ៤ នាក់ ក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ២ ករណី ផ្សេងគ្នា

បានផុស

នៅ

ត្រឹមតែ​រយៈពេល ៥ ថ្ងៃ ប៉ុណ្ណោះ នៅ​លើ​កំណាត់​ផ្លូវ ៦០ ម៉ែត្រ មូលដ្ឋាន​ខណ្ឌ​មានជ័យ ជាប់​ព្រំប្រទល់​ខណ្ឌ​ដង្កោ បាន​ឆក់​យក​អាយុជីវិត​មនុស្ស​ក្មេង​ចាស់​ចំនួន ៤ នាក់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ២ ករណី​ផ្សេងគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង ១៧ និង ៣៥ នាទី​ល្ងាច ថ្ងៃ​ទី ១០ ខែ​មករា ឆ្នាំ ២០២៥ ម្សិលមិញ​នេះ ត្រង់​ចំណុច​លើ​ផ្លូវ ៦០ ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ស្រុក​ចេក សង្កាត់​ជើងឯក ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ឡើង​ដោយ​បុរស​ម្នាក់ ឈ្មោះ សុខ សម្បត្តិ ភេទ​ប្រុស អាយុ ៤២ ឆ្នាំ មុខរបរ​បើកបរ​រថយន្ត មាន​ទីលំនៅ​ភូមិ​ព្រែក​ហូរ​ខាងកើត សង្កាត់​ព្រែក​ហូរ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បើក​រថយន្ត​ម៉ាក TOYOTA TACOMA PICK UP ពណ៌​ទឹកប្រាក់ ពាក់​ផ្លាក​លេខ ភ្នំពេញ 2BS-1023 ធ្វើ​ដំណើរ​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ហើយ​ជ្រុល​បុក​ម៉ូតូ​ម៉ាក HONDA CLICK ពណ៌​ប្រផេះ ពាក់​ផ្លាក​លេខ ភ្នំពេញ 1II- 2330 ជិះ​ដោយ​ប្ដី​ប្រពន្ធ និង​កូន​តូច ២ នាក់ បណ្ដាល​ឲ្យ​បុរស​ជា​ប្តី និង​កូន​តូច ២ នាក់​ទៀត​ស្លាប់ ចំណែក​នារី​ជា​ប្រពន្ធ​រង​របួស​ធ្ងន់ធ្ងរ។

ករណី​នេះ សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​ដង្កោ បាន​បញ្ជាក់​ថា បណ្ដាល​មកពី​ភាគី​រថយន្ត​បើកបរ​មិន​ប្រកាន់​ចំណែក​ផ្លូវ​របស់​ខ្លួន និង​ត្រួតពិនិត្យ​ជាតិ​ស្រវឹង​ចំពោះ​អ្នក​បើក​រថយន្ត​ជា​លទ្ធផល​មាន​កម្រិត​អាល់កុល 0,46Mg/l។

គួរ​រំលឹក​ផង​ដែរ​ថា កាលពី​យប់​ថ្ងៃ​ទី ៦ ខែ​មករា ឆ្នាំ ២០២៥ នៅ​លើ​កំណាត់​ផ្លូវ ៦០ ម៉ែត្រ ដែរ ដែល​ស្ថិត​ក្នុង​មូលដ្ឋាន​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ១ លើក​ដែរ បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក LEXUS  RX330 ពណ៌​ស ពាក់​ផ្លាក​លេខ ខ​.​ម 2-4771 បើកបរ​ដោយ​ឈ្មោះ ណឹម ណាង ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ​មន្ត្រី​កងរាជអាវុធហត្ថ មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ ២៧ ផ្លូវ​លេខ ១០ (​បុរី ប៉េង​ហួត ៦០ ម៉ែត្រ​) សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ បាន​បើក​បុក​ម៉ូតូ ម៉ាក HONDA CRF ពណ៌​ខ្មៅ ពាក់​ផ្លាក​លេខ បាត់ដំបង 1AL-9616 បើកបរ​ដោយ ឈ្មោះ ដា​វិ​ឌ ប្ញ​ទ្ធិ​រុ​ទ្រ (Ruthko) ភេទ​ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​តារា​ចម្រៀង Rap មាន​ទីលំនៅ​ផ្ទះ​លេខ ៤៩_៥១ ផ្លូវ​លេខ ១៦៨ ភូមិ​ទួល​រកា ១ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ។ ចំពោះ​ករណី​នេះ អ្នក​បើកបរ​គ្មាន​ជាតិ​ស្រវឹង​នោះ​ទេ។

បើ​គិត​មក​ដល់​ថ្ងៃ​ទី ១១ ខែ​មករា ឆ្នាំ ២០២៥ នេះ រយៈពេល ៥ ថ្ងៃ មាន​មនុស្ស​ស្លាប់​ចំនួន ៤ នាក់ ហើយ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​លើ​កំណាត់​ផ្លូវ ៦០ ម៉ែត្រ ដោយ ២ ករណី​ផ្សេងគ្នា៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម