តើ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា អ្នកមាន​ជំងឺ​បេះដូង​ខ្សោយ​? – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

សុខភាព

តើ​ធ្វើ​ដូចម្តេច​ទើប​ដឹង​ថា អ្នកមាន​ជំងឺ​បេះដូង​ខ្សោយ​?

Published

on

១) ដូចម្ដេច​ដែល​ហៅថា​ជំងឺខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ (Heart Failure)?

​ជំងឺខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ​មិន​មានន័យថា បេះដូង​របស់​យើង​ឈប់​ដើរ​នោះទេ​។

ជំងឺខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ គឺជា​ការចុះ​ខ្សោយ​នូវ​សមត្ថភាព​របស់​បេះដូង​ ក្នុង​ការ​ច្របាច់​បញ្ជូន​ឈាម​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​សរីរាង្គ​ផ្សេងៗ​ក្នុង​ខ្លួន​យើង​។ ជំងឺ​នេះ​ អាច​កើតមាន​លើ​មនុស្ស​គ្រប់​អាយុ គ្រប់​វ័យ ប៉ុន្តែ​ជាទូទៅ​ជំងឺ​នេះ​ច្រើន​កើត​លើ​មនុស្ស​ ដែល​មាន​វ័យ​ចំណាស់​។​

២) តើ​ជំងឺ​ខ្សោយ​បេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ​មាន​រោគសញ្ញា​ដូច​ម្តេចខ្លះ​?

​ជំងឺ​ខ្សោយ​បេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ មាន​រោគសញ្ញា​ចម្បង​ដូចជា​៖

– ហត់​ដង្ហក់ ពិបាក​ដកដង្ហើម​ពេល​ធ្វើ​ចលនា ពេល​នៅ​ស្ងៀម ឬ​ពេល​គេង​ផ្ងារ​

– អស់​កម្លាំង ល្ហិតល្ហៃ​ជារឿយៗ​

– ហើម​ជើង​ទាំងសងខាង​

– ញ័រ​ទ្រូង ឬ​ចង្វាក់បេះដូង​លោត​ញាប់​ជាង​ធម្មតា​

– ក្អក​ជាប្រចាំ ឬ​ដកដង្ហើម​ឮ​សូរ “​ងឺៗ​” ហើយ​មាន​កំហាក​ពណ៌​ស ឬ​ពណ៌​ផ្កាឈូក លាយ​ឈាម​

​រោគសញ្ញា​ទាំងនេះ​អាច​កើតមាន​ភ្លាមៗ​យ៉ាង​ស្រួច​ស្រាវ ឬ​កើតមាន​បន្តិច​ម្តងៗ អាស្រ័យ​ទៅតាម​មូលហេតុ និង​ស្ថានភាព​នៃ​ជំងឺ​។​

៣) តើ​មូលហេតុ​អ្វីខ្លះ ​ដែល​បណ្ដាល​ឲ្យ​កើត​ជំងឺខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ​?

​មូល​ហេតុ ដែល​បណ្តាល​ឲ្យ​កើត​ជំងឺ​ខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ​មាន​ដូចជា​៖

– ជំងឺ​ស្ទះ​សរសៃឈាម​បេះដូង និង​ស្លោ​កសាច់​បេះដូង (Ischemic Heart Disease and Heart Attack)

– ជំងឺលើសឈាម ឬ​លើស​សម្ពាធ​ឈាម (Hypertension)

– ជំងឺ​ខូច​ប្រើស​បេះដូង (Valvular Heart Disease)

– ជំងឺ​វិបត្តិ​សាច់ដុំ​បេះដូង (Cardiomyopathy) និង​រលាក​សាច់ដុំ​បេះដូង (Myocarditis)

– ជំងឺ​វិបត្តិ​ចង្វាក់បេះដូង (Arrhythmia) ដូចជា ជំងឺ​បេះដូង​ដើរ​លឿន​ខុស​ចង្វាក់ (Atrial Fibrillation)

– ជំងឺ​បេះដូង​ពី​កំណើត (Congenital Heart Disease) ដូចជា ជំងឺ​បេះដូង​ចំហ ថត​ខាងលើ (Atrial Septal Defect)

– ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺ​អេដស៍ ជំងឺ​ពកក​។​ល​។​

៤) បើ​អ្នក​សង្ស័យ​ថា​ មាន​ជំងឺ​ខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ តើ​អ្នក​គួរ​ធ្វើ​ដូច​ម្តេច​?

​កាលបើ ​អ្នកមាន​រោគសញ្ញា​ណាមួយ ​ដូចដែល​បាន​រៀបរាប់​ខាងលើ អ្នក​គប្បី​ទៅ​ជួបពិភាក្សា​ជាមួយ​គ្រូពេទ្យ​។ គ្រូពេទ្យ​នឹងធ្វើ​ការសួរនាំ​យ៉ាង​ល្អិតល្អន់ និង​ពិនិត្យ​រាងកាយ​ជូន​អ្នក ហើយ​ព្រមទាំង​អាច​ស្នើសុំ​ការពិនិត្យ​អម​វេជ្ជសាស្ត្រ មួយចំនួនទៀត​ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ ថា​តើ អ្នកមាន​ជំងឺ​ខ្សោយ​បេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ​ឬទេ​។​

​ការពិនិត្យ​អម​វេជ្ជសាស្ត្រ​ទាំងនោះ​រួមមាន​៖

– ការថត​សួត (Chest X-ray)

– ការពិនិត្យ​វាស់​ចង្វាក់បេះដូង (ECG)

– ការពិនិត្យ អេកូ​បេះដូង (Echocardiography)

– ការពិនិត្យ​ឈាម (Standard Blood Test)

– ការពិនិត្យ​អម​វេជ្ជសាស្ត្រ​មួយ​ចំនួន​ផ្សេងទៀត​

៥) តើ​ត្រូវ​ព្យាបាល​ជំងឺ​ខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ​តាម​វិធី​ណាខ្លះ​?

​បើសិនជា​អ្នក ​ត្រូវ​បាន​គ្រូពេទ្យ​រក​ឃើញ​ថា ​អ្នកមាន​ជំងឺ​ខ្សោយ​បេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ គ្រូពេទ្យ​នឹង​ចេញ​វេជ្ជបញ្ជា​ឲ្យ​ថ្នាំ​មួយ​ចំនួន​ដល់​អ្នក ក្នុង​គោល​បំណង​ព្យាបាល​បន្ថយ​រោគសញ្ញា​រំខាន​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅ​ទៀត គ្រូពេទ្យ​នឹង​ស្វែងរក​មូលហេតុ​ ដែល​ធ្វើ​ឲ្យ​អ្នក​កើតមាន​ជំងឺខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ ហើយ​គាត់​នឹង​ព្យាបាល​បំបាត់​មូលហេតុ​នេះ​ទៅតាម​តថភាព​ជាក់ស្តែង​រួមមាន ការប្រើប្រាស់​ថ្នាំ ការ​ឆ្លុះ​សរសៃឈាម ការវះកាត់​ជាដើម​។​

៦) តើ​មាន​វិធានការ​អ្វីខ្លះ ​ដើម្បី​បង្ការ​ជំងឺ​ខ្សោយ​បេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ​?

​គន្លឹះ​ដ៏​សំខាន់ ​ក្នុង​ការ​បង្ការ​កុំ​ឲ្យ​កើតមាន ជំងឺ​ខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ គឺ​ត្រូវ​ធ្វើ​យ៉ាងណា​កាត់បន្ថយ​ហនិភ័យ​ផ្សេងៗ​ដែល​នាំ​ឲ្យ​កើតមាន​ជំងឺ​នេះ​។ ការកាត់បន្ថយ​ហ​និ​ភ័យ​ទាំងនេះ​តម្រូវ​ឲ្យ​យើង​មាន​ទម្លាប់​រស់នៅ ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ និង​ការ​ព្យាបាល​បង្ការ​ជំងឺ​ ដែល​ជា​ដើមហេតុ​នៃ​ជំងឺ​ខ្សោយ​បេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ​។ ទម្លាប់​រស់នៅ ដែល​នាំ​ឲ្យ​មាន​សុខ​ភាព​ល្អ​ ដើម្បី​បង្ការ​ជំងឺ​ខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ​មាន​ដូច​ជា​៖

– ឈប់​ពិសា​បារី និង​គ្រឿង​ស្រវឹង​

– ព្យាបាល​ជំងឺ​រ៉ាំរ៉ៃ​មួយ​ចំនួន ដូចជា​ជំងឺ​ទឹកនោមផ្អែម ជំងឺលើសឈាម ឬ​លើស សម្ពាធ​ឈាម​ឲ្យ បាន​ត្រឹមត្រូវ និង​ជាប់​លាប់​បំផុត​

– ធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​

– បរិភោគ​អាហារ ​ដែល​នាំ​ឲ្យ​មាន​សុខភាព​ល្អ ដូចជា បន្លែ និង​ត្រី​

– រក្សា​ទម្ងន់​ឲ្យ​សមស្រប តាម​ការណែនាំ​នៃ​វេជ្ជសាស្ត្រ​

– កាត់បន្ថយ​ភាព​ស្ត្រេ​ស​តានតឹង​អារម្មណ៍​

៧) អ្វី​ដែល​គួរ​ធ្វើ និង​អ្វី​ដែល​មិន​គួរ​ធ្វើ​សម្រាប់​អ្នកជំងឺ​ខ្សោយបេះដូង ឬ​ជំងឺ​បេះដូង​ខ្សោយ​

​អ្វី​ដែល​គួរ​ធ្វើ​មាន​ដូចជា​៖

– ត្រូវ​ទទួលទាន​ថ្នាំ​ឲ្យ​បាន​ទៀងទាត់ និង​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា​

– ត្រូវ​រក្សា​ទម្ងន់​ឲ្យ​បាន​សមស្រប​

– ត្រូវ​កាត់បន្ថយ​ការ​បរិភោគ​អំបិល ជាតិ​ប្រៃ និង​បន្ថយ​ការ​ហូប​ជាតិ​ទឹក តាម​ការណែនាំ​នៃ​គ្រូពេទ្យ​

– ត្រូវ​ស្វែងរក​ណាត់​ជួប​គ្រូពេទ្យ បើ​មាន​ជា​រោគសញ្ញា​មិនធម្មតា ឬ​ធ្ងន់ធ្ងរ​កើតមានឡើង​

​អ្វី​ដែល​មិន​គួរ​ធ្វើ​មាន​ដូចជា​៖

– មិនត្រូវ ​ភ្លេច​ការទទួល​ទាន​ថ្នាំ​ឡើយ​

– មិនត្រូវ ​ពិសា​បារី និង​សេព​គ្រឿង​ស្រវឹង​ឡើយ​

– មិនត្រូវ​ បញ្ឈប់​ថ្នាំ​ព្យាបាល​តាម​ចិត្ត​ខ្លួនឯង​ឡើយ​

​បើ​លោក​អ្នកមាន​រោគសញ្ញា​ណាមួយ​ ដូចដែល​បាន​រៀបរាប់​ខាងលើ សូម​មេត្តា​អញ្ជើញ​មកជួប​ពិភាក្សា ពិគ្រោះ​យោបល់​ជាមួយ​ក្រុម​គ្រូពេទ្យ​ឯកទេស ជំនាញ​បេះដូង​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ទទួល​បាន​រោគវិនិច្ឆ័យ​ជាក់លាក់​មួយ ជាមួយ​មធ្យោបាយ​ពិនិត្យ​អម​គ្លីនិក​ស៊ីជម្រៅ ឈានដល់​ការផ្តល់ជូន​វិធីសាស្ត្រ​ព្យាបាល ប្រកបដោយ​សុវត្ថិភាព និង​ប្រសិទ្ធិ​ភាព ក្នុង​ទំនុកចិ​ត្ត​ខ្ពស់​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​សូម​ស្វែងយល់​ អំពី​ជំងឺ​រលាក​ក្រពេញ​ប្រូ​ស្តា​ត​ស្រួច​ស្រាវ​!

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម