ចំណាយ​តិច​តែ​សប្បាយ​អស់ដៃ​ សម្រាប់​អ្នក​គ្រោង​ទៅ​​មណ្ឌល​គិរី​បែបផ្សងព្រេង – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

KPT+

ចំណាយ​តិច​តែ​សប្បាយ​អស់ដៃ​ សម្រាប់​អ្នក​គ្រោង​ទៅ​​មណ្ឌល​គិរី​បែបផ្សងព្រេង

Published

on

គ្រប់គ្នា​ប្រហែល​ជា​បាន​ដឹងឮមក​ស្រាប់ ​​ថា​ដែនដី​ភូមិភាគ​ឥឦសាន្ត​មួយ​នេះ​មាន​ទេសភាព​ស្រស់​បំព្រង​ខ្លាំងណាស់ ។ ជឿ​ថា​គ្នា​យើង​ខ្លះប្រហែលជា​ពិបាក​រក​កន្លែង​គេង ​ហូបចុក​ និង​ចង់​ដឹង​ពី​តម្លៃ​ចំណាយនានាហើយ​មែនទេ ? ជាពិសេសសម្រាប់អ្នកមិនធ្លាប់បានទៅលេងខេត្តមណ្ឌលគីរី។

តាម​រយៈការសម្ភាសន៍ពីលោក​ យិន ​ភារុណ​ ដែល​ជា​ជាង​ថតរូប​ម្នាក់​ និង​ចូលចិត្ត​ដំណើរ​ផ្សងព្រេង​ក្នុង​តំបន់​ព្រៃភ្នំ​បាន​ប្រាប់​មក​កាន់ Kpt plus ថា ក្រុមរបស់លោកមានគ្នា៤នាក់ ចាយអស់​ប្រហែល ៨០-​១២០ដុល្លារ សម្រាកនៅមណ្ឌគីរីចំនួន៣ថ្ងៃ២យប់។ ខាង​ក្រោម​នេះគឺជាការ​ចែក​រំលែក​បទពិសោធន៍របស់លោក៖

​ជា​បទ​ពិសោធន៍​ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​ចូលចិត្ត​និង​ស្រឡាញ់​ធម្មជាតិ​ ស្រឡាញ់​ការ​ដើរ​ព្រៃ​ភ្នំ ស្ដាប់​សំឡេង​សត្វ​យំ ​និង​ការ​ស្វែង​យល់​ពី​វប្បធម៌​រស់នៅ​របស់​បងប្អូន​ជនជាតិ​ភាគតិច​ខ្មែរ​យើង​នៅ​ខេត្ត​មណ្ឌល​គិរី។ ខ្ញុំ​មាន​ប៉ុន្មាន​ចំណុច ​ចង់​ចែក​រំលែក​ដល់​អ្នក​ដែល​ចូលចិត្ត​ដើរ​ព្រៃ​បង្កើត​បទពិសោធន៍​បែបផ្សងព្រេងដូច​ជា​ខ្ញុំ។

ទី១. ក្រុមពួកយើងបានជ្រើសយកការធ្វើដំណើរដោយរថយន្តក្រុង តំលៃប្រហែល១០ដុល្លា ចំណាយពេល៦ម៉ោងជាង​ ដើម្បី​ទៅ​ដល់​ខេត្ត​មួយ​នេះ។​ ត្បិតថា​យូរ​បន្តិច ​តែ​អាច​ទ្រាំ​បាន។ ទៅ​ដល់​ខេត្ត​ភ្លាម​ក្រុម​ពួក​យើង​បាន​ចរចា​ជួល​ម៉ូតូ​គេ​នៅ​ទីនោះ ​តម្លៃ​ធម្មតា ៧ ដុល្លារ​ក្នុង​១ថ្ងៃ ​តែ​បើ​ពូកែ​សំដី​បន្តិច​អាច​បាន​ធូរ​ថ្លៃ​ជាង​នេះ។

ទី២. ចំពោះ​ការ​ស្នាក់នៅ​ខ្ញុំ​សម្រេច​គេង​នៅ Happy Elephant Bangalow​ ដែល​នៅ​ជិត​ក្រុង​ នឹងមាន Restaurant ផងដែរ​។ ​យប់​ឡើង​ស្ងាត់​អាច​ស្ដាប់​សំឡេង​សត្វ​យំ​យ៉ាង​រងំ។ ​ចំពោះតម្លៃវិញគឺថាកប់តែម្ដង ១ យប់ ៦ ដុល្លា​ ហើយ​មិន​ចាំ​បាច់​ស្អាត​ពេក​ទេ​ ឲ្យតែ​គេង​បាន​និង​មាន​បន្ទប់​ទឹក​ទៅ​គឺ​ប្រសើរ​ណាស់។

ទី៣. ការ​ហូបចុក ក្រុម​ពួកយើង​ទៅ​ញ៉ាំ​នៅ​ផ្សារ​ឬ​តាម​តំបន់​រក​កន្លែង​ណា​ធូរ​ថ្លៃ ​ហើយ​មួយ​ពេល​ខ្ញុំ​ចំណាយ​អស់​១ម៉ឺនរៀលទៅ១២០០រៀល តែចំណែកពេលព្រឹកវិញគឺ៤ពាន់រៀល។ ពេលល្ងាច ពយកយើងទិញ​អាហារ​ពី​ផ្សារ​ ហើយ​យក​ទៅ​ចម្អិន​ញ៉ាំ​នៅ​លើ​ភ្នំ​ដើម្បី​មើល​ថ្ងៃលិច​ដ៏​សែន​ស្អាត និងទិដ្ធភាព​ទីក្រុង​នៅ​ពេលយប់។

ទី៤. ចំណែក​ផ្លូវ​វិញ​អាច​ថា​ពិបាក​ដើរ​បន្តិច​ តែ​មាន​របៀប​អ្នក​ដើរ​ ដោយ​យក​មាត់​ធ្វើជា​ផ្លូវ​ ដោយក្រុមពួកយើងបានសួរ​អ្នកភូមិ​នៅ​ទីនោះ​។ ម្យ៉ាង​វា​សប្បាយ​ជាង​អ្នកដើរ​កម្សាន្ត​ ការ​ផ្សងព្រេង​ឲ្យតែ​ទៅមុខ​សំខាន់​មក​ដល់​កន្លែង​គេង​វិញ​សុវត្ថិភាព។

ដូច​យើង​បាន​ដឹង​ស្រាប់​ ផ្លូវ​ទៅ​ខេត្ត​ឦសាន្ត​មិនមែន​ស្រួល​ធ្វើ​ដំណើរ​ឡើយ ​ទាល់​តែ​អ្នក​ចូលចិត្ត​ផ្សងព្រេង​បន្តិច​ទើប​អាច​ស៊ូ​បាន ​តែ​បើ​ឃើញ​ទេសភាព​ព្រៃភ្នំ​របស់​មណ្ឌលគីរី​ហើយ​ ធានា​ថា​អារម្មណ៍​ស្មុគស្មាញ​ទាំង​ប៉ុន្មាន​និង​ប្រែ​ជា​ស្រស់ថ្លា។​

ទី៥. បើនិយាយពីកន្លែងដើរលេងវិញមិនបាច់និយាយឡើយ ក្នុងរយៈពេល៣ថ្ងៃ២យប់នៅខេត្តមណ្ឌគីរីនេះ ក្រុមរបស់ខ្ញុំបានទៅលេងនៅ ទឹកជ្រោះប៊ូស្រា​ ទឹកជ្រោះ​សែន​មនោរម្យ​ ទឹកជ្រោះ​ក្បាល​ព្រះ​ សមុទ្រ​ឈើ ចម្ការ​កាហ្វេ​ ភ្នំ​ដោះក្រមុំ​ និង​កន្លែង​ដំរី។

និយាយ​តាម​ត្រង់​តាម​រយៈ​បទ​ពិសោធន៍​របស់​ខ្ញុំ​ជាមួយ​ក្រុម​ យល់​ល្អ​គឺ​កុំ​ទៅ​គ្នា​ច្រើន​ពេក​ឬ​តិច​ពេក​ ត្រឹម​គ្នា ៥ ទៅ ១០នាក់អី​ ​ដឹង​តែ​សប្បាយម៉ា​អស់ដៃ​ហ្មង។

យ៉ាងម៉េច​ដែរ​មិត្ត​អ្នកអាន​របស់ Kpt Plus ជា​ទី​ស្នេហា​ ក្រោយ​ពី​បាន​អាន​អត្ថបទ​ហើយ ​គួរ​តែ​ចាប់ផ្ដើម​រៀប​គម្រោង​ដើរ​លេង​​យក​បទពិសោធន៍​ម្ដង​អ្ហី?

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖ ចង់​ឡើង​ភ្នំ​លេង​ចុង​សប្ដាហ៍ កុំ​ភ្លេច​គន្លឹះ ៥ យ៉ាង​ពី​អ្នកមាន​ពិសោធន៍

ចុចអាន៖ អ្នកម្ដុំទួលទំពូងពិបាករកកន្លែងលំហែអារម្មណ៍មែនទេ? សាកល្បងទៅកន្លែងទាំងនេះ!

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម