Connect with us

KPT+

សន្តាន​មនុស្ស​រមិលគុណ មើល​លើ​បួន​ចំណុច​ធំ​ៗ​នេះ

បានផុស

នៅ

មនុស្ស​រមិលគុណ​ជា​ពាក្យ​ពេញ​និយម​ក្នុង​សង្គម​ខ្មែរ​យើង​ ទោះបី​យើង​ភាគច្រើន​ប្រកាន់​ជំនឿ​តាម​ទស្សន​វិទ្យា​កំពូល​នៃ​ព្រះពុទ្ធ​ជា​ប្រធាន​ក្ដី។

មនុស្ស​រមិលគុណ បន្សល់​ទុក​ក្នុង​សង្គម​នូវ​អារម្មណ៍​រាងចាល ​ការឈឺចាប់ និង​ការ​នឿយណាយ​ចំពោះ​អំពើ​ល្អ លែង​ចង់​បន្ត​ទៅ​អ្នកណា​ទៀត ធ្វើ​ឲ្យ​សង្គម​ដែល​ទម្លាប់​បរិច្ចាគ ជ្រោមជ្រែង ​សឹង​ក្លាយ​ជា​សង្គម​សក់​អ្នក​ណា​ក្បាល​អ្នក​នោះ ដូច​ក្នុង​របប​បី​ឆ្នាំ​៨ខែ ព្រោះ​ការ​ខកចិត្ត។

សម្គាល់​បុគ្គល​រមិលគុណ​តាម​រយៈ៖

១ កុហក​បំភ្លៃ​អំពី​អតីតកាល

មនុស្ស​នោះ​បាន​ចេះ​ដឹង បាន​ឱកាស បាន​មាន​បាន​ដោយសារ​បុគ្គល​ណា​ម្នាក់ ឬ​ក្រុម​ណា​មួយ ប៉ុន្តែ​នៅ​ក្នុង​ការ​រំលឹក​របស់​គេ គេ​រំលង​ឈ្មោះ​បុគ្គល​ទាំងឡាយ​នោះ​ចោល ព្រោះ​ខ្លាច​ថា​ប្រវត្តិ​ពិត​នោះ​មិន​ជួយ​​ឲ្យ​គេ​ក្លាយ​ជា បុគ្គល​ដែល​ជោគជ័យ​ដោយ​បាតដៃ​ខ្លួនឯង​ពិតប្រាកដ ខ្លាច​មិន​បាន​ទទួល​ការ​ស្ងើចសរសើរ​។​ ប្រវត្តិ​ពួកគេ​ច្រើន​តែ​បំភ្លៃ ហើយ​ភាគច្រើន​រឿង​នេះ​កើតមាន​លើ​ជំពូក​មនុស្ស​ចរិត​មិន​ល្អ​ដែល​អាច​កុហក​សូម្បី​តែ​ខ្លួនឯង​បាន។

២ រក​ចំណុច​មិន​ល្អ​របស់​អ្នកដទៃ​បំភ្លៃ​ចំណុច​ខ្សោយ​ខ្លួន

មនុស្ស​ប្រភេទ​សត្វ​ក្រពើ ជា​មនុស្ស​ដែល​ដល់​ត្រើយ​កាលណា ចង់​ខាំ​ឆី​ទាំង​អ្នក​ជួយ​ខ្លួន​ទៀត​ព្រោះ​សំអាង​លេស​មិន​ចេះ​អស់ ដូចជា «តា​ឯង​ចង​អញ​តឹង​ណាស់!» ពោល​គឺ​មនុស្ស​ប្រភេទ​នេះ​តែង​មាន​លេស ក្នុង​ការ​ទាត់ចោល​អំពើ​ល្អ​របស់​អ្នក​ជួយ​ ដោយ​លើក​កំហុស​របស់​អ្នក​ជួយ​មក​ជា​ហេតុ ដើម្បី​ក្បត់​បាន​តែ​មួយ​រំពេច​ពេល​បាន​ដល់​គោលដៅ។

៣ លោភលន់

មនុស្ស​បែបនេះ​មិន​ចេះ​ប្រៀបធៀប​ខ្លួនឯង​នឹង​អតីតកាល​ទេ គេ​ប្រៀប​ខ្លួន​គេ​ឲ្យ​ស្មើ​អ្នក​មាន​គុណ ឬ​ចង់​លើស​ ចង់​ប៉ែង​ទាំង​អ្នក​ដែល​ធ្លាប់​អោន​ជា​ជណ្ដើរ​ឲ្យ​ខ្លួន​ឆ្លង​ផង។ គេ​មិន​ស្គាល់​ខ្លួនឯង​ច្បាស់ ហើយ​មាន​គំនិត​មហិច្ឆតា​ស្មាន​មិនដល់ ព្រោះ​មនុស្ស​ប៉ិនប្រសប់​រក​ជំនួយ​ដូច​គេ​ក៏​ប៉ិន​ខាង​តំអូញ និង​ប៉ិន​ខាង​ចង់បាន លោភលន់​ដូចគ្នា ព្រោះ​មនុស្ស​ដែល​មាន​ជំនឿ​លើ​សមត្ថភាព​ខ្លួនឯង តែងតែ​មិន​ងាយ​ទៅ​ជំពាក់គុណ​អ្នកណា​ទទេៗ​ឡើយ។​

៤ ស្អប់​ពាក្យ​ថា «គុណ»

មនុស្ស​នេះ​មិន​ចូលចិត្ត​ស្ដាប់​ការ​រំលឹក​គុណ ហើយ​យល់ថា ​អ្នក​រំលឹក​គុណ​ជា​មនុស្ស​ធ្វើ​គុណ​ចង់​បាន​ប្រយោជន៍។ មនុស្ស​នេះ​មិន​ចេះ​ជួយ​អ្នកណា ​ថែម​ទាំង​មិន​ជឿ​ថា​លោក​នេះ​មាន​ផល​តបស្នង អាក្រក់​ឬ​ល្អ​ទៀត​ផង។

ជាចុងក្រោយ​មនុស្ស​​បែបនេះ​ប្រសិន​មាន​ជោគជ័យ​ ក៏​សឹង​តែ​រយៈពេល​ខ្លី​ ហើយ​ពេល​ផុង​ដួល​វិញ គឺ​ដួល​ខ្លាំង​ក្រោក​លែង​បាន ។​

គិត​តាម​វិទ្យាសាស្ត្រ មក​តែ​ពី​ទង្វើ​គេ​ខ្លួនឯង ដែល​ចុងក្រោយ​ស្លាប់​ព្រោះ​កាំបិត​មុត​របស់​ខ្លួន ចំណែក​គិត​តាម​ធម៌ គេ​នោះ​ត្រូវ​សង​បាប​ត្រួត​លើ​បាប​ព្រោះ​គំនិត​និង​ទង្វើ​រមិលគុណ​នេះ។

ប្រែសម្រួល៖ ហាណា

ចុចអាន៖អ្នកនិយមលេងថ្គាម V ចាក់ Botox ដឹងថា​កូនៗកើតមកនឹង​រងជំងឺអ្វីខ្លះដែរ?

ចុចអាន៖វិធី​សង្គ្រោះ​ខ្លួនឯង​ពេល​ពើប​ប្រទះ​ឆ្កែ​កាច​ឬ​ឆ្កួត​តាម​ផ្លូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម