លោក​ ប៉ា​ សុជាតិ​វង្ស ៖មនុស្ស​​មិនចេះ​​​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ គេ​ហៅថា​មនុស្ស​សំរាម​ – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

លោក​ ប៉ា​ សុជាតិ​វង្ស ៖មនុស្ស​​មិនចេះ​​​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ គេ​ហៅថា​មនុស្ស​សំរាម​

Published

on

អតីតអភិបាលរាជធានីភ្នំពេញ បានចាត់ទុក​មនុស្ស​ដែល​មិន​ចេះ​គ្រប់គ្រង និង​ទុកដាក់​សំរាម​ ឲ្យ​បាន​ត្រឹមត្រូវថា ​ជា​មនុស្ស​សំរាម ​និងស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទុកដាក់​សំរាម​ ឲ្យ​បាន​ត្រឹមត្រូវ។ នេះ​ជាការ​លើកឡើង​របស់ លោក​ ប៉ា​ សុជាតិ​វង្ស ។

​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ អាណត្តិ​ទី​៣ ដែល​បាន​ធ្វើឡើង​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ ខែតុលា​ នៅ​ខណ្ឌទួលគោក។​

លោក​ ប៉ា​ សុជាតិ​វង្ស ​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ បាន​លើកឡើងថា ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ វា​ជាការ​ផ្តល់​ឱកាស​ជូន​ប្រជាពលរដ្ឋ​បញ្ចេញយោបល់​,​លើក​សំណើ​, ​សំណូមពរ​ ដែល​ជា​ក្តី​កង្វល់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​ឲ្យ​អាជ្ញាធរ​ បាន​ដឹង​និង​ជួយ​ដោះស្រាយ ។​ ការ​លើក​ឡើង​នូវ​សំណើ សំណូមពរ របស់​​ប្រជាពលរដ្ឋ​ក្នុង​វេទិកា សាធារណៈ​ គឺ​កាន់តែ​តិច​ទៅៗ​ពីមួ​យ​ឆ្នាំទៅ​មួយ​ឆ្នាំ ​មានន័យថា​៖​ កង្វល់​របស់​ប្រជាពលរដ្ឋ​ ត្រូវ​បាន​កាត់បន្ថយ​ នៅ​ពេល​អាជ្ញាធរ​បាន​ខិតខំ​បង្ខិត​សេវា​សាធារណៈ​កាន់តែ​ខិត​ជិត​ប្រជាពលរដ្ឋ និង​កាន់​តែ​មាន​ប្រសិទ្ធភាព​។

​លោក​​បាន​លើកឡើងថា ការ​លើក​ឡើង​របស់​ប្រជាពលរដ្ឋ​ពេលខ្លះ​ហាក់ដូចជា​រឿង​តូចតាច តែ​ការពិត​បញ្ហា​ទាំង​អស់​នោះ​ជា​រឿង​សំខាន់ ជា​រឿង​ធំ​បើ​យើង​ព្រងើយកន្តើយ​មិន​ព្រម​ដោះស្រាយ​។ ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ គឺជា​ការ​ទំនាក់ទំនង​ទ្វេ​ទិស​រវាង​រដ្ឋបាល​គ្រប់ ថ្នាក់ និង​ប្រជាពលរដ្ឋ​។

​លោក​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​ បាន​លើកឡើង​ពី តួនាទី​របស់​ការិយាល័យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​ គឺ​ជា​ការ​បំពេញ​តួនាទី​ជា​តុលាការ​រដ្ឋបាល ដោះស្រាយ​,​សម្របសម្រួល​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ​ពាក់​ព័ន្ធ​ជា មួយ​មន្ត្រី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សិទ្ធ និង​ផល​ប្រយោជន៍​របស់​បងប្អូន​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម លោកប៉ា សុជាតិ​វង្ស​ បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​លោក​បញ្ជាក់​ថា មនុស្ស​ដែល​មិន​ចេះ​រក្សា​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ គេ​ហៅថា ជា​មនុស្ស​សំរាម។ លោក​ក៏​រួមគ្នា​ថែរក្សា​ស្ថេរ​ភាព​សង្គម ក៏​ដូច​ចូលរួម​អនុវត្ត​គោលនយោបាយ​ភូមិ សង្កាត់​មាន​សុវត្ថិភាព​ផង​ដែរ​៕

អត្ថបទ៖ ​ស្រីរ័ត្ន​

សូមចុចអាន៖ ចិន​មានបំណង​បោះទុន​វិនិយោគ​ បង្កើត​រោងចក្រ​ចម្រាញ់​ប្រេងកាត​នៅ​កម្ពុជា

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម