រដ្ឋបាល​រាជធានី​ នឹង​ដំណើរ​ការស្តារ បុក​ជញ្ជាំង​រប​កុង (Sheet-Pile) បឹងទំពុន​តូច ប្រឡាយ និង​ជួសជុល​កែលំអ – Kampuchea Thmey Daily
Connect with us
ធនាគារ ហត្ថា

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ នឹង​ដំណើរ​ការស្តារ បុក​ជញ្ជាំង​រប​កុង (Sheet-Pile) បឹងទំពុន​តូច ប្រឡាយ និង​ជួសជុល​កែលំអ

Published

on

រដ្ឋបាល​រាជធានី​ភ្នំពេញ​ នឹង​ដំណើរការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ស្តារ បុក​ជញ្ជាំង​រប​កុង (Sheet-Pile) បឹងទំពុន​តូច ប្រឡាយ និង​ជួសជុល​កែលំអ ស្ថានីយ​បូម​ទឹក​បឹង​ទំពុន ស្ថិតនៅ​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ ក្នុងពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេល​អនុវត្ត​គម្រោង​កែលម្អ​ខាងលើ​ឡើងវិញ រដ្ឋបាល រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​មិន​លើកលែង​ចំពោះ​អ្នក​រារាំង ឬ​តវ៉ា​ទាំងឡាយ​ឡើយ​។ នេះ​បើ​យោង​តាម​សេចក្តីជូនដំណឹង​ស្តីពី​ការស្តារ បុក​ជញ្ជាំង​រប​កុង (Sheet-Pile) បឹងទំពុន​តូច ប្រឡាយ និង​ជួសជុល​កែលំអ ស្ថានីយ​បូម​ទឹក​បឹងទំពុន ស្ថិតនៅ​សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​ ដែល​សារព័ត៌មាន​យើង​ទទួល​បាន​នៅ​រសៀល​ថ្ងៃទី​០៤​វិច្ឆិកា​នេះ ដែល​សេចក្តីជូនដំណឹង​នេះ​ មានន័យ​ដើម​ថា៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សូម​ជម្រាប​ជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ជ្រាប​ថា ដោយ​ពិនិត្យ​ឃើញ ស្ថានីយ​បូម​ទឹក​បឹងទំពុន​មាន​សភាព​ចាស់​ទ្រុឌទ្រោម ហើយ​ផ្ទៃ​អាង​ស្តុក​ទឹក​បឹងទំពុន​តូច និង​ប្រឡាយ​គោក​រាក់​យ៉ាង​ខ្លាំង ដោយសារ​ការ​ចាក់ដី​រំលោភ​កាន់កាប់​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​ បាន​ស្នើ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល ក្នុង​ការធ្វើ ឲ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​នៃ​ម៉ាស៊ីនបូមទឹក បុក​ជញ្ជាំង​បេតុង (Sheet-Pile) ស្តារ​ជម្រៅ​អាង​ស្តុក​ទឹក និង​ប្រឡាយ ដើម្បី​កាត់បន្ថយ ជា​អតិបរមា​នូវ​ការលិចលង់​តំបន់​ខ្លះ​នៃ​ខណ្ឌទួលគោក សែន​សុខ បឹង​កេងកង ខណ្ឌ​មានជ័យ​។ មុន​ពេល មាន​ជំនន់​ទឹកភ្លៀង ក្រុមការងារ​របស់​រ​ដ្ឋ​បាល​រាជធានី​ភ្នំពេញ​បាន​ចុះ​អនុវត្ត​ការងារ​នេះ ប៉ុន្តែ​មានការ​រារាំង​ពី​អ្នករំលោភ កាន់កាប់ ដោយ​ខ្លះ​មានបំណង​ប្រើ​អំពើ​ហិង្សា​មកលើ​ក្រុមការងារ ធ្វើ​ឲ្យ​អាក់ខាន​ពុំ​អាច​អនុវត្ត​បាន​ឡើយ​។

​នាពេល​កន្លងទៅ​ថ្មីៗ​នេះ នៅពេលដែល​រាជធានី​ភ្នំពេញ​ទទួលរង​នូវ​ជំនន់​ទឹកភ្លៀង​ខ្លាំង​នោះ ប្រសិនបើ​រដ្ឋបាល រាជធានី​ភ្នំពេញ​ចាត់វិធានការ​មិនទាន់​ពេលវេលា​ ក្នុង​ការ​យក​ឡាន​បូមទឹក​ខ្នាត​ធំ​ទៅ​ជួយ​បូម​សង្គ្រោះ ព្រមទាំង​យក​បាវ ខ្សាច់​ទៅ​ទប់ទឹក កុំ​ឲ្យ​លិច​ស្ថានីយ​បូមទឹក​បឹងទំពុន​ទេនោះ ម្ល៉េះ​ទូរបញ្ជា​អគ្គិសនី​ស្ថានីយ​បូម​ទឹក​នេះ​ ត្រូវ​លិចលង់ បង្កឲ្យ​ផ្ទុះ​ឆេះ​លែង​ដំណើរ​ការ​កើត​នាំ​ឲ្យ​តំបន់​មួយ​ចំនួន​នៃ​រាជធានី​ភ្នំពេញ​ត្រូវ​លិចលង់​ត្រាំត្រែង​ជាច្រើន​ខែ​ទៀតផ​ង ទម្រាំ រដ្ឋបាល​រាជធានី​ភ្នំពេញ​រក​ម៉ាស៊ីនបូមទឹក​ថ្មី និង​ជួសជុល​ម៉ូទ័រ​បូមទឹក​នៃ​ស្ថានីយ​បូម​ទឹក​បឹងទំពុន​នេះ ដើម្បី​បូមទឹក បញ្ចេញ​ទៅ​បឹង​ជើងឯក ឲ្យបាន​រួចរាល់​ឡើងវិញ​។

​ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើ ប្រកបដោយ​ចក្ខុវិស័យ​យូរអង្វែង សំដៅ​ធានាបាន​នូវ​ប្រសិទ្ធភាព​នៃ​ប្រព័ន្ធ រំដោះ​ទឹក កាត់បន្ថយ​ការ​លិចលង់​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ​និង​ដំណើរការ​កែលំអ​ហេដ្ឋារចនាសម្ព័ន្ធ​ដូច​បាន​ជម្រាប ជូន​ខាងលើ ក្នុង​ពេល​ខាងមុខនេះ​ដ៏​ខ្លី​។ ទន្ទឹម​នឹង​នេះ ក្នុងអំឡុងពេល​អនុវត្ត​គម្រោង​កែលំអ​ខាងលើ​ឡើងវិញ រដ្ឋបាល រាជធានី​ភ្នំពេញ​នឹង​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ដោយ​មិន​លើកលែង​ចំពោះ​អ្នក​រារាំង ឬ​តវ៉ា​ទាំងឡាយ​។​ទទួល​បាន​សេចក្តី​ជូនដំណឹង​នេះ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី ភ្នំពេញ រដ្ឋបាល​ខណ្ឌ​មានជ័យ និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ត្រូវ​សហការ​អនុវត្ត ឲ្យ​ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទ៖ ​ស្រីរត្ន័

សូមចុចអាន៖ ​ការ​សាងសង់​ផ្លូវ​៣៨ខ្សែ ក្នុង​ខេត្ត​សៀមរាប ​​បែងចែក​ជា​បួន​ប្រភេទ

Advertisement

ចុច Like Facebook កម្ពុជាថ្មី

Advertisement

ព័ត៌មានពេញនិយម