Connect with us

KPT+

ព្រឹត្តិការណ៍​សំខាន់ៗ​នៃ​ជីវិតលោក VLADIMIR PUTIN មុន​និង​ក្រោយ​កាន់​តំណែង​ជា​ប្រធានាធិបតីរុស្ស៊ី

បានផុស

នៅ

ប្រធានាធិបតី​រុស្ស៊ី​លោក វ្លាឌីមៀ​ ពូទីន មាន​ឈ្មោះ​ពេញ Vladimir Vladimirovich Putin កើត​ថ្ងៃទី ៧ ខែតុលា ឆ្នាំ ១៩៥២ ទីក្រុង Leningrad ប្រទេស​រុស្ស៊ី។ លោកមានឪពុកឈ្មោះ  Vladimir Putin ជា​មេការ​រោងចក្រ និង​ម្ដាយ​ឈ្មោះ Maria Putin។

លោក​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​អ្នកស្រី Lyudmila Putin នៅថ្ងៃទី២៨ ខែ​កក្កដា ឆ្នាំ១៩៨៣ ប៉ុន្តែ​បច្ចុប្បន្ន​អ្នក​ទាំងពីរ​បាន​លែងលះគ្នា (២០១៤)។ គូស្នេហ៍​នេះ​មានកូនស្រីពីរនាក់​គឺ Yekaterina និង Maria ។

ប្រធានាធិបតី​រូបនេះ កាន់សាសនាគ្រឹស្ត និកាយ មេតូឌីស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍ ​និងកាលបរិច្ឆេទសំខាន់ៗនៃខ្សែជីវិតរបស់មេដឹកនាំរុស្ស៊ីលោក វ្លាឌីមៀពូទីន ៖

ឆ្នាំ ១៩៧៥– ចូល​បម្រើការនៅ​ទីភ្នាក់ងារសន្តិសុខរដ្ឋ KGB ជា​មន្ត្រី​ស៊ើបការណ៍។

ឆ្នាំ ១៩៨៤ – ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ចូល​រៀន​ភាសា​អាល្លឺម៉ង់​និង​អង់គ្លេស​នៅ​វិទ្យាស្ថាន  Red Banner។

ឆ្នាំ ១៩៨៥ – ត្រូវ​បាន​ចាត់តាំង​ឲ្យ​បំពេញ​មុខងារ​ស៊ើបការណ៍​សម្ងាត់​នៅ Dresden ប្រទេស​អាល្លឺម៉ង់​ខាងកើត។

ឆ្នាំ ១៩៩០ – ក្លាយ​​ជា​ជំនួយការ​សាកល​វិទ្យាធិការ (ព្រឹទ្ធបុរស) ផ្នែក​កិច្ចការ​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ Leningrad ។

ឆ្នាំ ១៩៩១ – ក្លាយ​ជា​អ្នក​ប្រឹក្សា​យោបល់​របស់​លោក Anatoly Sobchak ដែល​ជា​បេក្ខជន​កំពុង​ឈរ​ឈ្មោះ​ជា​អភិបាលក្រុង Leningrad ។ បន្ទាប់ពីលោក Sobchak ឈ្នះ​ការ​បោះឆ្នោត លោកពូទីន​ត្រូវ​បាន​ជ្រើសរើស​ឲ្យ​ទៅ​ធ្វើការ​នៅ​សាលាក្រុង ក្នុង​នាមជា​ប្រធាន​គណៈកម្មាធិការ​ទំនាក់ទំនង​អន្តរជាតិ។ ឆ្នាំ​ដដែល​នោះ លោក ពូទីន បាន​លាលែង​ពី KGB ។

ឆ្នាំ ១៩៩៧ – បាន​តែងតាំង​ជាអនុប្រធាន​រដ្ឋបាលនៃវិមានក្រឹមឡាំង ក្រោមការដឹកនាំ​របស់​ប្រធានាធិបតី Boris Yeltsin ។

ឆ្នាំ ១៩៩៨ – ក្លាយជាប្រធានសេវាសន្តិសុខសហព័ន្ធ (FSB) ។

ឆ្នាំ ១៩៩៩ – ក្លាយជា​លេខាធិការ​ក្រុមប្រឹក្សា​សន្តិសុខ​រុស្ស៊ី។

ថ្ងៃទី ៩ ខែសីហា ឆ្នាំ ១៩៩៩– លោក Yeltsin បានតែងតាំងលោក Putin ជានាយករដ្ឋមន្ត្រី។

ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ១៩៩៩ – លោក Yeltsin ចុះចេញពីតំណែងចំពេលមានរឿងអាស្រូវ​ហើយ​លោក​ពូទីនក្លាយជាប្រធានាធិបតីស្តីទី។

ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០០០ – ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីរុស្ស៊ី។

ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០០០– លោកពូទីនបានស្បថចូលកាន់តំណែង។

ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០០១ – ពូទីនជួប​ជាមួយប្រធានាធិបតីអាមេរិកលោក ចចដាប់ប៊លយូប៊ូស ធ្វើ​សន្និសីទ​សារព័ត៌មាន​រួមគ្នា។

ថ្ងៃទី ២៤ ខែឧសភាឆ្នាំ ២០០២ – ពូទីននិងប៊ូសចុះហត្ថលេខាលើសន្ធិសញ្ញាទីក្រុងម៉ូស្គូស្តីពីការកាត់បន្ថយ​ការ​វាយលុក​បែប​យុទ្ធសាស្ត្រ​ដែល​តម្រូវ​ឲ្យ​រដ្ឋ​ទាំងពីរ​កាត់បន្ថយ​ស្តុក​ក្បាល​គ្រាប់​នុយក្លេអ៊ែរក្នុងរយៈពេល ១០ ឆ្នាំ។

ថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០០៤ – ត្រូវបានបោះឆ្នោតឡើងវិញបន្ទាប់ពីធ្វើយុទ្ធនាការឯករាជ្យ។

ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០០៤ – លោកពូទីនបានស្បថចូលកាន់តំណែងជាអាណត្តិទី ២ របស់ខ្លួន។

ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០០៥ – ក្លាយ​ជាមេដឹកនាំរុស្ស៊ីដំបូងគេ​ដែល​ធ្វើ​ទស្សនកិច្ច​នៅ​អ៊ីស្រាអែល។

ថ្ងៃទី ៤-៥ ខែតុលា ឆ្នាំ ២០០៥ – ធ្វើ​ទស្សនកិច្ច​ជាមួយ​នាយករដ្ឋមន្ត្រី​អង់គ្លេស​លោក Tony Blair និង​ប្រកាស​បង្កើនកិច្ចសហប្រតិបត្តិ​ការ​រវាង​រុស្ស៊ី​និង​អង់គ្លេស​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​អំពើ​ភេរវកម្ម។

ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០៧ – ជាប់​ឈ្មោះ​បុគ្គល​ឆ្នើម​ប្រចាំឆ្នាំ​លើ​ទស្សនាវដ្ដី Time ។

ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០០៨ –  លោក Dmitry Medvedev ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធានាធិបតី​រុស្ស៊ី។

ថ្ងៃទី៧ ខែឧសភា ២០០៨ – ត្រឹមតែពីរម៉ោងបន្ទាប់ពីប្រធានាធិបតី​ស្បថ​ចូល​កាន់​តំណែង​លោក Dmitry Medvedev តែងតាំង​លោកពូទីន​ជា​នាយករដ្ឋមន្រ្តី។

ខែសីហា ឆ្នាំ ២០០៨– ប្រទេសរុស្ស៊ីមានជម្លោះយោធាជាមួយ​ប្រទេសហ្សកហ្ស៊ី​ដែល​នៅ​ជិត​ខាងខ្លួន។

ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០១១– លោក Dmitry Medvedev អំពាវនាវ​ឲ្យ​គណបក្សរួបរួមរុស្ស៊ី​ដែល​កំពុង​កាន់​អំណាច​គាំទ្រលោកពូទីន​ឲ្យ​​ធ្វើជាប្រធានាធិបតីនៅឆ្នាំ ២០១២ ។

ថ្ងៃទី ៤ ខែមីនាឆ្នាំ ២០១២ – លោកពូទីនឈ្នះ​អាណត្តិទី ៣ ជា​ប្រធានាធិបតី​ដែល​មាន​សំឡេង​គាំទ្រ​តិចជាង ៦៥% ខណៈ​អ្នក​រិះគន់​តវ៉ា​អំពី​ការលួចបន្លំសន្លឹកឆ្នោត។

ថ្ងៃទី ៧ ខែ​ឧសភា ឆ្នាំ ២០១២ – លោក​ពូទីន​បាន​ស្បថ​ចូល​កាន់​តំណែង​ក្រោម​សន្តិសុខ​តឹង រឹង ស្រប​ពេល​បាតុករ​រាប់រយនាក់​ត្រូវ​បាន​ប៉ូលិស​ឃុំខ្លួន។

ថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០១៣ – ក្នុង​អំឡុងពេលធ្វើ​បទសម្ភាសន៍​មួយ​ដែល​ចាក់​ផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​រដ្ឋ លោកពូទីន​និង​ភរិយាអ្នកស្រី Lyudmila បាន​ប្រកាស​ពី​ការ​បញ្ចប់​អាពាហ៍ពិពាហ៍​របស់​ពួកគេ។

ថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០១៣– លោកពូទីនបានផ្សាយអត្ថបទមួយនៅក្នុងកាសែតញូវយ៉កថែមស៍ អំពីសង្គ្រាមស៊ីវិលស៊ីរី។

ថ្ងៃទី ៦ ខែសីហា ឆ្នាំ ២០១៤ – លោកពូទីនចុះហត្ថលេខា​លើ​ក្រឹត្យមួយ​ដែល​ហាមឃាត់​ការ​នាំ​ចូល​ស្បៀងអាហារ​និងកសិកម្ម​ពីប្រទេស​ដែលបានដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី។

ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១៥ – ពូទីនចូលរួមមហាសន្និបាត​អង្គការសហប្រជាជាតិ​នៅ​ទីក្រុងញូវយ៉ក ហើយក្រោយមកបានជួបជាមួយលោក អូបាម៉ា។ យោង​តាម​មន្ត្រី​ជាន់ខ្ពស់​អាមេរិក​បាន​និយាយ​ថា មេដឹកនាំទាំងពីរពិភាក្សាគ្នាអំពីអ៊ុយក្រែន​និង​​ស៊ីរី។ នេះជាការជួបផ្ទាល់លើកដំបូងរបស់ពួកគេ ចាប់តាំងពីការលុកលុយរបស់រុស្ស៊ីចូលអ៊ុយក្រែន កាលពីឆ្នាំ ២០១៣។

ថ្ងៃទី ២១ ខែមករាឆ្នាំ ២០១៦ – ការស៊ើបអង្កេតរបស់ចក្រភពអង់គ្លេសបានបង្ហាញភស្តុតាងថា លោកពូទីន បានយល់ព្រមប្រតិបត្តិការសម្លាប់អតីតចារកម្មលោក​ Alexander Litvinenko កាលឆ្នាំ ២០០៦ ។

ថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៦– FBI ប្រកាសថា ខ្លួនបានបើកការស៊ើបអង្កេត​លើ​ការ​លួច​ស្តាប់​ប្រព័ន្ធ​កុំព្យូទ័រ​របស់គណៈកម្មាធិការជាតិប្រជាធិបតេយ្យ។ ពួកគេគិតថា ការវាយលុក​តាម​អ៊ិនធរណេត​មានទំនាក់ទំនងជាមួយប្រទេសរុស្ស៊ី។

ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០១៦ – ក្នុង​បទសម្ភាសន៍​របស់​សារព័ត៌មាន Bloomberg លោកពូទីនបានបដិសេធថា រដ្ឋាភិបាលរុស្ស៊ី​មិនមានជាប់​ពាក់ព័ន្ធក្នុងការលួច​ស្តាប់អ៊ីមែល​របស់​គណៈកម្មាធិការ​ជាតិ​ប្រជាធិបតេយ្យ​ឡើយ។

ថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០១៧ – នៅក្នុងសន្និសីទកាសែត លោកពូទីន បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​របស់លោក ត្រាំ ដែលថាសេវាកម្មសន្តិសុខ​របស់​រុស្ស៊ី​កំពុង​តាមដាន​ប្រធានាធិបតី​ជាប់ឆ្នោត​អាមេរិក។

ថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០១៧ – ជួបជាមួយ Trump ជាលើកដំបូងនៅខាងក្រៅកិច្ចប្រជុំកំពូល G20 នៅទីក្រុង Hamberg ប្រទេសអាល្លឺម៉ង់។ ក្នុងអំឡុងពេលនៃការប្រជុំរយៈពេល ២ ម៉ោង មេដឹកនាំទាំងពីរបានពិភាក្សាលើការចោទប្រកាន់អំពីការជ្រៀតជ្រែករបស់រុស្ស៊ីនៅក្នុងការបោះឆ្នោតអាមេរិក និងសង្រ្គាមនៅក្នុងប្រទេសស៊ីរី។ ប៉ុន្មានម៉ោងក្រោយមក ពួកគេជជែកគ្នាក្រៅផ្លូវការម្តងទៀត ក្នុងពេលអាហារពេលល្ងាចជាមួយប្រមុខរដ្ឋដទៃទៀត។

ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៧ – លោក​ពូទីន​ប្រកាស​បណ្ដេញ​ទូត​អាមេរិកាំង ៧៥៥ នាក់ចេញនៅប្រទេសរុស្ស៊ី។

ថ្ងៃទី ៧ ខែឧសភា ឆ្នាំ ២០១៨ – បានស្បថចូលកាន់តំណែង​ជា​ប្រធានាធិបតីរយៈពេល ៦ ឆ្នាំទៀត។

ថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០១៨ – លោកពូទីននិងលោក Trump ជួបគ្នានៅទីក្រុង Helsinki និង​ធ្វើ​សន្និសីទសារព័ត៌មាន​រួមគ្នា។

ថ្ងៃទី ២៥ ខែមេសា ឆ្នាំ ២០១៩– មេដឹកនាំកូរ៉េខាងជើងលោក គីមជុងអ៊ុន ជួបជាមួយពូទីននៅទីក្រុង Vladivostok ។ កិច្ចប្រជុំកំពូលនេះជាកិច្ចពិភាក្សាមួយទល់នឹងមួយ ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយត្រូវបានចុះហត្ថលេខាទេ។

ថ្ងៃទី ៣ ខែកក្កដា ឆ្នាំ ២០១៩ – លោកពូទីនចុះហត្ថលេខាលើច្បាប់ព្យួរការចូលរួមរបស់រុស្ស៊ីក្នុងសន្ធិសញ្ញាកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម។

ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០១៩– លោកពូទីនជួបជាមួយប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ហើយប្រកាសពីកិច្ចព្រមព្រៀងឲ្យកងទ័ពរុស្ស៊ីនិងតួកគីដើរល្បាតនៅតាមព្រំដែនតួកគី – ស៊ីរី៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ CNN

ចុចអាន៖រឿងពិតសែនកម្សត់ៗលាក់ពីក្រោយអតីតកាល​នៃ​តារាៗលំដាប់ពិភពលោក

ចុចអាន៖ភរិយាជេកម៉ា៖​ ស្វាមី​ខ្ញុំ​មិនមែន​ជា​បុរស​សង្ហា​ទេ ​ខ្ញុំ​​ស្រលាញ់​គាត់​ ព្រោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម