បើយោងតាមការចុះផ្សាយរបស់កាសែត New York Times បានឲ្យដឹងថា ទីប្រឹក្សារបស់លោកប្រធានាធិបតី Donald Trump ទំនងជាបានបដិសេធមិនឲ្យគាត់ចេញបញ្ជាឲ្យយោធាធ្វើការវាយប្រហារលើអ៊ីរ៉ង់ ដោយព្រមានថា វានឹងបង្កើនជម្លោះដែលកំពុងបន្តរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់នៅក្នុងសប្តាហ៍ចុងក្រោយនៃតំណែងប្រធានាធិបតីរបស់លោក Trump ។
ដោយដកស្រង់សម្ដីអតីតមន្ត្រីអាមេរិក កាសែត New York Times បានរាយការណ៍ថា លោក Donald Trump កំពុងរិះរកការវាយប្រហារទៅលើ “ទីតាំងនុយក្លេអ៊ែរដ៏សំខាន់” របស់អ៊ីរ៉ង់នៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ ។ លោក Trump បានសួរទៅកាន់ទីប្រឹក្សារបស់លោកថាតើលោកមានជំរើសបែបនេះដែរឬទេ អំឡុងកិច្ចប្រជុំមួយនៅឯការិយាល័យ Oval កាលពីថ្ងៃចន្ទ ។
ទីប្រឹក្សាដែលក្នុងនោះមានអនុប្រធានាធិបតីអាមេរិកលោក Mike Pence រដ្ឋមន្រ្តីក្រសួងការបរទេស Mike Pompeo រដ្ឋមន្រ្តីក្រសួងការពារជាតិ Christopher Miller និងប្រធានអគ្គសេនាធិការចម្រុះលោក Mark Milley ត្រូវបានគេរាយការណ៍ថាបានបដិសេធលោក Trump ពីការវាយប្រហារនេះ ដោយសម្តែងការព្រួយបារម្ភថា វានឹងបង្កើនជម្លោះកាន់តែធំនៅក្នុងសប្តាហ៍ចុងក្រោយនៃតំណែងប្រធានាធិបតីរបស់លោក Trump” ។
យោងតាមកាសែត New York Times បានឲ្យដឹងថា ការវាយប្រហារប្រឆាំងនឹងអ៊ីរ៉ង់ប្រសិនបើត្រូវបានធ្វើឡើងមែននោះ វាពិតជានឹងផ្តោតគោលដៅទៅលើរោងចក្រ Natanz ដែលជារោងចក្រនុយក្លេអ៊ែរអ៊ីរ៉ង់ដែលជាទូទៅត្រូវបានគេចាត់ទុកថាជាទីតាំងកណ្តាលសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម ។