ព័ត៌មានអន្ដរជាតិ
អំពើហិង្សាផ្ទុះឡើងក្នុងប្រទេសប្រេស៊ីល ក្រោយការស្លាប់បុរសស្បែកខ្មៅ ស្របពេលកូវីដក៏កំពុងតែឆ្លងខ្លាំង
បាតុករជាង ១,០០០ នាក់បានវាយប្រហារផ្សារទំនើប Carrefour នៅភាគខាងត្បូងទីក្រុង Porto Alegre ប្រទេសប្រេស៊ីលកាលពីថ្ងៃសុក្រ បន្ទាប់ពីក្រុមសន្តិសុខបានវាយទៅលើបុរសស្បែកខ្មៅម្នាក់នៅឯហាងនោះរហូតដល់ស្លាប់ ។
គិតមកត្រឹមពេលនេះប្រជាជាតិអាមេរិកខាងត្បូងមួយនេះបានចូលរួមជាមួយសហរដ្ឋអាមេរិក និងឥណ្ឌាក្នុងនាមជាប្រទេសដែលមានករណីឆ្លងកូវីដ ១៩ លើស ៦ លានករណី ខណៈមានអ្នកស្លាប់ជិត ១៧០,០០០ នាក់ ហើយជាប្រទេសមានចំនួនអ្នកស្លាប់ខ្ពស់បំផុតលំដាប់ទី ២ នៅលើពិភពលោក ។
ប៉ុស្តិ៍ព័ត៌មាន GloboNews បាននិយាយថា ការសម្លាប់ដែលបានបង្កឲ្យមានការតវ៉ានៅទូទាំងប្រទេសប្រេស៊ីលបានកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ នៅពេលបុគ្គលិកហាងម្នាក់បានទូរស័ព្ទទៅសន្តិសុខ បន្ទាប់ពីបុរសនោះបានគំរាមវាយប្រហារនាង ។

វីដេអូនៃការវាយដំដល់ជនរងគ្រោះស្បែកខ្មៅត្រូវបានផ្សព្វផ្សាយលើបណ្តាញសង្គម ។ ឪពុករបស់គាត់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា បុរសរូបនោះឈ្មោះ Joao Alberto Silveira Freitas ហៅ Beto អាយុ ៤០ ឆ្នាំ ។
គេហទំព័រព័ត៌មាន G1 ក្រោយមកបានរាយការណ៍ថា ការវិភាគដំបូងដោយវិទ្យាស្ថានកោសល្យវិច្ច័យរបស់រដ្ឋបានបង្ហាញថា មូលហេតុនៃការស្លាប់អាចជាការថប់ដង្ហើម ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ អង្គភាពក្នុងស្រុកនៃក្រុមហ៊ុន Carrefour SA របស់ប្រទេសបារាំងបាននិយាយថា ពួកគេមានការសោកស្តាយយ៉ាងខ្លាំងចំពោះអ្វីដែលហៅថាជាការស្លាប់ដ៏សាហាវ ហើយបាននិយាយថា ខ្លួនបានចាត់វិធានការភ្លាមៗដើម្បីធានាថាអ្នកទទួលខុសត្រូវត្រូវបានផ្តន្ទាទោសតាមច្បាប់ ។ ពួកគេនឹងបញ្ចប់កិច្ចសន្យាជាមួយក្រុមហ៊ុនសន្តិសុខ បណ្តេញបុគ្គលិកដែលទទួលបន្ទុកហាងនេះនៅពេលដែលមានឧប្បត្តិហេតុនេះកើតឡើង ហើយបិទហាងនេះជាសញ្ញានៃការគោរព ។

នៅទីក្រុង Porto Alegre ក្រុមអ្នកតវ៉ានៅរសៀលថ្ងៃសុក្របានកាន់ផ្ទាំងបដាជាមួយសញ្ញារបស់ផ្សារ Carrefour ដែលប្រឡាក់ដោយឈាម និងបានអំពាវនាវឲ្យធ្វើពហិការខ្សែសង្វាក់នេះ ។ ពួកគេបានលើកបដាជាភាសាព័រទុយហ្គាល់ដែលសរសេរថា “Black Lives Matter” និងមានសញ្ញាអំពាវនាវរកយុត្តិធម៌សម្រាប់លោក Beto ។
ការតវ៉ាបានប្រែទៅជាហិង្សានៅល្ងាចថ្ងៃសុក្រ នៅពេលដែលក្រុមបាតុករបានវាយបំបែកបង្អួច និងរថយន្តដឹកទំនិញនៅក្នុងតំបន់ចតរថយន្តរបស់ផ្សារទំនើប ។ សាក្សីរ៉យទ័រម្នាក់បានឃើញប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដាក់ក្រុមអ្នកតវ៉ា ។
ចំណែកនៅទីក្រុង Sao Paulo ក្រុមបាតុកររាប់សិបនាក់បានវាយបំបែកបង្អួច និងទ្វារខាងមុខនៃហាង Carrefour ដោយដុំថ្ម និងវាយកម្ទេចច្រកចូលអគារផងដែរ ។ រីឯនៅទីក្រុង Rio de Janeiro ក្រុមអ្នកតវ៉ាប្រហែល ២០០ នាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅទីតាំងហាង Carrefour មួយផ្សេងទៀត ។

ថ្ងៃទី ២០ ខែវិច្ឆិកា នៅក្នុងផ្នែកជាច្រើននៃប្រទេសប្រេស៊ីលត្រូវបានអនុញ្ញាតធ្វើ ទិវាយល់ដឹងពីជនជាតិស្បែកខ្មៅ ។ ប្រេស៊ីលចូលចិត្តគិតអំពីប្រទេសរបស់ពួកគេថាជា “ប្រជាធិបតេយ្យពូជសាសន៍” ដែលមានភាពសុខដុមរមនា ហើយប្រធានាធិបតីស្តាំនិយម Jair Bolsonaro បានបដិសេធវត្តមានរបស់ការរើសអើងជាតិសាសន៍ ។ ប៉ុន្តែឥទ្ធិពលនៃទាសភាពដែលត្រូវបានលុបចោលនៅឆ្នាំ ១៨៩៩ នៅតែមានភស្តុតាងនៅឡើយ ។
យោងតាមទិន្នន័យរបស់រដ្ឋាភិបាលឆ្នាំ ២០១៩ បានឲ្យដឹងថា ជនជាតិស្បែកខ្មៅប្រេស៊ីលមានចំនួនបីដងជាជនរងគ្រោះដោយសារអំពើមនុស្សឃាត ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ REUTERS
ចុចអាន ៖ ប្រេស៊ីល ភ័យខ្លាចរលកទី ២ ក្រោយពេលការឆ្លងកូវីដកើនលើស ៦ លានករណី
ចុចអាន ៖ ប្រេស៊ីលអនុញ្ញាតឲ្យបន្តការសាកល្បងវ៉ាក់សាំងចិនឡើងវិញ ក្រោយមានការផ្អាក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ