Connect with us

សុខភាព

សូម​ស្វែងយល់​ពី​គ្រោះថ្នាក់​ធ្ងន់ធ្ងរ នៃ​ក្រួស​តម្រង​នោម​!

បានផុស

នៅ

​បើទោះជា​មាន​មូលហេតុ​ផ្សេងៗ​គ្នា​នៃ​ការ​កកើត ទំហំ​តូច​ឬ​ធំ គ្រួស​តម្រងនោម​ អាច​សម្ងំ​នៅ​ក្នុង​ខ្លួន​មនុស្ស ដោយ​មិន​បញ្ចេញ​ជា​រោគសញ្ញា​អ្វី​ទាំងអស់​ដល់​អ្នកជំងឺ ជាពិសេស​នៅ​ពេល​ដែល​វា​មិនទាន់​ធ្វើ​ឲ្យ​ស្ទះ​ដល់​លំហូរ​នៃ​ប្រព័ន្ធ​ទឹកនោម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ពេល​ដែល​ក្រួស​តម្រង​នោម​រំកិល ឬ​ធ្វើ​ឲ្យ​ស្ទះ​ដល់​ដំណើរ​លំហូរ​នៃ​ទឹកនោម ព្រឹត្តិការណ៍​ពីរ​ធំៗ​អាច​កើតមានឡើង

១) ការឈឺចាប់​ខ្លាំង​នៅ​តំបន់​ចង្កេះ (Colique néphrétique)

​ការឈឺចាប់​នេះ​បណ្តាល​មកពី​ការ​ស្ទះ​ភ្លាមៗ​នៃ​ប្រព័ន្ធ​ទឹកនោម​ផ្នែក​ខាងលើ (​អាច​ខាងឆ្វេង ឬ​ខាងស្តាំ​) បណ្តាល​ឲ្យ​មានការ​រីក​ធំ​ ដោយ​ការ​ដក់​ទឹកនោម​នៅ​ក្នុង​តម្រងនោម​។ ការឈឺចាប់​នេះ​អាច​នឹង​ធូរស្បើយ​ទៅវិញ​ដោយសារ

ក​. ការ​ធ្លាក់​ផុត​ពី​បំពង់​ទឹកនោម​ចូល​ទៅ​ក្នុង​ផ្លោក​នោម ដោយ​គ្រួស​ដែលមាន​ទំហំ​តូចៗ (៣-៤​ម​ម​)

ខ​. ការ​បែក​ធ្លាយ​នៃ​ប្រព័ន្ធ​ទឹកនោម​ផ្នែក​ខាងលើ (Rupture fornix)

គ​. ការ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​

​ចំណាំ​៖ គ្រោះថ្នាក់​ធ្ងន់ធ្ងរ​រហូត​ខូច​តម្រងនោម ភាគច្រើន​ជួបប្រទះ​ក្នុង​ករណី​ចុងក្រោយ ដែល​អ្នកជំងឺ​លែង​មាន​ការឈឺចាប់​បន្ទា​ប់​ពី​ពិសា​ថ្នាំ ហើយ​គិត​ថា​គ្រាប់​គ្រួស​ជ្រុះ ឬ​ធ្លាក់​បាត់​។ ផ្ទុយទៅវិញ​គ្រួស​នោះ​ អាច​នៅ​បន្ត​ស្ទះ​ដោយ​លែង​មាន​រោគសញ្ញា​ឈឺចាប់​ខ្លាំង​ដូច​ពី​ដំបូង​។ ដោយសារ​ការ​ស្ទះ​នេះ តម្រងនោម​នឹង​ចាប់​ផ្តើម​ខ្សោយ​បន្តិច​ម្តងៗ រហូតដល់​ខូច​លែង​ដំណើរការ​។​

២) ការឈឺចាប់​នៅ​តំបន់​ចង្កេះ​រួម​ទាំង​មានការ​ក្តៅ​ខ្លួន (Pyélonéphrite aiguë)

​គឺជា​ការ​ស្ទះ​នៅ​ផ្លូវ​បង្ហូរ​ទឹកនោម រួម​ទាំង​ការ​រលាក​ស្រួចស្រាវ​ដល់​បំពង់​ទឹកនោម និង​តម្រងនោម ដែល​ស្ទះ​នោះ​។​

​កត្តា​ចម្បង​ដែល​ធ្វើ​ឲ្យ​មាន​មេរោគ ឬ​ខ្ទុះ​ក្នុង​ប្រព័ន្ធ​បង្ហូរ​ទឹកនោម​ គឺ​ការ​ចាល់ ឬ​ស្ទះ​ទឹកនោម​នៅ​ផ្នែក ណាមួយ​នៃ​ប្រព័ន្ធ​។ ការ​រលាក​តម្រងនោម​ស្រួច​ស្រាវ​បណ្តាល​មក​ពី​ការ​ស្ទះ​ទឹកនោម (Pyélonéphrite aiguë obstructive) ជា​ករណី​បន្ទាន់​វេជ្ជសាស្ត្រ ដែល​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​គ្រោះថ្នាក់​រហូតដល់​បាត់បង់​អាយុជីវិត ប្រសិនបើ​មិន​មាន​ការ​ព្យាបាល​ត្រឹមត្រូវ និង​ទាន់​ពេល​វេលា​។​

​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត យើង​ជួបប្រទះ​ករណី​អ្នកជំងឺ​ធ្ងន់ធ្ងរ ដែល​មាន​សញ្ញា​គំរាមកំហែង​ដល់​អាយុជីវិត ដូច​ករណី​ខាងលើ មាន ៣ ទៅ ៤ ករណី​ជា​មធ្យម​ក្នុង​មួយ​ខែ​។ អ្នកជំងឺ​ទាំងនោះ​ភាគច្រើន​ស្តែង​ចេញ ជា​សញ្ញា​ដូច​ខាង​ក្រោម (Septicémie)៖

– ស្មារតី​មិន​នឹងន​

– សម្ពាធ​ឈាម​មិន​នឹងន (​ស្រុត​ចុះ​)

– ក្តៅខ្លួន (+/-)

– ហត់​

​ក្រោយ​ការ​ធ្វើ​រោគវិនិច្ឆ័យ​ពី​ការ​រលាក​តំរង​នោម​ស្រួចស្រាវ​ដោយ​ការ​ស្ទះ ការ​ព្យាបាល​ដោយ​ថ្នាំ នៅ​ផ្នែក​សង្គ្រោះ​បន្ទាន់​កម្រិត​ធ្ងន់ បូករួម​ទាំង​ការ​បង្ហូរ​ទឹកនោម​ ដែល​មាន​មេរោគ ឬ​ខ្ទុះ​ទាន់ពេលវេលា គឺ​អាច​ជួយសង្គ្រោះ​ជីវិត​អ្នកជំងឺ​ឡើងវិញ​បាន​។​

​ដើម្បី​ការពារ​កុំ​ឲ្យ​គ្រួស​តម្រង​នោម​ផ្តល់​ផលវិបាក​រហូតដល់​ខូច​តម្រងនោម ឬ​មហន្តរាយ​ដល់​អាយុជីវិត សូម​បងប្អូន​អញ្ជើញ​ទៅ​ពិគ្រោះ​យោបល់ ធ្វើ​រោគវិនិច្ឆ័យ និង​ទទួល​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ ដែល​មាន​គ្រូពេទ្យ​ជំនាញ​ឯកទេស​ច្បាស់លាស់​។​

«​សូម​អញ្ជើញលោក លោកស្រី ដែល​សង្ស័យ​មាន​រោគសញ្ញា​គ្រួសតម្រងនោម មក​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ជួប​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ផ្នែក​វះកាត់​ប្រព័ន្ធ​ម៉ូត​សាស្ត្រ ធ្វើ​ការរក​រោគវិនិច្ឆ័យ ពិសេស​ការព្យាបាល​ដោយ​ការឆ្លុះ ចាប់ និង​បំបែក​គ្រួស​តាម​បង្ហួរនោម​ដោយ ឧបករណ៍ ​ដែលមាន​ទំហំ​តូច មាន​ភាពងាយស្រួល ប្រកបដោយ​សុវត្ថិភាព និង​គ្មាន​ការឈឺចាប់​៕

​អត្ថបទ៖ រស្មី

សូមចុចអាន៖ សារៈសំខាន់​នៃ​ការ​ធ្វើ​អេកូ​សរសៃឈាម ដែល​ទៅ​ចិញ្ចឹម​ខួរក្បាល​!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម