សុខភាព
ជំងឺដំបៅក្រពះ អាចគ្រោះថ្នាក់ដល់ជីវិត!
ជំងឺដំបៅក្រពះ ជាជំងឺនៃការបាត់នូវស្រទាប់កោសិកានៃក្រពះ។ វាបណ្ដាលមកពីការបាត់លំនឹងនៃស្រទាប់ការពារនៃក្រពះ និងការបញ្ចេញនូវអាស៊ីតក្រពះ។ ជំងឺនេះអាចធ្វើឲ្យអ្នកជំងឺសម្រាកពេទ្យ មិនអាចធ្វើការងារបាន និងអាចធ្វើឲ្យបាត់បង់អាយុជីវិត។

ការស្វែងយល់ពីជំងឺនេះ អាចជួយឲ្យយើងទប់ស្កាត់នូវផលវិបាកនៃជំងឺដំបៅក្រពះ។
ក) មូលហេតុចម្បង ២ ដែលអាចឲ្យមានដំបៅក្រពះ
១) មេរោគក្រពះ (មេរោគ Helicobater Pylori)
មានច្រើនទៅលើប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ ដោយប្រទេសទាំងនេះ ភាពមានអនាម័យនៅមានកម្រិតនៅឡើយ ដែលអាចឆ្លងមេរោគពីមនុស្សម្នាក់ទៅមនុស្សម្នាក់បាន។ ពេលដែលអ្នកជំងឺបរិភោគអាហារ ដែលមានមេរោគនេះចូលទៅក្នុងក្រពះ មេរោគនោះនឹងទំនៅលើកោសិកាក្រពះ បន្ទាប់មកវាធ្វើឲ្យមានការបញ្ចេញនូវអាស៊ីតក្រពះជាច្រើន និងធ្វើឲ្យមានការរលាកក្រពះ ដែលយូរៗទៅធ្វើឲ្យមានជាដំបៅក្រពះ។ បើមិនមានការព្យាបាលឲ្យបានត្រឹមត្រូវទេនោះ វាអាចបង្កឲ្យមានជំងឺមហារីកក្រពះ។

២) ថ្នាំឈឺសន្លាក់
ការប្រើថ្នាំឈឺសន្លាក់ ដោយមិនមានវេជ្ជបញ្ជាត្រឹមត្រូវ អាចធ្វើឲ្យមានបញ្ហាដំបៅក្រពះ ព្រោះថ្នាំនេះធ្វើឲ្យស្រទាប់ការពារកោសិកាក្រពះថយចុះ ដែលអាចឲ្យអាស៊ីតក្រពះបំផ្លាញនូវស្រទាប់កោសិការបស់ក្រពះ។ បើអ្នកជំងឺដំបៅក្រពះនៅតែបន្តប្រើថ្នាំនេះទៀត នឹងអាចធ្វើឲ្យមានការហូរឈាមក្រពះ ឬធ្លាយក្រពះដែលអាចធ្វើឲ្យអ្នកជំងឺបាត់បង់ជីវិត បើមិនបានព្យាបាលឲ្យបានត្រឹមត្រូវ។
ខ) រោគសញ្ញា
ជាទូទៅជំងឺនេះ ស្តែងចេញនូវអាការៈដូចខាងក្រោម
– ឈឺចាប់ពោះផ្នែកចុងដង្ហើម ឬផ្នែកខាងស្តាំខាងលើ
– ឈឺចាប់នៅផ្នែកខាងខ្នង ឬបោះដៃផុត
– ឈឺនៅពេលឃ្លាន ហើយថយការឈឺចាប់ពេលទទួលទានអាហាររួចហើយ
– អាចមានការក្អួតចង្អោរ
– មានអារម្មណ៍ថា ពិបាកក្នុងការរំលាយអាហារ
អ្នកជំងឺអាចមានមេរោគសញ្ញា ឬគ្មានរោគសញ្ញា ជួនកាលអ្នកជំងឺអាចដឹងថា មានបញ្ហាដំបៅក្រពះ ដោយសារមានផលវិបាកដូចជា ការហូរឈាម ឬការធ្លាយក្រពះ។

គ) ការធ្វើរោគវិនិច្ឆ័យ
ការឆ្លុះក្រពះ (Gastroscopy) ជាវិធីដ៏ល្អក្នុងការធ្វើរោគវិនិច្ឆ័យជំងឺដំបៅក្រពះ ហើយអាចច្រឹបយកបំនែកតូចនៃកោសិកាត្រង់ដំបៅក្រពះ ឬកោសិកាល្អដើម្បីធ្វើការវិភាគកោសិកានោះថា ជាដំបៅក្រពះធម្មតា ឬដំបៅមហារីក ហើយអាចរកមេរោគក្រពះទៀតបានដោយមិនមានគ្រោះថ្នាក់អ្វីនោះទេ។ អ្នកជំងឺអាចធ្វើការឆ្លុះក្រពះ ដោយមិនដាក់ថ្នាំសណ្តំ ឬដាក់ថ្នាំសណ្តំ ។
ឃ) ផលវិបាកនៃជំងឺដំបៅក្រពះ មាន ២ ធំៗ
– ការហូរឈាមក្រពះ ស្តែងឡើងដោយមានការក្អួតឈាម, បន្ទោបង់លាមកមានឈាមខ្មៅ, ស្លេកស្លាំង, វិលមុខ ។ល។ ក្នុងករណីនេះ អ្នកជំងឺត្រូវបញ្ជូនមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីឃាត់ឈាមដែលហូរ តាមរយៈការឆ្លុះក្រពះ ហើយប្រើថ្នាំ និងបញ្ចូលឈាមឲ្យបានត្រឹមត្រូវ។
– ការធ្លាយក្រពះ អ្នកជំងឺមានអាការៈដូចជា ឈឺចាប់ខ្លាំង, អត់ផោម, អត់បន្ទោបង់, ពេលស្ទាបពោះមានសភាព រឹងដូចឈើ។ អ្នកជំងឺត្រូវមកមន្ទីរពេទ្យជាបន្ទាន់ ដើម្បីធ្វើរោគវិនិច្ឆ័យឲ្យបានត្រឹមត្រូវជាមុន នឹងធ្វើការវះកាត់ជាបន្ទាន់ ព្រោះអ្នកជំងឺអាចស្លាប់ភ្លាមៗ បើមិនបានព្យាបាលឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលានោះទេ។

ង) វិធីព្យាបាល
– ជំងឺដំបៅក្រពះអាចព្យាបាលដោយប្រើថ្នាំបន្ថយការបញ្ចេញជាតិអាស៊ីតក្រពះរយៈពេលពី ៦ ទៅ ៨ សប្ដាហ៍។
– បើមានមេរោគក្រពះ អ្នកជំងឺត្រូវបន្ថែមថ្នាំសម្លាប់មេរោគរយៈពេល១០ ទៅ ១៤ ថ្ងៃបន្ថែមទៀត។
– អ្នកជំងឺត្រូវបញ្ឈប់ការប្រើថ្នាំឈឺសន្លាក់ ឬថ្នាំបំបាត់ការឈឺចាប់ទាំងឡាយគ្មានវេជ្ជបញ្ជា និងគ្មានការតាមដានច្បាស់លាស់ ព្រោះអាចធ្វើឲ្យដំបៅក្រពះ មិនអាចជាសះស្បើយ នឹងកាន់តែធ្ងន់ធ្ងរឡើងៗ។
– អនាម័យជាវិធីមួយ ដែលល្អក្នុងការព្យាបាល ឬបង្ការការឆ្លងមេរោគក្រពះ យើងគួរបរិភោគនូវអាហារ ដែលមានអនាម័យត្រឹមត្រូវ នឹងមានការលាងសំអាតដៃជាមួយសាប៊ូ មុននឹងបរិភោគអាហារ។


«ក្រុមការងារថែទាំព្យាបាលឯកទេសផ្នែកក្រពះ ថ្លើម និងពោះវៀននៃមន្ទីរពេទ្យកាល់ម៉ែត សូមផ្ដាំផ្ញើជូនលោកលោកស្រី មេត្តាយកចិត្តទុកដាក់ និងតាមដានសុខភាពរបស់លោកអ្នកជាប្រចាំ ដើម្បីចៀសវាងការថ្លោះធ្លោយជាយថាហេតុ ដែលបណ្តាលឲ្យសុខភាពអាចប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត»៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ហើមសួតស្រួចស្រាវ ជាហានិភ័យខ្ពស់ដល់អាយុជីវិត!

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ