ទៀន​ក្រអូប​ជួយ​បន្ធូរបន្ថយ​អារម្មណ៍​តានតឹង​ ​និង​ភាព​នឿយហត់ – Kampuchea Thmey Daily
Connect with us

KPT+

ទៀន​ក្រអូប​ជួយ​បន្ធូរបន្ថយ​អារម្មណ៍​តានតឹង​ ​និង​ភាព​នឿយហត់

Published

on

ទៀន​ក្រអូប ជា​ទៀន​ពេញនិយម​ដែល​គេ​យក​ទៅ​ប្រើ​អុជ​បំភ្លឺ​ និង​លម្អ​ផង ​មិនថា​នៅ​ក្នុង​បន្ទប់គេង​ ​បន្ទប់ទឹក​ ​ការិយាល័យ​ ​សណ្ឋាគារ​ ​ឬ​កន្លែង​ស្ប៉ា​ជាដើម ​ព្រោះ​តែ​ប្រសិទ្ធភាព​នៃ​ការ​បង្កើន​បរិយាកាស​ឲ្យ​កាន់​តែ​រ៉ូមែនទិក ​និង​ទទួល​បាន​នូវ​អារម្មណ៍​ស្ងប់​សុខ។​

បច្ចុប្បន្ន​មនុស្ស​បាន​កែខៃ​ច្នៃ​ទៀន​ក្រអូប​ឲ្យ​កាន់តែ​មាន​លក្ខណៈ​ពិសេស​តាមរយៈ​ការ​បន្ថែម​ពណ៌​ច្រើន​ចម្រុះ ​បន្ថែម​ក្លិន​ច្រើន​ជម្រើស និង​ចម្អិន​ចាក់​រំលេច​ចេញ​ជា​រូប​រាង​ប្លែក​ៗ​ជា​ច្រើន​សណ្ឋាន​ផង​ដែរ។

​​​ទៀន​ក្រអូប​ចម្រាញ់​ចេញពី​ ​ក្រមួន​បន្លែ​ ​​មានគុណ​ភាព​ខ្ពស់ ​គ្មាន​ផ្សែង​ ​មិន​ប្រឡាក់​ពិតាន​ ​អុជ​បាន​យូរ​ ​ដែល​សំខាន់​ទោះ​ប្រើ​យ៉ាងណា ក៏​មានផល​ប៉ះពាល់​សុខភាព​តិចតួច​បំផុតជាងទៀន​ធម្មតា។

​ជា​ទូទៅ​ការ​ធ្វើ​ទៀន​ក្រអូប​មួយ​កែវ​ត្រូវ​ចំណាយ​ពេល​យ៉ាងហោចណាស់​កន្លះ​ថ្ងៃ ​ដោយ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ដូចជា​ ​ស្លក្រមួន​រយៈពេល​ពីរ​ម៉ោង​ក្នុង​សីតុណ្ហភាព​ ​៩០ អង្សា​ ​បន្ទាប់មក​ដាក់ប្រេង​ក្រអូប​យក​ក្លិន​ ​រួច​ចាក់​ចូល​កែវ​។​ ​វិធី​ធ្វើ​យើង​អាច​គិត​ថា​ងាយ​ស្រួល​ ប៉ុន្តែ​អ្នក​ជំនាញ​បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​ប្រើ​កម្ដៅ​ខុស​ ​សូម្បីតែ​ក្លិន​ ​សាច់​ទៀន​ ​និង​ការ​យក​ទៅ​អុជ​ក៏​មិន​អំណោយផល​ល្អ​ផង​ដែរ​។

ដោយឡែក​ពិដោរ​ទៀន​ក្រអូប​មាន​ច្រើន​ក្លិន​មាន​ដូចជា​ ​ក្លិន​ក្រូច ក្លិន​ឬស​ឈើ ​ក្លិន​លំអង​ទឹកឃ្មុំ​ ​ក្លិន​ម្លិះ​ ​ក្លិន​ផ្កា​សាគូ​រ៉ា​  ក្លិន​ដូង ​​ក្លិន​ឡាវែនឌ័រ និង​ក្លិន​ជា​ច្រើន​ទៀត។​

រី​ឯ​ទំហំ​នៃ​ទៀន​ក្រអូប​មាន​ទំហំ​ផ្សេង​គ្នា​តាម​រូបរាង​របស់​វា។ ជា​ធម្មតា​ទៀន​​ទំហំ​ ​៤៥ ក្រាម​ ​ដុត​បាន​រយៈពេល​ពី​ ​៨ ទៅ ១០ ម៉ោង​ ​ទំហំ​ ​២០០ ក្រាម​ ​ដុត​បាន​ពី​ ​៤០ ទៅ​ ​៤៥ ម៉ោង​ ​ទំហំ​ ​៤០០ ក្រាម​ ​ដុត​បាន​ពី​ ​៨០​ ​ទៅ ៩០​ ​ម៉ោង​ ​និង​ទំហំ​ ​៥០០ ក្រាម​ ​ដុត​បាន​ពី​ ​១១០ ទៅ ១២០ ម៉ោង។

​ក្លិន​ទៀន​ក្រអូប​មាន​ភាព​ស្រាល​ស្រទន់​ឈ្ងុយ​ដូចជា​ក្លិន​បុប្ផា​ព្រៃ ​ដោយ​ជួយ​បន្ធូរបន្ថយ​ភាព​ហត់នឿយ​ពី​ការ​ធ្វើដំណើរ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ក្នុង​នោះ​អ្នក​ជំនាញ​ណែនាំ​ពី​ក្លិន​ដែល​សក្តិ​សម​ប្រើប្រាស់​ទៅតាម​ទីកន្លែង​ក៏ដូចជា​បរិយាកាស​ផង​ដែរ​។ ​​​ក្លិនឡា​វែ​នដ័រ​ ​មាន​ក្លិន​បែប​ប្រហើរ​ៗ​ជួយ​បន្ធូរបន្ថយ​អារម្មណ៍​តានតឹង​ ​និង​ភាព​ហត់នឿយ​ ​វា​សក្ដិសម​បំផុត​សម្រាប់​ប្រើ​អុជ​នៅ​កន្លែង​ស្ប៉ា។​ ​ចំណែក​ក្លិន​ម្លិះ និង​ក្លិន​សាគូ​រ៉ា​ ​ក្រអូប​បែប​ស្រាល​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​ប្រសាទ​ធ្វើឲ្យ​ខួរក្បាល​ស្ងប់​គេងលក់​ស្រួល​ ​សក្តិ​សម​ចំពោះ​ការអុជ​ក្នុង​បន្ទប់គេង​ឬ​ក្នុង​ផ្ទះ​។ ​រី​ឯ​​​ក្លិន​លំអង​ទឹកឃ្មុំ ​វិញ​ ​ក្រអូប​បែប​ផ្អែមល្ហែម​ត្រូវ​នឹង​បរិយាកាស​បែបរ៉ូ​មែនទិក​​ ​ជាពិសេស​ត្រូវ​ជា​មួយ​យុវវ័យ​និង​គូស្នេហ៍។​ ​

​ចំពោះ​តម្លៃ​ទៀន​ក្រអូប​ថ្លៃ​ចាប់ពី​ ​២.៥ ដុល្លារ​ ​រហូតដល់​ ​២៤.៥ ដុល្លារ​ ​និង​អាច​ខ្ពស់​ជាង​នេះ​អាស្រ័យ​ទៅ​តាម​យីហោ ​ទំហំ​ ក៏ដូចជា​ក្លិន​ផ្សេង​ៗ​ពី​គ្នា៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ litupcandleco

ចុចអាន៖ទោះ​អាយុ​ច្រើន​ក្ដី ស្ត្រី​ៗ​នៅ​តែ​ទាក់ទាញ​ខ្លាំង ដរាប​ណា​មាន​ចំណុច​ទាំង​បី​នេះ

ចុចអាន៖ហេតុអ្វី​យើង​ខ្ជះខ្ជាយ​ប្រាក់​លើ​របស់ថ្លៃៗដោយ​គ្មាន​បញ្ហា ប៉ុន្តែ​បែរ​សុញសាញ​ពេល​ទិញ​របស់​ថោកៗ?

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម