អតីតអភិបាលរាជធានីភ្នំពេញ បានចាត់ទុកមនុស្សដែលមិនចេះគ្រប់គ្រង និងទុកដាក់សំរាម ឲ្យបានត្រឹមត្រូវថា ជាមនុស្សសំរាម និងស្នើឲ្យប្រជាពលរដ្ឋទុកដាក់សំរាម ឲ្យបានត្រឹមត្រូវ។ នេះជាការលើកឡើងរបស់ លោក ប៉ា សុជាតិវង្ស ។
ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៣ ដែលបានធ្វើឡើង កាលពីព្រឹកថ្ងៃទី២២ ខែតុលា នៅខណ្ឌទួលគោក។
លោក ប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងថា ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ វាជាការផ្តល់ឱកាសជូនប្រជាពលរដ្ឋបញ្ចេញយោបល់,លើកសំណើ, សំណូមពរ ដែលជាក្តីកង្វល់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃឲ្យអាជ្ញាធរ បានដឹងនិងជួយដោះស្រាយ ។ ការលើកឡើងនូវសំណើ សំណូមពរ របស់ប្រជាពលរដ្ឋក្នុងវេទិកា សាធារណៈ គឺកាន់តែតិចទៅៗពីមួយឆ្នាំទៅមួយឆ្នាំ មានន័យថា៖ កង្វល់របស់ប្រជាពលរដ្ឋ ត្រូវបានកាត់បន្ថយ នៅពេលអាជ្ញាធរបានខិតខំបង្ខិតសេវាសាធារណៈកាន់តែខិតជិតប្រជាពលរដ្ឋ និងកាន់តែមានប្រសិទ្ធភាព។
លោកបានលើកឡើងថា ការលើកឡើងរបស់ប្រជាពលរដ្ឋពេលខ្លះហាក់ដូចជារឿងតូចតាច តែការពិតបញ្ហាទាំងអស់នោះជារឿងសំខាន់ ជារឿងធំបើយើងព្រងើយកន្តើយមិនព្រមដោះស្រាយ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាការទំនាក់ទំនងទ្វេទិសរវាងរដ្ឋបាលគ្រប់ ថ្នាក់ និងប្រជាពលរដ្ឋ។
លោកប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានលើកឡើងពី តួនាទីរបស់ការិយាល័យប្រជាពលរដ្ឋរាជធានីភ្នំពេញ គឺជាការបំពេញតួនាទីជាតុលាការរដ្ឋបាល ដោះស្រាយ,សម្របសម្រួលវិវាទក្រៅប្រព័ន្ធតុលាការពាក់ព័ន្ធជា មួយមន្ត្រីដែលធ្វើឲ្យប៉ះពាល់សិទ្ធ និងផលប្រយោជន៍របស់បងប្អូន។
ពាក់ព័ន្ធនឹងបញ្ហាសំរាម លោកប៉ា សុជាតិវង្ស បានស្នើឲ្យប្រជាពលរដ្ឋទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ដោយលោកបញ្ជាក់ថា មនុស្សដែលមិនចេះរក្សាទុកដាក់សំរាមឲ្យបានត្រឹមត្រូវ គេហៅថា ជាមនុស្សសំរាម។ លោកក៏រួមគ្នាថែរក្សាស្ថេរភាពសង្គម ក៏ដូចចូលរួមអនុវត្តគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាពផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន
សូមចុចអាន៖ ចិនមានបំណងបោះទុនវិនិយោគ បង្កើតរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា