ព័ត៌មានជាតិ
យកចំបើងនៅវាលស្រែទៅបណ្តុះផ្សិត រកចំណូលបានប្រមាណ៣ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ
កសិករនៅស្រុកសូទ្រនិគម ខេត្តសៀមរាប និយាយថា នៅលើវាលស្រែចម្រូត ចំបើងគឺជាមាសប្រាក់ បើសិនជាមានការប្រមូលទុកដាក់តាមបច្ចេកទេសត្រឹមត្រូវ យ៉ាងហោចណាស់ចំបើងអាចមានតម្លៃក្នុង១ហិចតា ជិត៥០០ដុល្លារ ហើយបើមានការកែច្នៃចេញជាផលិតផលផ្សិត នឹងអាចរកប្រាក់ចំណូលបានច្រើនជាងនោះ។

នៅលើវាលស្រែដែលកសិករច្រូតកាត់រួច ច្បាស់ណាស់ថា ចំបើងត្រូវបានគេបោះបង់ចោល ដោយមិនបានគិតឡើយអំពីតម្លៃនៃសារប្រយោជន៍របស់វា ដោយសារតែការធ្វើកសិកម្មបច្ចុប្បន្ននេះ មិនសូវបានពឹងផ្អែកលើកម្លាំងសត្វពាហនៈ ដូច្នេះហើយ ចំបើងដែលធ្លាប់តែត្រូវបានកសិករប្រមូលទុកដាក់ជាចំណីគោក្របីនោះ ក៏លែងមានតម្រូវការផងដែរ ក៏ប៉ុន្តែអាចចាត់ទុកថា វាចម្លែកខ្លាំងណាស់ ដែលមានកសិករម្នាក់ព្យាយាមប្រមូលយកចំបើងទាំងនោះ ហើយសកម្មភាពទាំងនោះដែរ ត្រូវបានធ្វើឡើងដោយប្រើបច្ចេកទេសគ្រឿងចក្រទៀតផង។
កាលពីរសៀលថ្ងៃទី០៤ ខែធ្នូនេះ លោក សង ស៊ីន អាយុ៣៣ឆ្នាំ ជាកសិកររស់នៅក្នុងសហគមន៍កសិកម្មសំរោងមានជ័យ ឃុំសំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងពេលដែលលោកកំពុងប្រមូលចំបើងនៅតាមវាលស្រែ ក្បែរកសិដ្ឋានរបស់លោកនោះ បានឲ្យដឹងថា លោកប្រមូលចំបើង ដើម្បីអាជីវកម្មរបស់លោក បណ្តុះផ្សិតចំបើង និងចិញ្ចឹមមេគោ។ រយៈពេល២ឆ្នាំមកហើយ ដែលលោកបានចាប់មុខរបរជាអ្នកបណ្តុះផ្សិតចំបើង។ មន្ទីរកសិកម្មខេត្ត និងអង្គការដៃគូផងដែរ បានជួយណែនាំបណ្ដុះបណ្ដាលលើផ្នែកបច្ចេកទេស។មកដល់ពេលនេះ លោកមានរោងបណ្តុះផ្សិតចំបើង២ខ្នង ស្មើនឹង១៨បន្ទប់ ក្នុងមួយបន្ទប់មាន៥គ្រែ និងមួយគ្រែស្មើនឹង៥ថ្នាក់ សរុបទាំងអស់នោះ គឺវាស្មីនឹង ៤៥០ថ្នាក់។

ការបែងចែកឲ្យមានជាបន្ទប់យាំងដូច្នេះ គឺដើម្បីដំណើរការបណ្តុះផ្សិតតាមលំដាប់ថ្ងៃ ប្រដេញគ្នាជាលក្ខណៈវិលជុំ ធានាបានការប្រមូលផលប្រចាំថ្ងៃ គិតជាមធ្យមក្នុងថ្ងៃ ទទួលផលបាន៣០គីឡូក្រាម ហើយតម្លៃរបស់វាក្នុង១គីឡូក្រាមស្មើនឹង ៣ដុល្លារ។ ការគណនាអំពីការលក់ផ្សិតចំបើងបានឲ្យឃើញថា ចំណូលក្នុង១ឆ្នាំ បានជាង៣ម៉ឺនដុល្លារ ក្នុងនោះកាត់ចេញទៅលើការចំណាយផ្សេងៗប្រមាណជា៦០% នៅសល់ប្រាក់ចំណេញប្រមាណជា ១ម៉ឺន៣ពាន់ដុល្លារ។


លោក សង ស៊ីន ឲ្យដឹងទៀតថា ចំបើងទាំងនេះ លោកប្រមូលចេញពីស្រែផលិតស្រូវពូជរបស់លោកប្រមាណជា៣ហិចតា ក្នុងមួយហិចតាអាចប្រមូលចំបើងបានប្រហែលជា៦០០ដុំ ដែលក្នុងមួយដុំមានទម្ងន់១០គីឡូក្រាម។ ដុំរមូរចំបើងទាំងនេះ បើសិនជាមានការទិញលក់ ក៏មានតម្លៃ៣០០០រៀលដែរ ដូច្នេះលើវាលស្រែក្នុងមួយហិចតា បើមិនមានការកែច្នៃចំបើងទាំងនេះទេនោះ គឺវាស្មើនឹងការបោះចោលទឹកប្រាក់យ៉ាងហោចណាស់ក៏ជិត២លានរៀលដែរ បើគិតទូទាំងប្រទេស អាចនិយាយបានថា រាប់ពាន់លានរៀល។


លោកបន្ថែមទៀតថា ក៏ចេញពីផលចំបើងនេះដែរ ឆ្នាំនេះលោកចិញ្ចឹមគោមេបានចំនួន៧ក្បាល ឆ្នាំក្រោយលោកបន្ថែមគោមេឲ្យបាន២០ក្បាល និងគោសាច់៤០ក្បាលទៀត ហើយសំណល់ចេញពីការបណ្តុះផ្សិត និងទទួលបានជីកំប៉ុស ដូច្នោះហើយលោកគ្រោងនឹងដាំបន្លែសុវត្ថិភាពបន្ថែមទៀត ដែលគម្រោងទាំងនេះនឹងត្រូវបានប្រើប្រាស់ទុន ចេញពីការរកប្រាក់ចំណេញ ដែលបានមកពីការបណ្តុះផ្សិតចំបើង៕
អត្ថបទ៖ គឿនវេត
សូមចុចអាន៖ ភាពខុសគ្នារវាងឃ្មុំចិញ្ចឹមនិងឃ្មុំធម្មជាតិ របស់ប្រជាពលរដ្ឋនៅប៉ៃលិន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
មណ្ឌលគិរី! ជន្លង់ម្រេចរបស់កសិករ ត្រូវបានសមត្ថកិច្ចរឹបអូសដោយពុំមានមូលហេតុ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ីព្រមានអ៊ុយក្រែន បើហ៊ានវាយប្រហារថ្ងៃ៩ឧសភា ក្រុងកៀវទំនងមិនអាចរស់ដល់ថ្ងៃ១០ឧសភាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សមត្ថកិច្ចចាត់ទុកការចែកចាយលុយបង្កប់សារប្រឆាំងរដ្ឋជាសកម្មភាពបដិវត្តន៍ព័ណ៌ និងកំពុងចាត់វិធានការ
-
នយោបាយ៥ ថ្ងៃ ago
សម្តេចធិបតី ហួសចិត្តដែលលោកស្រី មួរ សុខហួរ និងបក្ខពួកទៅសុំអឺរ៉ុបដាក់ទណ្ឌកម្ម ខណៈកម្ពុជាកំពុងប្រឈមការដំឡើងពន្ធពីអាមេរិក