ព័ត៌មានជាតិ
លោក កឹម ចំរើន៖ មិនទាន់មានពលករខ្មែរ ធ្វើការនៅថៃណាម្នាក់ ឆ្លងជំងឺកូវីដ១៩នៅឡើយទេ
លោក កឹម ចំរើន ទីប្រឹក្សាទទួលបន្ទុកពលករនៅប្រទេសថៃ បានលើកឡើងនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា រហូតមកដល់ពេលនេះ នៅមិនទាន់មានពលករខ្មែរណាម្នាក់ ដែលកំពុងធ្វើការនិងស្នាក់នៅប្រទេសថៃ មានឆ្លងជំងឺកូវីដ១៩នៅឡើយទេ។
លោកបានបន្តថា ក្នុងចំណោមមនុស្សសរុបចំនួន ៥៤៨ នាក់ដែលឆ្លងជំងឺកូវីដ១៩ ដែលត្រូវបានរកឃើញនៅខេត្តសាមុទ្រសាខននោះ មិនទាន់មានពលករខ្មែរនៅឡើយទេ ភាគច្រើនជាពលករបរទេសផ្សេងទៀត។ លោកបានបន្ថែមថា ក្រសួងសុខាភិបាលថៃ បានធ្វើតេស្តពិនិត្យរកលើមនុស្ស ១.១៤៩ នាក់ រកឃើញមានផ្ទុកជំងឺចំនួន ៥១៦ នាក់ ដោយរថយន្តចល័ត និងរកឃើញចំនួន ៣២ នាក់ នៅក្នុងមន្ទីរពេទ្យ ភាគច្រើនអ្នកឆ្លងមិនមានរោគសញ្ញាអ្វីទេ។ លោកបានបន្ថែមទៀតថា ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ១៩ក្នុងប្រទេសថៃ ខេត្តសាមុទ្រសាខនបានប្រកាសបិទខេត្ត និងដាក់បម្រាមគោចរ និងវិធានការផ្សេងៗដូចខាងក្រោមសម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តសាមុទ្រសាខន ហាមធ្វើដំណើរចេញទៅក្រៅខេត្ត (Lockdown) ចំនួន១៤ថ្ងៃ ចាប់ពីថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២០ រហូតដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។ ហាមឃាត់មិនឲ្យប្រជាពលរដ្ឋចេញពីផ្ទះចាប់ពីម៉ោង ១០យប់ ដល់ម៉ោង៥ភ្លឺ។ ពលករបរទេស ហាមផ្លាស់ទីចេញពីខេត្តសាមុទ្រសាខនជាដាច់ខាត អ្នកបំពាននឹងទទួលទោស និងផាកពិន័យ។ បិទផ្សារបង្គា និងសន្តេវាសិកដ្ឋានស្រ៊ីមឿង ក្នុងរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃទី១៩ ខែធ្នូឆ្នាំ២០២០ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២១។ បិទកន្លែងសាធារណទូទៅ ដូចជាពហុកីឡាដ្ឋាន សៃវៀនប្រដាល់ សាលារៀន កន្លែងថែទាំកូនក្មេង ផ្សារទំនើប។ ល។ ហាងលក់ម្ហូបអាហារនិងភេសជ្ជៈ បើកតែសម្រាប់ទិញខ្ចប់យកទៅផ្ទះ លើកលែងតែមន្ទីរពេទ្យ។ ហាងលក់ទំនិញ កំណត់ម៉ោងបិទចាប់ពី ២២.០០ – ០៥.០០ និងមិនមានមនុស្សច្រើន។ ផ្សារណាត់ និងផ្សារលក់ម្ហូបស្រស់ អាចលក់បានតែរយៈពេល ៦ ម៉ោងប៉ុណ្ណោះ។
លោក កឹម ចំរើន បានអំពាវនាវដល់បងប្អូនពលករខ្មែរនៅប្រទេសថៃ មានការប្រុងប្រយ័ត្នខ្ពស់ ត្រូវពាក់ម៉ាសចៀសវាងការពិន័យ២ម៉ឺនបាត លាងដៃជាមួយសាប៊ូ ឬទឹកជែលអាល់កុល ឲ្យបានញឹកញាប់ សូមថែរក្សាសុខភាពទាំងអស់គ្នា ចៀសវាងកុំទៅកន្លែងមានមនុស្សច្រើន ហើយបើសង្ស័យថា មានអាការៈមិនស្រួលខ្លួន ប្រញាប់ទៅមន្ទីរពេទ្យជិតកន្លែងស្នាក់នៅរបស់បងប្អូន។ តែយ៉ាងណាក៏ដោយ លោកបានណែនាំដល់ពលករខ្មែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ខេត្តមួយចំនួននៃប្រទេស ដែលមានហានិភ័យខ្ពស់ ក្នុងការឆ្លងជំងឺកូវីដ១៩ដូចជាទីក្រុងបាងកក ខេត្តសាមុទ្រសាខន ខេត្តសាមុទ្រប្រាកាន ខេត្តរ៉ាច់បុរី និងខេត្តសុផាន់បុរី។
លោកបានណែនាំដល់បងប្អូនកម្មករ ត្រូវសហការជាមួយអាជ្ញាធរថៃឲ្យបានល្អនិ ងកុំធ្វើការផ្លាស់ទីទៅកន្លែងផ្សេង ដែលបងប្អូនកំពុងធ្វើការឬស្នាក់នៅ ចៀសវាងការចេញក្រៅ កុំធ្វើការជួបជុំមនុស្សច្រើន កុំភ័យស្លន់ស្លោនិងតក់ស្លុតត្រូវជឿជាក់លើរដ្ឋាភិបាលថៃ ព្រោះរដ្ឋាភិបាលថៃអាចមានសមត្ថភាពដោះស្រាយបញ្ហានេះ បានពិសេសកុំចេញទៅប្រទេសកម្ពុជាវិញ ក្នុងចំណាក់កាលនេះ ព្រោះពេលទៅដល់ព្រំដែនវិញបងប្អូន ត្រូវពិនិត្យសុខភាពនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដដែល។
ជាមួយគ្នានេះ លោកអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានបំណងមកធ្វើការដោយខុសច្បាប់នៅប្រទេសថៃសូមផ្អាកជាបណ្តោះអាសន្នសិន ដើម្បីចៀសវាងការចាប់ដាក់គុកឬបញ្ជូនត្រឡប់ទៅប្រទេសវិញ ដោយសារអាជ្ញាតាមព្រំដែនមានការរឹតបន្តឹងខ្លាំងណាស់។ ចំណែកក្រសួងសុខាភិបាល បានប្រកាសឲ្យខេត្តដែលមានព្រំដែនជាប់ប្រទេសថៃ ត្រូវបង្កើនការប្រយ័ត្នខ្ពស់ ក្នុងការឆែកសុខភាពវាស់កម្ដៅនិងបំពេញទម្រង់ប្រកាសសុខភាពចំពោះអ្នកដំណើរឲ្យបានត្រឹមត្រូវជាទីបំផុត និងធ្វើចត្តាឡីស័កអ្នកដំណើរទាំងនោះ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ចូលមកប្រទេសកម្ពុជា។ ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់បងប្អូនពលករខ្មែរ ដែលកំពុងធ្វើការនៅប្រទេសថៃសូមកុំមានភាពតក់ស្លុតនិងភ័យស្លន់ស្លោហួសហេតុទាក់ទិននឹងការណីផ្ទុះជំងឺកូវីដ១៩នៅតំបន់មួយនៃប្រទេសថៃ និងត្រូវមានការជឿជាក់ទៅលើរដ្ឋាភិបាលថៃ។
ទន្ទឹមនឹងនេះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ចេញថវិកាចំនួន៥០លានរៀលក្នុង១ខេត្តបន្ថែមពីលើថវិកា ដែលមានពីមុនរួចហើយ ដើម្បីឲ្យខេត្តមានលទ្ធភាពធ្វើចត្តាឡីស័ក ក្នុងស្ថានភាពធម្មតាដោយមិនអនុញ្ញាតឲ្យពលករខ្មែរណាម្នាក់ចូលក្នុងផ្ទៃប្រទេស ដោយមិនមានការធ្វើត្រួតពិនិត្យសំណាកនិងការធ្វើចត្តាឡីស័ក១៤ថ្ងៃនៅតាមព្រំដែននោះទេ។ លើសពីនេះ សម្តេចតេជោ បានបញ្ជាឲ្យក្រសួងការពារជាតិបញ្ជូនរថយន្តសម្រាប់ដឹកពលករខ្មែរទៅមកខាងក្នុងខេត្ត នៅពេលដែលមានចំនួនពលករចូលមកច្រើននោះនិងបានបញ្ជាឲ្យក្រសួងបញ្ចេញម៉ាសក្រណាត់សម្រាប់ចែកជួនពលករផងដែរ នៅតាមច្រកអូស្មាច់ ច្រកដូងនិងច្រកប៉ោយប៉ែតព្រោះច្រកទ្វារទាំងបីនេះ បើឲ្យចេញចូល។ ក្រៅពីនេះ បិទការចេញចូលទាំងអស់រួមទាំងច្រករបៀងផ្សេងៗទៀត៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ អាជ្ញាធររាជធានី អញ្ជើញប្តីប្រពន្ធ ដែលត្រឡប់មកពីថៃ ទៅធ្វើចត្តាឡីស័ក ក្រោយពីគេចវេះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
សន្តិសុខសង្គម២១ ម៉ោង ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៥ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)