ព័ត៌មានជាតិ
ឆ្នាំ២០២០ CMAC រំដោះផ្ទៃដីចំការមីនសរុបជាង៩,២០០ហិចតា និងរកឃើញគ្រាប់មីនមិនទាន់ផ្ទុះជិត៤ម៉ឺនគ្រាប់
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានឲ្យដឹងថា សម្រាប់រយៈពេញ១ឆ្នាំ២០២០កន្លងទៅ មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បានរំដោះផ្ទៃដីចំការមីនសរុបជាង៩,២០០ហិចតា និងបានរកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៣៩.២៤៩គ្រាប់។

លោក ហេង រតនា បញ្ជាក់ថា ឆ្នាំ២០២០ បានកន្លងផុតទៅ នាំមកនូវលទ្ធផលការងារគ្រប់មុខព្រួញរបស់អង្គភាព CMAC ដែលសម្រេចបានសមិទ្ធផលជោគជ័យគួរឲ្យកត់សម្គាល់ បើទោះបីជាក្នុងស្ថានភាពជំងឺកូវីដ-១៩ បានគំរាមកំហែងដល់សុខភាពសាធារណៈ និងផ្តល់ការលំបាកដល់កិច្ចប្រតិបត្តិការរបស់អង្គភាព CMAC មួយចំនួនក៏ដោយ។ លោកបញ្ជាក់ថា “លទ្ធផលក្នុងឆ្នាំ២០២០ អង្គភាព CMAC បានធ្វើការរំដោះផ្ទៃដីចំការមីន និងចម្ការគ្រាប់សរុបចំនួនជាង៩,២០០ហិចតា ស្មើនឹងប្រមាណ១១៥ភាគរយ នៃផែនការពង្រាយកម្លាំងប្រតិបត្តិការជាក់ស្ដែង។
កិច្ចប្រតិបត្តិការពេញមួយឆ្នាំ២០២០ បានរុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន៣៩.២៤៩គ្រាប់”។

បើតាមលោក ហេង រតនា CMAC ក៏បានធ្វើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ដល់ក្រុមគោលដៅបានចំនួន១៧.៣៦៣លើក ដែលស្មើនឹង៥៥៦.២៨៨ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមចំនួន១.១៧៦.៣១២នាក់ និងគាំទ្រដល់ជនរងគ្រោះដោយសារគ្រាប់មីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ដោយផ្តល់ផ្លូវអភិវឌ្ឍន៍ជនបទ ជំនួយខាងសេដ្ឋកិច្ចសង្គម និងបញ្ចូលក្រមខណ្ឌ និងដាក់មន្ត្រីអង្គភាពឲ្យចូលនិវត្តន៍ចំនួន៤៩២នាក់ ប៉ុន្តែទន្ទឹមនឹងជោគជ័យ ឆ្នាំ២០២០ បាននាំទៅជាមួយនូវបញ្ហាប្រឈម និងបទពិសោធន៍យ៉ាងច្រើនផងដែរ។

សម្រាប់ផែនការឆ្នាំ២០២១ លោក ហេង រតនា បញ្ជាក់ថា អង្គភាព CMAC មានផែនការរំដោះផ្ទៃដីចំការមីន និងចំការគ្រាប់ចំនួនប្រមាណ១១.៣០០ ហិចតា ផែនការនេះអាចរុករក និងកម្ទេចចោលគ្រាប់មិនទាន់ផ្ទុះគ្រប់ប្រភេទចំនួនប្រមាណ៤០.០០០គ្រាប់ ព្រមទាំងត្រូវឆ្លើយតបសំណើសុំអន្ដរាគមន៍បន្ទាន់ៗចំនួន៥.០០០ករណី។ លោកថា ផែនការឆ្នាំ២០២១ ដែលជាផែនការមានលក្ខណៈរស់រវើកផ្អែកលើផែនការយុទ្ធសាស្ដ្ររបស់អង្គភាព ផែនការយុទ្ធសាស្ដ្រជាតិសកម្មភាពមីន ក៏ដូចជាផែនការយុទ្ធសាស្ដ្រថ្នាក់ក្រោមជាតិ ដែលជាកន្សោមអាទិភាពកំណត់គោលដៅក្នុងការរៀបចំផែនការសមាហរណកម្មឆ្នាំ២០២១។

ដើម្បីឆ្លើយតបតំរូវការប្រតិបតិ្តការ លោក ហេង រតនា អះអាងថា អង្គភាពស៊ីម៉ាក់ ចាំបាច់ត្រូវធ្វើកំណែទំរង់ សំដៅពង្រឹងសមត្ថភាពក្រុម សម្ភារ:បំពាក់ មធ្យោបាយដឹកជញ្ជូន និងស្ថានភាពភូមិសាស្ដ្រចំការមីន និងគ្រាប់ផងដែរ។ ក្នុងការរៀបចំយុទ្ធសាស្ត្រ និងយុទ្ធវិធីប្រតិបត្តិការ អង្គភាពស៊ីម៉ាក់ប្រកាន់ទស្សនវិស័យជាមូលដ្ឋានចំនួន២ គឺស្ថានភាពភូមិសាស្ត្រត្រូវប្រតិបត្តិការ និងស្ថានភាពតំរូវការខាងសេដ្ឋកិច្ចសង្គម នៃសហគមន៍រងការគំរាមកំហែង ដោយសារគ្រាប់មីន។
ជាមួយគ្នានោះ ក្នុងនាមថ្នាក់ដឹកនាំ មន្ដ្រី និងបុគ្គលិកអង្គភាព CMAC ទាំងអស់ លោកបានអរគុណប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានគ្រប់ទិសទី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាដៃគូទាំងអស់ទាំងបរទេស និងកម្ពុជា ដែលបានគាំទ្រ និងផ្តល់ការសហការបានល្អក្នុងឆ្នាំ២០២០ ដែលធ្វើឲ្យកម្លាំងសរុបនេះ ក្លាយជាថាមពលសម្រេចបានជោគជ័យជាទីមោទនៈ ទោះបីជាក្នុងបរិបទកូវីដ១៩គំរាមកំហែងក៏ដោយ។

សូមបញ្ជាក់ថា មកដល់ថ្ងៃនេះ កម្ពុជាថ្មីនៅមិនទាន់សុំការបញ្ជាក់បន្ថែមពីលោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា (CMAC) បាននៅឡើយទេ ចំណែករបាយការណ៏ខាងលើនេះ ត្រូវបានអគ្គនាយកធ្វើឡើងនៅលើបណ្តាញហ្វេសប៊ុកផ្លូវការរបស់ខ្លួន។

លោក ហេង រតនា ធ្លាប់បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មានខេត្តណាមួយ ដែលអាចកំណត់បានថា ជាតំបន់ Free គ្មានគ្រាប់មីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះនោះឡើយ ពីព្រោះយើងមិនទាន់មានធនធានគ្រប់គ្រាន់ ដើម្បីរាវរក។ លោកថា អាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ បានស្ថិតនៅរាយប៉ាយ លើផ្ទៃប្រទេស ដែលយើងមិនអាចដឹងថា មាននៅចំណុចណាខ្លះ ពីព្រោះសង្គ្រាមស៊ីវិល យើងមិនបានដឹងទីតាំងច្បាស់លាស់ ហើយកន្លែងដែលយើងដឹងក៏មិនទាន់អាចសន្និដ្ឋានច្បាស់លាស់ថា មានសុវត្ថិភាពដែរ។

បើតាមលោក ហេង រតនា ខេត្តដែលសំបូរដោយគ្រាប់មីន គឺស្ថិតនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ ហើយខេត្តផ្នែកខាងកើត ភាគច្រើន គឺសំបូរទៅដោយគ្រាប់បែកចង្កោម និងគ្រាប់ទម្លាក់ពីយន្តហោះ ដូចជានៅខេត្តព្រៃវែង ស្វាយរៀង រតនគីរី មណ្ឌលគីរី ជាដើម។

ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០១៩ មានជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមចំនួន៦៤.៨៥៥នាក់។ សម្រាប់ឆ្នាំ២០១៩ ប្រទេសកម្ពុជា មានជនរងគ្រោះដោយសារមីន ចំនួន៧៧នាក់ ក្នុងនោះគ្រោះថ្នាក់ដោយសារមីនចំនួន២៣ នាក់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម៥៤ នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨ មានជនរងគ្រោះ ៥៨នាក់ គឺកើនឡើង១៩នាក់ ត្រូវជា៣៣ភាគរយ៕
ដោយ ៖ កោះកែវ

សូមចុចអាន ៖ សមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម សម្រេចផ្តល់មេធាវីរកយុត្តិធម៌ដល់ នៅ ស៊ីនឿន ខណៈសាមីខ្លួនកំពុងនៅក្រៅឃុំ
សូមចុចអាន ៖ បច្ចេកវិទ្យា និងការផ្លាស់ប្តូរសេដ្ឋកិច្ច កំពុងគំរាមយកទីផ្សាររបស់ DHL

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?