កីឡា
សារព័ត៌មានថៃ ចុះផ្សាយព្រោងព្រាតថាមានគ្រូបង្វឹក Pro Licence ខ្លួនមកដឹកនាំក្លិបបាល់ទាត់មួយនៅកម្ពុជា
គិតត្រឹមល្ងាចថ្ងៃពុធ ទី៦ ខែមករា ឆ្នាំ២០២១ នេះមានសារព័ត៌មានថៃ ជាច្រើនបានចេញផ្សាយថាមានគ្រូបង្វឹករបស់ជនជាតិខ្លួន១រូប បានធ្វើដំណើរមកប្រទេសកម្ពុជា ដើម្បីដឹកនាំក្លិបបាល់ទាត់មួយនៅក្នុងរដូវកាលឆ្នាំ២០២១ នេះ។ គ្រូបង្វឹកម្នាក់នោះមានឈ្មោះថា Thongchai Rungreangles កាន់សញ្ញាប័ត្រគ្រូបង្វឹកបាល់ទាត់ UEFA Pro Licence ដែលជាកម្រិតសិក្សាខ្ពស់ជាងគេក្នុងពិភពបាល់ទាត់។

សារព័ត៌មាន siamsport.co.th បានសរសេរចំណងជើងធំៗថា «Coach Daat (ឈ្មោះហៅក្រៅ) ហោះទៅដឹកនាំក្រុមបាល់ទាត់១នៅកម្ពុជា»។ ចំណែកសារព័ត៌មាន thairath វិញបានសរសេរចំណងជើងថា «ការប្រកួតប្រជែងថ្មី Coach Daat ចេញទៅដឹកនាំក្លិបបាល់ទាត់កម្ពុជា»។ ចំពោះសារព័ត៌មាន khaosod វិញសរសេរថា « Coach Daat អតីតគ្រូបង្វឹកក្រុម U16 ថៃ ធ្វើដំណើរទៅដឹកនាំក្រុមបាល់ទាត់នៅលីគកម្ពុជា»។

ដោយឡែកសារព័ត៌មាន dailynews.co.th វិញសរសេរដែរថា៖« Coach Daat បដិសេធក្លិបបាល់ទាត់នៅថៃ តែទៅដឹកនាំក្រុមបាល់ទាត់សំបូរយុវជនមួយនៅកម្ពុជា»។ ងាកទៅសារព័ត៌មាន mgronline វិញបានសរសេរថា «គ្រូបង្វឹកថៃត្រូវប៉ាន់ណាស់ ! Coach Daat ធ្វើដំណើរទៅដឹកនាំក្លិបនៅកម្ពុជា»។ ក្រឡេកមើលសារព័ត៌មាន thaipbs.or.th វិញសរសេរថា៖«លោក Thongchai Rungreangles ទៅដឹកនាំក្លិបធំមួយនៅកម្ពុជា»។

សារព័ត៌មានទាំងអស់របស់ថៃ ខាងលើសុទ្ធតែបានបញ្ជាក់ថា លោក Thongchai Rungreangles បានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាតាមច្រកអាកាសយានដ្ឋានអន្តរជាតិ Suvarnabhumi Airportក្នុងរាជធានីបាងកក មកកាន់រាជធានីភ្នំពេញ នៅថ្ងៃអង្គារ សប្ដាហ៍នេះជាមួយនឹងជំនួយការ២រូបផ្សេងទៀត នោះគឺគ្រូជំនួយផ្នែកកម្លាំង (Fitness Coach) និងគ្រូបង្វឹកអ្នកចាំទី (Goalkeeper Coach)។

ក្លិបបាល់ទាត់នៅកម្ពុជា ដែលសារព័ត៌មានទាំងបញ្ជាក់ថា លោក Daat នឹងដឹកនាំនោះគឺ «ព្រៃវែងអែហ្វស៊ី» សមាជិកក្នុងលីគលំដាប់ទី២ ឆ្នាំ២០២០ នៅកម្ពុជា។ ដោយប្រភពបញ្ជាក់ថា បុរសជនជាតិថៃ រូបនេះបានចុះកិច្ចសន្យាជាមួយក្លិបព្រៃវែង ក្នុងរយៈពេល១ឆ្នាំ ក្នុងផែនការប្រជែងយកជើងឯកលីគទី២ នៅកម្ពុជា និងដណ្តើមកៅអីឡើងទៅលេងលីគកំពូលកម្ពុជា នៅរដូវកាល២០២១ ខាងមុខ។

លោកត្រូវធ្វើចត្តាឡីស័ក ចំនួន១៤ថ្ងៃសិន ទើបអាចចូលរួមដឹកនាំថ្មីមួយនេះ។ យ៉ាងណាក្តីនៅមិនទាន់មានដំណឹងផ្លូវការណាមួយពីក្លិបបាល់ទាត់ព្រៃវែង ពីក្បាលម៉ាស៊ីនថ្មីនេះនៅឡើយនោះទេ។

លោក Daat មានវ័យមិនដល់៣០ឆ្នាំ តែធ្លាប់ធ្វើជាគ្រូជំនួយជម្រើសជាតិថៃវ័យក្រោម១៩ឆ្នាំនៅឆ្នាំ២០១៥ ហើយឆ្នាំ២០១៨លោកកាន់តំណែងជាគ្រូបង្វឹកយុវជនក្លិប Thailand Bangkok Glass ដែលបច្ចុប្បន្ន BG Pathum United ។ ចូលដល់ពាក់កណ្ដាលឆ្នាំ២០១៨ ដល់ចុងឆ្នាំ ២០១៩ លោកកាន់តំណែងគ្រូបង្វឹកជម្រើសជាតិថៃវ័យក្រោម១៦ឆ្នាំលេងក្នុងពានរង្វាន់ 2018 AFF U-16 Youth Championship ដែលឈ្នះជើងឯករង និងពាន 2018 AFC U-16 Championship ឡើងទៅវគ្គចែកពូល។ ដោយសារបទពិសោធន៍ច្រើនក្នុងក្រុមយុវជននេះហើយទើបលោក សម្រេចចិត្តចោលក្លិបនៅថៃ មកដឹកនាំក្រុមព្រៃវែង ដែលសំបូរយុវជនដែរ។
លោក Thongchai Rungreangles ជាគ្រូបង្វឹកទី៣ ហើយដែលដឹកនាំក្រុមផ្លូវការនៅកម្ពុជា បន្ទាប់ពីលោក Ekapob Potisai កំពុងដឹកនាំក្លិបគីរីវង់សុខសែនជ័យ ដែលមានមូលដ្ឋាននៅខេត្តតាកែវ និងលោក Apisit Im Amphai ដឹកនាំក្រុមបឹងកេត ហើយបច្ចុប្បន្នផ្លាស់ទៅដឹកនាំក្រុមកោះកុងអេហ្វស៊ីសមាជិកក្នុងលីគទី២កម្ពុជា ដែរ៕
ដោយ ៖ ម៉េង ហួរ




-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ