ក្នុងនាមជាឪពុកម្ដាយ យើងប្រហែលជាមានកំហុសនៅចំណុចខ្លះ ចំពោះកូនៗ ដោយចេតនាឬអចេតនា តែគ្រប់យ៉ាង សុទ្ធតែចង់ឲ្យតែកូនៗល្អទាំងអស់។
នេះជាវិធីមួយ ដែលក្នុងនាមយើងជាឪពុកម្ដាយ អាចរៀបចំឲ្យកូនៗប្រឈមមុខនឹងការប្រកួតប្រជែងដោយខ្លួនឯង នៅពេលកូនចូលក្នុងពិភពពិត របស់ពួកគេ ៖
១. ចូលរួមធ្វើជាហ្គេមលេងតាមកម្រិតរបស់កូន
ប្រសិនបើឃើញកូន កំពុងតែព្យាយាមលើរឿងអ្វីមួយ ហើយអ្នកឃាត់ពីគោលបំណងរបស់ពួកគេ នោះអារម្មណ៍បរាជ័យ អាចនឹងជះឥទ្ធិពលលើកូននៅពេលក្រោយ។
ក្នុងហ្គេមនេះ យើងត្រូវប្រកួតប្រជែងជាមួយកូន កុំដើរចេញពីពួកគេឲ្យសោះ។ ប៉ុន្តែត្រូវប្រកួតប្រជែងនៅកម្រិត ដែលក្មេងកំពុងលេង។
២. អនុញ្ញាតឲ្យពួកគេរៀនបាត់បង់
គ្មាននរណាម្នាក់ចូលចិត្តបាត់បង់អ្វីមួយឡើយ សូម្បីតែមនុស្សពេញវ័យ។ ដូច្នេះការងាររបស់យើង គឺដើម្បីរៀបចំពួកគេសម្រាប់ពិភពពិត ដែលពួកគេត្រូវការ ដើម្បីត្រៀមប្រឈមមុខ នឹងការបរាជ័យ និងរៀនដោះស្រាយវាទៅថ្ងៃមុខ។
៣. និយាយអំពីបញ្ហា
វាជារឿងធម្មតាទេ បើយើងមានអារម្មណ៍តានតឹងឬខឹង ប្រសិនបើយើងខកខានបានធ្វើអ្វីមួយ។ ដូចគ្នានេះដែរ នៅពេលកូនរបស់យើងមានអារម្មណ៍មិនល្អ សូមអនុញ្ញាតឲ្យកូនបង្ហាញអារម្មណ៍របស់ខ្លួន នៅកន្លែងស្ងាត់ណាមួយ ហើយប្រាប់កូនថា មិនអីទេ ឱកាសតែងតែមាននៅពេលក្រោយទៀត។
៤. លើកទឹកចិត្តកូនឱ្យឆ្លុះបញ្ចាំងពីជីវិតពិតពួកគេ
ពេលខ្លះមិនមែនចម្លើយទាំងអស់ នៅក្នុងជីវិតគឺងាយស្រួលឡើយ ។ គ្រប់យ៉ាងត្រូវការការសាកល្បងនិងកំហុស ដើម្បីរកវិធីធ្វើឲ្យប្រសើរ ហើយយើងច្រើនតែរៀនពីការធ្វើដំណើរ ជាជាងលទ្ធផលចុងក្រោយ ឬគោលដៅ។
បើកូនបរាជ័យនៅអ្វីមួយ ជំនួសឲ្យការប្រាប់ពួកគេពីអ្វីដែលត្រូវធ្វើ សូមសួរពួកគេ ពីអ្វីដែលពួកគេគិតថា អាចធ្វើបានដើម្បីកែលំអ។
៥. ផ្ដោតលើការខិតខំ
ប្រាប់កូនថា មិនថាលទ្ធផលនឹងទៅជាយ៉ាងណាទេ ពួកគេគួរតែខិតខំឱ្យអស់ពីសមត្ថភាព។ គ្រប់ស្ថានភាពទាំងអស់នៅក្នុងជីវិត នឹងត្រូវការភាពធន់ និងការតស៊ូដើម្បីឆ្លងកាត់។
៦. ចូរបង្រៀនកូនឲ្យក្លាយជាអ្នកឈ្នះដ៏សប្បុរស
ការឈ្នះមានអារម្មណ៍អស្ចារ្យ ប៉ុន្តែឪពុកម្ដាយគួរតែធ្វើឲ្យកូនបានដឹងពីអារម្មណ៍ របស់អ្នកចាញ់ដូចគ្នា។ បង្រៀនពួកគេឲ្យគោរពអារម្មណ៍របស់គូប្រជែងរបស់ពួកគេ ហើយត្រូវមានចិត្តទន់ភ្លន់ និងសប្បុរសចំពោះជោគជ័យដែលកូនទទួលបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា
ចុចអាន៖ឆាកជីវិត ដែលរៀបចំមិនបានល្អច្រើនកើតមានព្រោះតែគំនិតបីយ៉ាងនេះ